មីយ៉ាន់ម៉ាត្រូវតែបញ្ចប់ «របបអាផាថេត» ដែលជារបបប្រកាន់ពូជសាសន៍ ដែលបានធ្វើឲ្យក្រុមគ្រួសារជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមរាប់ពាន់នាក់ ស្ថិតនៅក្នុងជំរំសម្រាប់មនុស្សគ្មានទីលំនៅ អស់រយៈពេល ៨ ឆ្នាំ។
ការរស់នៅដោយគ្មានទីលំនៅរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានកើតឡើង បន្ទាប់ពីការប៉ះទង្គិចដ៏ប្រល័យក្នុងសហគមន៍នានានៅទូទាំងតំបន់ភាគខាងលិចជាយប្រទេសមីយ៉ាន់ម៉ា ដែលមានពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនរស់នៅទីនោះ។ នេះតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលបានបញ្ជាក់ក្នុងរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ការចាប់អារម្មណ៍របស់អន្តរជាតិលើជនជាតិរ៉ូហ៊ីងយ៉ាបានផ្តោតភាគច្រើនលើជំរំជនភៀសខ្លួន ដែលបានលាតសន្ធឹងយ៉ាងវែងនៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង ចាប់តាំងពីការបង្ក្រាបឆ្នាំ ២០១៧ ដោយប៉ូលិសនិងយោធាមីយ៉ាន់ម៉ា នៅក្នុងរដ្ឋ Rakhine។
ការបង្ក្រាបទាំងនោះបានធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៧ សែននាក់ រត់គេចខ្លួនឆ្លងកាត់ព្រំដែន។អង្គការសហប្រជាជាតិបានហៅយុទ្ធនាការលួចដុតផ្ទះ ចាប់រំលោភ និងឃាតកម្មនេះ ថាជាការលុបបំបាត់ខាងជាតិសាសន៍។ ក្រុមអង្គការសិទ្ធិមនុស្សបានហៅយុទ្ធនាការនេះថា ជាអំពើប្រល័យពូជសាសន៍។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធការអះអាងទាំងនេះ។
តួលេខរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ១ សែន ៣ ម៉ឺននាក់ត្រូវបានគេមិនអើពើ ខណៈស្ថិតនៅក្នុងការបង្ខាំងនៅក្នុងជំរំដែលបិទជិត និងមានឆ្មាំការពារ នៅក្នុងរដ្ឋ Rakhine ចាប់តាំងពីឆ្នាំ ២០១២ មក នៅពេលដែលការប្រព្រឹត្តអំពើហិង្សាជាបន្តបន្ទាប់រវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងតំបន់នោះ បានបណ្តេញពួកគេចេញពីផ្ទះសម្បែង។ ប្រហែលពាក់កណ្តាលនៃជនជាតិភាគតិចរូហ៊ីងយ៉ានៅក្នុងជំរំនោះ ជាកូនក្មេង។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ថា ស្ថានភាពនៅក្នុងជំរំទាំងនោះ កំពុងកាន់តែអាក្រក់ឡើងៗ ហើយថា ការខំប្រឹងប្រែងកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាល ដើម្បីបិទជំរំទាំងនោះ ធ្វើឲ្យមានហានិភ័យដោយការធ្វើឲ្យឋានៈភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ា ក្លាយជាជនមានវណ្ណៈទាបដែលនៅដាច់ពីគេ។
ក្រុមអង្គការសិទ្ធិមនុស្ស បានសម្ភាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៣០ នាក់ដែលរស់នៅក្នុងជំរំទាំងនោះ ឬដែលបានរត់គេចខ្លួនចេញពីជំរំទាំងនោះ នៅពេលដែលបុគ្គលិកផ្តល់ជំនួយនិងអ្នកតស៊ូមតិជាច្រើន បានផ្តល់របាយការណ៍នោះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានច្រានចោលការអះអាងរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយចាត់ទុកពួកគេជាជនចំណាកស្រុកខុសច្បាប់ មកពីប្រទេសបង់ក្លាដែស ថ្វីបើពួកគេមានឫសគល់នៅក្នុងរដ្ឋ Rakhine រាប់ជំនាន់មកហើយក៏ដោយ។ ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនផ្តល់សញ្ជាតិដល់ពួកគេ ប្រសិនបើពួកគេមិនបោះបង់ចោលការអះអាងនោះ៕