មេដឹកនាំប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានដឹកនាំក្រុមមេធាវីនៃប្រទេសមីយ៉ាន់ម៉ានៅឯតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលថា ប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍លើជាតិសាសន៍ Rohingya កាន់សាសនាឥស្លាម។
អ្នកស្រី Aung San Suu Kyi ដែលជាជ័យលាភីណូបែលសន្តិភាព បានឈរនៅពីមុខតុលាការរបស់អង្គការសហប្រជាជាតិនេះនៅថ្ងៃពុធនេះ និងបានបញ្ជាក់ឡើងវិញអំពីការអះអាងរបស់រដ្ឋាភិបាលអ្នកស្រីដែលថា ពួកយោធាមានបំណងសំដៅវាយប្រហារលើពួកសកម្មប្រយុទ្ធ Rohingya ដោយសារតែពួកសកម្មប្រយុទ្ធនេះបានវាយប្រហារលើប៉ុស្តិ៍សន្តិសុខមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine កាលពីខែសីហា ឆ្នាំ ២០១៧។ ជាតិសាសន៍ Rohingya ជាង ៧ សែននាក់បានរត់គេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចពីយុទ្ធនាការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានេះ។
អ្នកស្រី Suu Kyi បង្ហាញខ្លួននៅពីមុខតុលាការនេះក្នុងតួនាទីផ្លូវការរបស់អ្នកស្រីជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។
សវនាការនេះបានធ្វើឡើងផ្អែកលើពាក្យបណ្ដឹងដែលប្ដឹងដោយប្រទេសហ្គំប៊ី ដែលជាប្រទេសដ៏តូចមួយនៅទ្វីបអាហ្វ្រិក តំណាងឲ្យអង្គការកិច្ចសហប្រតិបត្តិការឥស្លាមដែលមានប្រទេសចំនួន ៥៧ ជាសមាជិក។ ប្រទេសហ្គំប៊ីបានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាថាបានរំលោភលើអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨។
នៅក្នុងសវនាការបើករបស់តុលាការកាលពីថ្ងៃអង្គារម្សិលមិញ ក្រុមមេធាវីតំណាងឲ្យប្រទេសហ្គំប៊ីបានរៀបរាប់ឡើងវិញអំពីទង្វើឃោរឃៅមួយចំនួនដែលប្រព្រឹត្តិដោយយោធាមីយ៉ាន់ម៉ានៅក្នុងអំឡុងពេលនៃការបង្ក្រាបរបស់ពួកគេ។
នៅក្នុងសវនាការបើកនោះដែរ អ្នកស្រី Suu Kyi បានហៅការចោទប្រកាន់នេះថា «នាំឲ្យមានការយល់ខុស»៕