អ្នកស្រី Naomi Pomeroy គឺជាចុងភៅវ័យក្មេងដ៏ជោគជ័យម្នាក់នៅក្នុងក្រុង Portlandរដ្ឋ Oregonសហរដ្ឋអាមេរិក។ ពេលអ្នកស្រីចាប់ផ្តើមឈានជើងចូលក្នុងអាជីវកម្មនេះ អ្នកស្រីដឹងថាវាគឺជាការងារមួយដែលគ្របដណ្តប់ដោយបុរសតាំងពីដើមមក ប៉ុន្តែរឿងនេះមិនបានបញ្ឈប់អ្នកស្រីទេ។ បច្ចុប្បន្នអ្នកស្រីជាចុងភៅអាជីព និងជាម្ចាស់ភោជនីយដ្ឋានឈ្មោះថា Beast ដែលឈ្នះពានរង្វាន់។ អ្នកស្រីក៏ជាអ្នកនិពន្ធសៀវភៅធ្វើម្ហូប និងមានកម្មវិធីផ្ទាល់ខ្លួនមួយផ្សាយតាមទូរទស្សន៍ផងដែរ។
ភោជនីយដ្ឋានរបស់អ្នកស្រី Naomi Pomeroy ដែលមានឈ្មោះថា Beast បានបើកមប្រើភ្ញៀវជាអ្នករស់នៅក្នុងតំបន់និងភ្ញៀវទេចរណ៍នានាក្នុងក្រុង Portland រដ្ឋ Oregonជាងមួយទសវត្សរ៍មកហើយ។ ជីវិតរបស់អ្នកស្រី Pomeroy បានផ្លាស់ប្តូរទាំងស្រុងចាប់តាំងពីអ្នកស្រីបើកភោជនីយដ្ឋានBeast នេះមក។ អ្នកស្រីបានប្រែក្លាយខ្លួនពីអ្នកជួយចម្អិនអាហារធម្មតានៅក្នុងផ្ទះជាមួយម្តាយនិងជីដូនរបស់អ្នកស្រី រហូតដល់ក្លាយខ្លួនជាចុងភៅអាជីពម្នាក់។
អ្នកស្រី Naomi Pomeroy បាននិយាយថា៖ «ពេលបើកភោជនីដ្ឋាននេះ ខ្ញុំគិតថាបើកបានប្រហែលតែពី៣ខែទៅ៦ខែប៉ុណ្ណោះ។ ខ្ញុំមិនរំពឹងអ្វីទាំងអស់ ខ្ញុំខ្លាច ហើយខ្ញុំមិនដែលគិតថាខ្ញុំបានទទួលជោគជ័យដូចនេះទេ។ ខ្ញុំមិនដែលធ្វើជាចុងភៅពិតប្រាកដទេពីមុនមក។ ខ្ញុំធ្លាប់បើកក្រុមហ៊ុនបម្រើសេវាម្ហូបអាហារ។ ខ្ញុំធ្វើការនៅភោជនីយដ្ឋានពេញមួយជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលមានហាងផ្ទាល់ខ្លួន បង្កើតមុខម្ហូបខ្លួនឯង និងបង្រៀនបុគ្គលិកដោយខ្លួនឯងបែបនេះទេ»។
ភោជនីយដ្ឋានរបស់អ្នកស្រី Pomeroy មិនធំទេ ហើយមានផ្ទះបាយបើកចំហ ដូច្នេះភ្ញៀវអាចមើលឃើញពីរបៀបចម្អិតអាហារដែលពួកគេបានកម្ម៉ង់។
មានតុអាហាររួមគ្នាធំៗចំនួនពីរ ដូច្នេះភ្ញៀវអាចអង្គុយញ៉ាំជាមួយភ្ញៀវផ្សេងទៀតដែលមិនស្គាល់គ្នា។ ប៉ុន្តែពួកគេមិនយល់ថាវាជាការរំខានគ្នាទេ។ អាហារឆ្ងាញ់ ស្រាល្អធ្វើឲ្យគេមកជួបជុំគ្នា។
អ្នកស្រី Pomeroy បង្កើតបញ្ជីមុខម្ហូបថ្មីៗរៀងរាល់ពីរសប្តាហ៍ម្តង បន្ទាប់ពីពិភាក្សាគ្នានិងសាកមុខម្ហូបថ្មីៗជាមួយក្រុមការងាររបស់អ្នកស្រី។ ភ្ញៀវដែលឈររង់ចាំបន្តគ្នាយ៉ាងវែងនិយាយថា ម្ហូបនៅភោជនីយដា្ឋនរបស់អ្នកស្រីមានរស់ជាតិឆ្ងាញ់។
ពានរង្វាន់ផ្សេងទៀតដែលអ្នកស្រីទទួលបានប្រាប់ពីរឿងរ៉ាវដូចគ្នា។ ក្នុងចំណោមពានរង្វាន់ទាំងនោះ មានដូចជាពានរង្វាន់ James Beard Award សម្រាប់ចុងភៅល្អបំផុត។
ប៉ុន្តែវាមិនមានតែងតែងាយស្រួលសម្រាប់ចុងភៅជាស្រ្តីទេ។
អ្នកស្រី Naomi Pomeroy បាននិយាយបន្តថា៖
«ខ្ញុំចាំបានថា នៅពេលខ្ញុំចេញពីយន្តហោះទៅចូលរួមកម្មវិធី Aspen Food and Wine លើកដំបូង មានមនុស្សមួយចំនួនសួរខ្ញុំថា ខ្ញុំជាចុងភៅមែន? ហើយខ្ញុំឆ្លើយថា ខ្ញុំជាចុងភៅ និងជាម្ចាស់ភោជនីយដ្ឋានឈ្មោះ Beast នៅទីក្រុង Portland។ ហើយពេលនោះពួកគេហាក់ដូចជាភ្ញាក់ផ្អើលនិងសួរថាអ្នកឯងជាចុងភៅធ្វើនំ?»
សព្វថ្ងៃអ្នកស្រីត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មនេះ។ អ្នកស្រីនៅតែធ្វើការមិនឈប់ឈរនៅក្នុងហាង Beast នេះ ខណៈពេលដែលអ្នកស្រីកំពុងសរសេរសៀវភៅពីការចម្អិនម្ហូប ច្នៃភេសជ្ជៈថ្មីៗ និងរៀបចំកម្មវិធីទូរទស្សន៍ដោយខ្លួនឯង។ ក្រៅពីភាពជោគជ័យនៅក្នុងការធ្វើម្ហូបរបស់អ្នកស្រីហើយនោះ អ្នកស្រីបានធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាអ្នកស្រីយកចិត្តទុកខ្លាំងបំផុតចំពោះពួកគេ។
អ្នកស្រី Naomi Pomeroy បាននិយាយបន្ថែមថា៖ «អ្នកពិតជាភ្ញាក់ផ្អើលពេលដឹងពីគោលបំណងធំបំផុតរបស់ខ្ញុំ គឺមិនមែនជាអាហារនៅលើចាន ឬក៏ការធ្វើឲ្យអតិថិជនមកហាងយើងម្តងទៀតនោះទេ។ តាមពិតគោលបំណងសំខាន់បំផុតគឺតើយើងមានភាពសប្បាយរីករាយជាមួយគ្នាទេ? តើយើងដឹងពីកសិកររបស់យើងទេ? តើយើងមានអារម្មណ៍ថាមានមោទនភាពចំពោះអ្វីដែលយើងកំពុងធ្វើទេ? ទាំងនេះគឺជាអ្វីដែលសំខាន់ជាងភោជនីយដ្ឋានទៅទៀត។ ចំណុចសំខាន់ដែលខ្ញុំពេញចិត្តគឺជាអ្វីដែលធ្វើឲ្យខ្ញុំនិងបុគ្គលិកសប្បាយរីករាយ»។
អ្នកស្រី Pomeroy គ្មានគម្រោងប្តូរចេញពីក្រុង Portland ទេ។ វាគឺជាក្រុងកំណើតរបស់អ្នកស្រី ជាកន្លែងដែលអ្នកស្រីជួបក្រុមការងារដែលមានចិត្តគំនិតដូចអ្នកស្រី និងជាកន្លែងដែលអ្នកស្រីចិញ្ចឹមបីបាច់គ្រួសាររបស់អ្នកស្រី។ អ្នកស្រីសង្ឃឹមថានឹងបើកភោជនីយដា្ឋនមួយកន្លែងទៀតនៅក្នុងទីក្រុងនេះ ដូច្នេះមនុស្សកាន់តែច្រើនអាចទទួលទានអាហារល្អៗដោយក្តីរីករាយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា