ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទារក​រ៉ូហ៊ីងយ៉ា​៤៨.០០០នាក់​ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ចង្អៀត​ណែន​ក្នុង​ឆ្នាំ​២០១៨


កុមារ​ជន​អំបូរ​រ៉ូហ៊ីង​យ៉ា​​កំពុង​យំ​នៅ​ឯ​ជំរំ​ជន​ភៀស​ខ្លួន Balukhali នៅ​ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។
កុមារ​ជន​អំបូរ​រ៉ូហ៊ីង​យ៉ា​​កំពុង​យំ​នៅ​ឯ​ជំរំ​ជន​ភៀស​ខ្លួន Balukhali នៅ​ជិត​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

អង្គការ​សប្បុរសធម៌​មួយ​បាន​ព្រមាន​ថា ​ទារកជន​ជាតិ​រ៉ូហ៊ីងយ៉ាង​ ដែល​កើត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​និង​កន្លែង​រស់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ឆ្នាំ​នេះ​ «ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​ដែល​ពួក​គេ​បាន​កើត​មក​នឹង​មាន​ការ​ប្រថុយ​ប្រថាន​ខ្លាំង​ឡើងៗ​ថា​នឹង​មានជំងឺ​ មាន​ការ​ខ្វះ​ខាត​អាហារូបត្ថម្ភ​ហើយ​នឹង​ស្លាប់​នៅ​មុន​មាន​អាយុ៥ឆ្នាំ»។

អ្នកស្រី​ Rachael Cummings ​ទីប្រឹក្សា​ខាង​សុខាភិបាល​នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children)​ បាន​និយាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា «ជំរំ​ទាំង​នេះ​គ្មាន​អនាម័យ​ទេ​ហើយ​ជា​កន្លែង​នាំ​ឱ្យ​មាន​ជំងឺ​នានា​ដូចជា​រាករូស, កញ្ជ្រិល​និង​ជំងឺ​អាសន្ន​រោគ​ជាដើម​ដែល​នាំ​ឱ្យ​ពួក​ទារក​ទើប​កើត​អាច​រង​គ្រោះ​បាន​ដោយ​ងាយ។​ នេះ​មិន​មែន​ជា​កន្លែង​សម្រាប់​ឱ្យ​ក្មេង​ម្នាក់​កើត​ទេ»។ អ្នកស្រី​ Cummings ​បានថ្លែង​ថា​ស្ថានភាព​នៃ​ការ​រស់​នៅ​របស់​ពួក​កុមារ​ទាំង​នេះ​ជា​ការ​ធ្វើ​ឱ្យ​ឈឺ​ចាប់​ក្នុង​ចិត្ត។

អង្គការ​សប្បុរសធម៌​នេះ​បាន​និយាយ​ថា​ គេ​រំពឹង​ថាពួកទារក​រ៉ូហ៊ីងយ៉ា​ ជាង​៤ម៉ឺន​៨ពាន់​នាក់​នឹង​កើត​ក្នុង​ប្រទេស​បង់ក្លាដែស​ ក្នុង​ឆ្នាំ​នេះ។​

កាលពី​ខែ​មុន​ ការ​ស្ទង់​ប្រមាណ​មួយ​ដោយ​អង្គការ​ UNICEF​ បាន​លាត​ត្រដាង​ឱ្យ​ដឹង​ថា​ ចំនួន​២៥​ភាគ​រយ​នៃ​ក្រុម​កុមារ​អាយុ​តិច​ជាង​៥ឆ្នាំ​នៅ​ក្នុង​ជំរំ​នានា​ក្នុង​តំបន់​ Cox's Bazar​ នៃ​ប្រទេស​បង់ក្លាដែស​ មាន​បញ្ហា​ខ្វះ​ខាត​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ហើយ​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​ក្រុម​កុមារ​ទាំង​នេះ​មាន​ជំងឺ​ខ្វះ​ឈាម​ក្រហម។​ចំនួន​៤០​ភាគ​រយ​នៃ​ពួក​ក្មេង​ទាំង​នេះ​មាន​ជំងឺ​រាករូស​និង​៦០​ភាគ​រយ​មាន​ជំងឺ​រលាក​បំពង់​ដក​ដង្ហើម​យ៉ាង​ធ្ងន់​ធ្ងរ។​

អ្នកស្រី​ Cummings ​បាន​និយាយ​ថា​ សេចក្តី​ត្រូវ​ការ​នៅ​ក្នុង​ជំរំ​ទាំង​នេះ​មាន​ច្រើន​លើស​លប់៕

XS
SM
MD
LG