រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោក Robert Mueller បានយល់ព្រមផ្ដល់សក្ខីកម្មជាសាធារណៈមួយនៅពីមុខគណៈកម្មាធិការតុលាការ និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភានៅខែក្រោយ។
លោក Jerrold Nadler និងលោក Adam Schiff ដែលជាប្រធាននៃគណៈកម្មាធិការទាំងពីរនេះ បានប្រកាសនៅក្នុងលិខិតមួយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថា លោក Mueller និងបង្ហាញខ្លួននៅថ្ងៃទី ១៧ ខែកក្កដា ខាងមុខនេះ ហើយលោកទាំងពីរ និងពលរដ្ឋអាមេរិកាំងទាំងអស់ទន្ទឹងរង់ចាំស្ដាប់ការផ្ដល់សក្ខីកម្មរបស់លោក Mueller។
លោក Mueller បានដឹកនាំការស៊ើបអង្កេតរយៈពេលជិតពីរឆ្នាំអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងអំពីការចោទប្រកាន់ដែលថា លោកប្រធានាធិបតី Donald Trump រារាំងដំណើរការយុត្តិធម៌ ដោយព្យាយាមបំបិទការស៊ើបអង្កេតនេះ។
លោក Mueller បានចេញរបាយការណ៍មួយ ដែលច្បាប់កែសម្រួលហើយនៃរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីខែមេសា។ របាយការណ៍នេះសន្និដ្ឋានថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មិនបានឃុបឃិតជាមួយនឹងរុស្ស៊ីនៅក្នុងអំឡុងពេលបោះឆ្នោតនោះទេ ប៉ុន្តែរបាយការណ៍នេះមិនបានធ្វើការសន្និដ្ឋានអំពីសំណួរទាក់ទិននឹងការរារាំងរបស់លោក Trump ចំពោះដំណើរការស៊ើបអង្កេតនេះ។
កន្លងមក លោក Trump បានរិះគន់ខ្លាំងៗលើដំណើរការស៊ើបអង្កេតនេះ ដោយហៅការស៊ើបអង្កេតនេះម្ដងហើយម្ដងទៀតថាជា «ការតាមព្យាបាទ» លើរូបលោក។
បន្ទាប់ពីមានការប្រកាសថាលោក Mueller ត្រៀមចូលផ្ដល់សក្ខីកម្មនៅខែក្រោយ លោក Trump បានមានប្រតិកម្មភ្លាមៗ ដោយលោកសរសេរនៅលើ Twitter ថា នេះគឺជា «ការយាយីលើប្រធានាធិបតី!»៕