ដំណើរការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមត្រឡប់ទៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ដែលបានព្រមព្រៀងថានឹងចាប់ផ្តើមដំណើរការនៅថ្ងៃអង្គារនេះ ត្រូវបានពន្យារពេលហើយ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការបញ្ជូននេះត្រូវចាប់ផ្តើមនៅពេលណានោះទេ។
ប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស នាពេលថ្មីៗនេះ បានបញ្ចប់កិច្ចព្រមព្រៀងអនុញ្ញាតឲ្យជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរាប់សែននាក់ ដែលបានភៀសខ្លួនចេញពីការបង្ក្រាបយ៉ាងឃោឃៅដោយក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមផ្តល់ជំនួយ និងជនជាតិរ៉ូហ៊ីងយ៉ាបារម្ភថា ជនភៀសខ្លួននឹងត្រូវគេបង្ខំឲ្យត្រឡប់ទៅកាន់ទីតាំងដែលពួកគេបានភៀសខ្លួនចេញកាលពីប៉ុន្មានខែមុននេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International ដែលធ្លាប់បានថ្កោលទោសលើកិច្ចព្រមព្រៀងនោះ បានហៅការសម្រេចចិត្តរបស់រដ្ឋាភិបាលបង់ក្លាដែស ដែលពន្យារពេលដល់ការធ្វើដំណើរបញ្ជូនជនទាំងនោះចូលក្នុងប្រទេសមីយ៉ាន់ម៉ាវិញនោះ ថាជា«ការសង្គ្រោះជីវិតដល់ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះដែលកំពុងតែរស់នៅក្នុងប្រទេសបង់ក្លាដែស» ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ Amnesty International បានឲ្យដឹងថា «កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីសប្តាហ៍មុន អាចធ្វើឲ្យសុវត្ថិភាព និងសិទ្ធិរបស់ជនរ៉ូហ៊ីងយ៉ាជាង៦សែននាក់ ដែលបានភៀសខ្លួនពីការបង្ក្រាបយ៉ាងឃោរឃៅដោយក្រុមសន្តិសុខកាលពីឆ្នាំមុន ឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។
ជនភៀសខ្លួនភាគច្រើន គ្មានបំណងចង់វិលត្រឡប់ចូលក្នុងប្រទេសមីយ៉ាន់ម៉ាវិញទេ។
សហគមន៍ជនជាតិរ៉ូហ៊ីងយ៉ាទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេដុតបំផ្លាញចោលគ្មានសល់។ ជាងនេះទៅទៀត ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានប្រាប់បុគ្គលិកអង្គការសិទ្ធិមនុស្សថា ការធ្វើទុក្ខបុកម្មេញដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា រួមមាន ការបាញ់រះ ការចាប់រំលោភ និងការដុតបំផ្លាញផ្ទះនិងភូមិរបស់ពួកគេជាដើម៕