រដ្ឋអាជ្ញាពិសេសលោក Robert Mueller និយាយថា ការចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពីការរារាំងយុត្តិធម៌មិនមែនជាជម្រើស ដែលការិយាល័យរបស់លោក អាចពិចារណានៅក្នុងគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌នោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកអំពីការស៊ើបអង្កេតរយៈពេល ២២ខែនៅក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦។
ដោយពន្យល់ការសម្រេចរបស់លោកមិនផ្តល់អនុសាសន៍ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងប្រធានាធិបតីត្រាំ ថ្វីបើបានរកឃើញពីការរារាំងយុត្តិធម៌រាប់សិបក៏ដោយ លោក Mueller បានលើកហេតុផលកាលពីថ្ងៃពុធពីជំហតាមផ្លូវច្បាប់យូរយារណាស់មកហើយរបស់ក្រសួងយុត្តិធម៌ថា ប្រធានាធិបតីកំពុងកាន់ដំណែងមិនអាចត្រូវគេប្តឹងចោទប្រកាន់បានទេ។
ទោះជាយ៉ាងណាក៏ដោយ លោក Muellerបាននិយាយថា ខណៈដែលពួកអ្នកស៊ើបអង្កេតរបស់លោកបានរកឃើញភស្តុតាងមិនគ្រប់គ្រាន់ដើម្បីចោទប្រកាន់ប្រធានាធិបតីពីការឃុបឃិតក្នុងអំឡុងនៃការបោះឆ្នោតក៏ដោយ លោកបាននិយាយឡើងវិញពីអ្វីដែលលោកបានសរសេរក្នុងរបាយការណ៍ចុងក្រោយអំពីការស៊ើបអង្កេតថា «បើយើងមានភស្តុតាងថា ប្រធានាធិបតីប្រាកដមិនបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទេ យើងនឹងអនុញ្ញាតិឲ្យគេធ្វើការស៊ើបអង្កេតបន្ថែម»។
លោក Muellerបានសន្និដ្ឋាននៅក្នុងរបាយការណ៍សម្ងាត់ ដែលមាន៤៤៨ទំព័រ ជូនលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ William Barr កាលពីចុងខែមិនាថា លោកមិនបានរកឃើញភស្តុតាងពីការឃុបឃិតខាងព្រហ្មទណ្ឌរវាងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីត្រាំ និងរដ្ឋាភិបាលរុស្ស៊ីទេ។ ថាតើប្រធានាធិបតីត្រាំបានបង្អាក់ការស៊ើបអង្កេតដែរឬទេ រដ្ឋអាជ្ញាពិសេសបានសរសេរថា ខណៈដែលលោកមិនអាចធ្វើការវិនិច្ឆ័យ លោកក៏មិនអាចឲ្យប្រធានាធិបតីរួចទោសដែរ។
ការណ៍នេះទុកឲ្យលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីធ្វើការសម្រេចដោយការចម្រូងចម្រាសដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ដើម្បីសម្រេចថា ប្រធានាធិបតីត្រាំមិនអាចចោទប្រកាន់ពីការរារាំងយុត្តិធម៌ដែលផ្អែកលើភស្តុតាង ដែលបានរកឃើញដោយរដ្ឋអាជ្ញាពិសេស Mueller។
ការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកBarrបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យខឹងសម្បារ ដែលបានចោទប្រកាន់លោករដ្ឋមន្រ្តីរាយការណ៍ខុសពីការសន្និដ្ឋានរបស់លោក Muellerហើយបានគាបសង្កត់រដ្ឋអាជ្ញាពិសេសឲ្យផ្តល់កសិណសាក្សីនៅខាងមុខសភា។ លោក Muellerបាននិយាយថា លោកនឹងមិននិយាយហួសពីរបាយការណ៍នោះទេ ប្រសិនបើលោកត្រូវផ្តល់កសិណសាក្សីនៅមុខសភា៕