ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​យុត្តិធម៌​អន្តរជាតិ​បញ្ជា​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ទប់​ស្កាត់​សកម្មភាព​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគ​តិច​​ររ៉ូហ៊ីងយ៉ា


ក្រុម​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា កំពុង​មើល​ការ​ជម្រះ​ក្ដី​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ។
ក្រុម​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា កំពុង​មើល​ការ​ជម្រះ​ក្ដី​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជា​ឱ្យ​ប្រទេស​ភូមា​ឬ​មីយ៉ាន់ម៉ា ចាត់​វិធាន​ការ​គ្រប់​បែប​យ៉ាង​តាម​អំណាច​របស់​ខ្លួន ​ដើម្បី​ទប់​ស្កាត់​រាល់​សកម្មភាព​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដោយសារ​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​២០១៧។​

សេចក្តី​សម្រេច​របស់​តុលាការ​កាលពី​ថ្ងៃព្រហស្បតិ៍​នៅ​ទីក្រុង​ឡាអេ​ធ្វើ​ឡើង​ជាការ​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ដែល​បាន​ដាក់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយ​ប្រទេស​ហ្គំប៊ី​នៅ​អាហ្វ្រិក​ខាង​លិច​តំណាង​ឲ្យ​អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាម​ដែល​មាន​៥៧​ប្រទេស​ ប្រឆាំង​នឹង​ប្រទេស​ភូមា​ដោយ​ចោទ​ប្រកាន់​ថា ​ប្រទេស​នេះ​បាន​រំលោភ​លើ​អនុសញ្ញា​ឆ្នាំ​១៩៤៨​ស្តី​ពីអំពើ​ប្រល័យ​ពូជ​សាសន៍។​

ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧​សែន​នាក់​បាន​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​បង់ក្លាដែស​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧​ ដើម្បី​គេច​ចេញ​ពី​យុទ្ធនាការ​កម្ទេចដុត​បំផ្លាញ​ដោយ​យោធា​ភូមា។ ​រដ្ឋាភិបាល​ភូមា​បាន​និយាយ​ថា ​ខ្លួន​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​លើ​ប៉ុស្តិ៍​សន្តិសុខ​នៅ​ភាគ​ពាយព្យ​នៃ​រដ្ឋ ​Rakhine។​

ការ​ស៊ើប​អង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សន្និដ្ឋាន​ថា ​យុទ្ធនាការ​នេះ​ត្រូវ​បាន​អនុវត្ត​ «ដោយ​មាន​ចេតនា​ប្រល័យ​ពូជ​សាសន៍»។ ការ​ស៊ើប​អង្កេត​ផ្អែក​លើ​កំណត់​ហេតុ​ពី​អ្នក​រួច​ជីវិត​ពី​ការ​សម្លាប់​រង្គាល​ ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ​ការ​រំលោភ​បូក ​និង​ការ​ដុត​ភូមិ​ទាំង​មូល។​

នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន ​Kutupalong ​ដ៏​ធំមួយ​នៅភាគ​អាគ្នេយ៍​នៃ​ស្រុក ​Cox's Bazar ​ប្រទេស​បង់ក្លាដែស​ ​សម្រែក​ហ៊ោ​កញ្ជ្រៀវ​បាន​ផ្ទុះ​ឡើង ​នៅ​ពេល​ដំណឹង​អំពី​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ជំរំ។ ​ជនភៀស​ខ្លួន​ភូមា​បាន​កោត​សរសើរ​ប្រទេស​ហ្គាំប៊ី​និង​សហគមន៍​អន្ដរជាតិ​ដែល​យក​រឿង​នេះ​ទៅ​ប្តឹង​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ៕​

XS
SM
MD
LG