ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិមួយចំនួន កំពុងស្នើសុំជំនួយជាបន្ទាន់ចំនួន ៨៧៧ លានដុល្លារដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៨៥ម៉ឺន ៥ពាន់ នាក់ ដែលពួកគេភាគច្រើនរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីបីឆ្នាំមុន ហើយប្រជាជនបង់ក្លាដែសដែលងាយរងគ្រោះជាង ៤៤ម៉ឺន ៤ពាន់នាក់ ជាអ្នកផ្ដល់ទីជម្រកដល់ជនភៀសខ្លួនទាំងនោះ។
ជាងពាក់កណ្ដាលនៃប្រាក់ជំនួយ ចំនួន ៨៧៧ លានដុល្លារ ដែលទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនានាកំពុងស្នើសុំ នឹងត្រូវផ្ដល់ទៅលើសេវាកម្មសំខាន់ៗរួមមានស្បៀងអាហារ ទីជម្រក ទឹកស្អាត និងអនាម័យជាដើម។ ហើយទឹកប្រាក់ដែលនៅសល់នឹងត្រូវបានប្រើប្រាស់ក្នុងផ្នែកសុខាភិបាល សន្តិសុខ អប់រំ ការគ្រប់គ្រង ថាមពល និងតម្រូវការបរិស្ថាន។
លោក Shahriar Alam នៃក្រសួងការបរទេសរបស់បង់ក្លាដែសបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្វាគមន៍ជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងពេលពួកគេត្រូវការជំនួយបំផុត។ ប៉ុន្តែលោកទទួលស្គាល់ថាវត្តមានរបស់ពួកគេក៏បង្កឲ្យមានបញ្ហាប្រឈមជាច្រើនផងដែរ ហើយដំណោះស្រាយនៃវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នៅពេលដែលអាចទៅរួច។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការណ៍នេះទំនងជាមិនអាចកើតឡើងនោះទេ បើសិនជាគ្មានការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។
លោក ALAM បានថ្លែងថា៖
« យើងរំពឹងថា បណ្ដាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិនឹងចូលរួមក្នុងកិច្ចការនេះឲ្យបានច្រើនជាងមុន ក៏ដូចជាធ្វើអ្វីដែលអាចធ្វើបាន ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យទទួលយកពលរដ្ឋរបស់ពួកគេត្រឡប់ទៅវិញ នៅក្នុងលក្ខខណ្ឌជាការធ្វើមាតុភូមិនិវត្តន៍ដែលមានសុវត្ថិភាព ដោយការស្ម័គ្រចិត្ត និងសេចក្ដីថ្ងៃថ្នូរ»។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនយល់ស្របថា ប្រទេសបង់ក្លាដែសសមនឹងទទួលបានការគាំទ្រសម្រាប់ការផ្ដល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជិតមួយលាននាក់។ លោកសោកស្ដាយចំពោះការយកចិត្តទុកលក្ខណៈអំពិលអំពែកពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសហគមន៍អន្តរជាតិ ដែលផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីវិបត្តិមួយ ទៅវិបត្តិមួយទៀតលឿនពេក។
លោកបាននិយាយថា ជាលទ្ធផល វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវបានគេបំភ្លេចចោលមួយភាគធំ។ លោក Grandi យល់ស្របជាមួយរដ្ឋាភិបាលបង់ក្លាដែសថា ដំណោះស្រាយបញ្ហានេះ មានតែប្រទេសមីយ៉ាន់ម៉ាទេ ទើបអាចដោះស្រាយបាន។
លោក Grandi បាននិយាយថា៖ «បញ្ហាគឺនៅត្រង់ថា រឿងដែលត្រូវធ្វើនៅទៅនោះដើម្បី បង្កើតលក្ខខណ្ឌសម្រាប់ជនភៀសខ្លួនត្រឡប់ពីប្រទេសបង់ក្លាដែស មកមីយ៉ាន់ម៉ាវិញ ដូចជាការផ្ដល់សេរីភាពធ្វើដំណើរ និងការអនុញ្ញាតឲ្យអ្នកទាំងនោះវិលត្រឡប់ទៅកាន់ជំរំជនភៀសខ្លួនក្នុងរដ្ឋ Rakhine វិញ មានភាពយឺតយ៉ាវខ្លាំងពេក ឬមិនទាន់កើតឡើងនៅឡើយ»។
លោក Grandi និយាយថា អ្នកដែលត្រឡប់មកវិញ គួរតែមានសិទ្ធិទទួលបានផ្ទះសម្បែងដីធ្លី និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ ក៏ដូចជាទទួលបានការអប់រំ និងបណ្ដុះបណ្ដាលដែលពួកគេត្រូវការ ដើម្បីទទួលបានការងារធ្វើ។ ប៉ុន្តែលោកបន្ថែមថា ជំហានដែលមានសារៈសំខាន់បំផុតនោះគឺ ការបើកផ្លូវឲ្យពួកគេមានសិទ្ធិទទួលបានសញ្ជាតិ។
ពលរដ្ឋរ៉ូហ៊ីងយ៉ា ដែលបានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាច្រើនជំនាន់មកហើយ ត្រូវបានគេដកហូតយកសញ្ជាតិវិញកាលពីឆ្នាំ ១៩៨២៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា