ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ភាគី​ប្រជែង​គ្នា​ពិបាក​ទស្សន៍ទាយ​អំពី​គោល​នយោបាយ​របស់​លោក ត្រាំ ទៅ​លើ​អាទិភាព​នៅ​មជ្ឈិម​បូព៌ា


នេះ​ជា​រូបភាព​នៃ​នាវា​ផ្ទុក​យន្ត​ហោះ​ ​Admiral Kuznetsov របស់​រុស្ស៊ី។
នេះ​ជា​រូបភាព​នៃ​នាវា​ផ្ទុក​យន្ត​ហោះ​ ​Admiral Kuznetsov របស់​រុស្ស៊ី។

ខណៈ​ដែល​កង​កម្លាំង​រដ្ឋាភិបាល​រុស្ស៊ី​ និង​ស៊ីរី​ ចាប់​ផ្តើម​​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុង Aleppo ឡើង​វិញ​នោះ​ ​មាន​ការ​ព្រួយបារម្ភ​ថា​ ក្រុម​ឧទ្ទាម​អាច​នឹង​បាត់​បង់​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់​ ត្រាំ​ ចូល​កាន់​តំណែង។ នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ បណ្តា​ភាគី​ដែល​ជា​គូបដិបក្ខ​នឹង​គ្នា​កំពុង​ព្យាយាម​ប៉ាន់ស្មាន​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ បន្ទាប់​ពី​​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក។

យន្តហោះ​រុស្ស៊ី​បាន​ហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្ត​ហោះ​ ​Admiral Kuznetsov​ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ទីក្រុង​ Aleppo ​ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កងទ័ព​ជើង​ទឹក​របស់​រុស្ស៊ី​ ដែលមាន​នាវា​ចម្បាំង​តែ​មួយ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធនេះ។

លោកស្រី ​Jane Kinninmont ​នៅ​វិទ្យាស្ថាន​គោលនយោបាយ​ Chatham House ​ក្នុង​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​រុស្ស៊ី ​និង​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី​ អំពី​ការ​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ជន​ស៊ីវិល​យ៉ាង​ច្រើន ​ប៉ុន្តែ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ​ បង្ហាញ​នូវ​ជំហរ​ទន់​ភ្លន់​មួយ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ហើយ​នេះ​អាច​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​មួយ។

លោក​ស្រី​និយាយ​ថា៖ «លោក ត្រាំ​ មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ប្រទេស​រុស្ស៊ី ​ក្រោម​ការ​ដឹកនាំ​របស់​លោក Vladimir Putin ​និង​តួនាទី​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​នាម​ជា​កងទ័ពដែល​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម»។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​ថា រដ្ឋបាល​របស់​លោក ត្រាំ​ អាច​នឹង​ឈប់​គាំទ្រ​ដល់​យុទ្ធជន​ឧទ្ទាម​និកាយ​សុននី (Sunni) ​ដែល​នឹង​ផ្តល់ជា​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​រដ្ឋាភិបាល​ស៊ីរី ក៏​ដូច​ជា​អ្នក​គាំទ្រ​និកាយ​ស៊ីអ៊ីត ​(Shi'ite) ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ផ្ទុយ​ទៅ​វិញ ​លោក ត្រាំ​ បាន​សន្យា​ថា ​នឹង​លុប​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​ និង​ប្រទេស​លោក​ខាង​លិច ដែល​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ដក​ទណ្ឌកម្មពី​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ។ ការ​សន្យា​បែប​នេះ​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ខ្លះៗ​ពី​ភាគី​និកាយ​ ​Sunni ​ប្រចាំ​តំបន់។ ​លោក ត្រាំ​ បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ជា «គ្រោះថ្នាក់» ​និង​ជា «កិច្ចព្រមព្រៀង​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន»។ ​

លោកស្រី ​Kinninmont ​បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​ត្រូវ​បាន​បណ្តា​ប្រទេស​តាម​ឈូង​សមុទ្រ​មិន​ចូល​ចិត្ត ​ដោយ​សារ​តែ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​នេះ។ ពួក​គេ​ចាត់​ទុក​លោក​ថា ​មាន​ជំហរ​ទន់​ជ្រាយ​ និង​ត្រង់​ពេក​ជា​មួយ​នឹង​អ៊ីរ៉ង់។ ភាសា​បែប​គំរាម​កំហែង​ដែល​លោក ដូណាល់ ត្រាំ​ បាន​ប្រើ​ត្រូវ​បាន​គេ​ជឿ​ខ្លាំង​ណាស់​ ប៉ុន្តែមិនមាន​ភាពប្រាកដប្រជា​សោះ​ឡើយ​អំពី​ការ​អនុវត្ត​ជាក់​ស្តែង»។

នៅ​ក្នុង​ពាក់​កណ្តាល​ខែ​វិច្ឆិកា ​លោក​ប្រធានាធិបតី​បារាំង ​Francois Hollande ​បាន​ព្រមាន​លោក​ ត្រាំ​ ចំពោះការ​សន្យា​របស់​លោក​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់។​

លោក​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​ផ្តល់​នូវ​ការ​ធានា​ ហើយ​បើ​គ្មាន​វា​ទេ ​វា​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។

រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​ណា​មួយ​ទៅ​លើ​គោលនយោបាយ​ការបរទេស​របស់​លោក ត្រាំ​ នា​ពេល​អនាគត​នៅ​ឡើយ​ទេ។ លោកស្រី ​Jane Kinninmont ​ទស្សន៍ទាយ​ថា វិធីសាស្រ្ត​របស់​លោក​ត្រាំ​នឹង​មាន​លក្ខណៈ​ផ្ទុយ​ទាំង​ស្រុង​ពីវិធីសាស្រ្ត​របស់​លោក​ បារ៉ាក់ អូបាម៉ា។

«លោក ​ត្រាំ​ បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ​លោក​គោរព​គំរូភាព​រដ្ឋាភិបាល​ដឹកនាំ​ដោយបុរស​ខ្លាំង​ មិន​ថា​ដូចនៅ​ប្រទេស​ចិន ឬ​រុស្ស៊ី​ទេ​ ហើយ​លោកចាត់​ទុក មេដឹកនាំផ្តាច់​ការ​នៅ​មជ្ឈិមបូព៌ាយ៉ាង​ហោច​ណាស់​ជា​កម្លាំង​មួយ​ប្រឆាំង​នឹង​ភេរវកម្ម​»។

ដោយ​សារ​តែ​ជម្លោះ​កើត​មាន​ឡើង​រាប់​ចាប់​ពីប្រទេស​យេម៉ែន​ ដល់​លីប៊ី​ អ្នក​វិភាគ​និយាយ​ថា ​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ាទំនង​ផ្តល់ជា​ការ​សាកល្បង​មួយ​សម្រាប់ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​បរទេស​ដែល​លោក ត្រាំ​ បាន​សន្យា៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG