ក្រុមបះបោរ Rohingya នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នារយៈពេលមួយខែ ដែលចាប់ផ្ដើមពីថ្ងៃអាទិត្យនេះតទៅ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅជួយអ្នកដែលរងគ្រោះដោយសារជម្លោះនេះ។
ពួកបះបោរ Rohingya មកពីក្រុម Arakan Rohingya Salvation Army បានធ្វើការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសរាប់សិបកន្លែង និងមូលដ្ឋានយោធាមួយកន្លែងកាលពីចុងខែមុន ដែលការវាយប្រហារនេះបានបណ្ដាលឲ្យមនុស្សជាង ៣ សែននាក់ គេចចេញពីផ្ទះសម្បែង។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបះបោរ Rohingya បានអំពាវនាវឲ្យអង្គការជំនួយមនុស្សធម៌នានាធ្វើការផ្ដល់ជំនួយដល់ជនរងគ្រោះនៃវិបត្តិមនុស្សធម៌នេះឡើងវិញ ដោយមិនប្រកាន់ជាតិសាសន៍ ឬសាសនាអ្វីឡើយ ក្នុងអំឡុងពេលនៃការឈប់វាយប្រហារគ្នារយៈពេលមួយខែនេះ។
ការប្រកាសអំពីកិច្ចឈប់វាយប្រយុទ្ធគ្នានេះ បានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានរំឭករដ្ឋាភិបាលមីយ៉ាន់ម៉ាថា ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សានៅក្នុងរដ្ឋ Rakhine ភាគពាយព្យប្រទេសមីយ៉ាន់ម៉ាក៏ដោយ ក៏ត្រូវតែមានការអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅជួយជនរងគ្រោះជាដាច់ខាត។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនកំពុងផ្ដោតយ៉ាងខ្លាំងលើការស្ដារឡើងវិញនូវការបញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ហើយខ្លួនក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរពាក់ព័ន្ធទៅនឹងការលើកឡើងជាបន្តបន្ទាប់អំពីការធ្វើទុក្ខបុកម្នេញនានាដែលកើតឡើងនៅក្នុងតំបន់នោះ៕