វ៉ាស៊ីនតោន — អ្នកស្រី រស់ រតនៈ ដែលត្រូវបានគេស្គាល់តាមឈ្មោះ ចុងភៅ ណាក់ គឺជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន រតនៈ ដែលមានភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបមួយឈ្មោះថា «ម្ហូប»។
ចុងភៅវ័យ៣៤ឆ្នាំរូបនេះបានបើកភោជនីយដ្ឋាន «ម្ហូប»កាលពីខែមករាឆ្នាំ២០១៨។ ភោជនីយដ្ឋាន «ម្ហូប» គឺជាភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបមុនគេបង្អស់នៅទីក្រុងភ្នំពេញ ដែលផ្តល់នូវបទពិសោធន៍ដ៏ពិសេសជាមួយនឹងការចម្អិនម្ហូបខ្មែរដែលមានរសជាតិដើម នៅផ្ទះឈើបុរាណខ្មែរ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា។
ក្នុងកិច្ចប្រឹងប្រែងថែរក្សាម្ហូបខ្មែរ ចុងភៅ ណាក់ កំពុងសរសេរសៀវភៅមុខម្ហូបមួយក្បាលនិងផលិតវីដេអូខ្លីអំពីការចម្អិនម្ហូបខ្មែរ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមដើម្បីឲ្យពិភពលោកបានស្គាល់ម្ហូបខ្មែរដែលត្រូវបានគេមើលរំលង។
អ្នកស្រី រតនៈ បានប្រាប់ VOA ថា៖
«ខ្ញុំស្រឡាញ់ម្ហូបខ្មែរ ហើយខ្ញុំចង់ធ្វើអីលើកស្ទួយម្ហូបខ្មែរឲ្យពិភពលោកគេស្គាល់ឲ្យស្មើរនឹងប្រទេសជិតខាងរបស់យើងហ្នឹង»។
នៅខែកក្កដាខាងមុខនេះ ចុងភៅ ណាក់ នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយសៀវភៅមុខម្ហូបរបស់អ្នកស្រី ដែលមានកម្រាស់ ២០០ទំព័រ និងរៀបរាប់ពីរូបមន្តម្ហូបខ្មែរ៨០មុខ។
ម្ហូបខ្មែរជាផ្នែកមួយនៃអត្តសញ្ញាណរស់របស់វប្បធម៌កម្ពុជា
តាំងពីក្មេងមក ចុងភៅ ណាក់ ចូលចិត្តចម្អិនម្ហូបយ៉ាងខ្លាំង ប៉ុន្តែអ្នកស្រីមិនដែលគិតថានឹងយកការចម្អិនម្ហូបនេះធ្វើជាអាជីពនោះទេ។
មុនពេលបើកភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបនេះនៅឆ្នាំ២០១៨ អ្នកស្រីបានចំណាយពេល៨ឆ្នាំធ្វើការជាមួយនឹងអង្គការ សិល្បៈខ្មែរអមតៈ ហើយបានយល់ដឹងអំពីទម្រង់សិល្បៈខ្មែរបុរាណជាច្រើនដែលកំពុងរងការបាត់បង់ ហើយក្នុងនោះរួមមានម្ហូបខ្មែរផងដែរ។ ការណ៍នេះបានជំរុញឲ្យអ្នកស្រីខិតខំថែរក្សាការពារនិងធ្វើឲ្យម្ហូបខ្មែរពេញនិយមឡើងវិញ។
ចុងភៅ ណាក់ បានប្រាប់ឲ្យដឹងថា ម្ហូបខ្មែរមានលក្ខណៈពិសេសជាងអ្វីដែលអ្នកស្រីធ្លាប់គិត។
«ម្ហូបវាជាសិល្បៈមួយ ហើយសិល្បៈមួយនេះក៏បានរួមចំណែកយ៉ាងធំដែរ ក្នុងការបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិរបស់យើងជាទូទៅតែម្តង»។
អ្នកស្រីបានប្រាប់ VOA ថា ភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបរបស់អ្នកស្រីគឺមិនមែនគ្រាន់តែជាភោជនីយដ្ឋានប៉ុណ្ណោះទេ។ វាជាទីកន្លែងដែលភ្ញៀវអាចចូលរួមយល់ដឹងពីវប្បធម៌ខ្មែរ ម្ហូបផ្ទះខ្មែរ និងការរស់នៅបែបខ្មែរ។ អ្នកស្រីបានបន្តទៀតថា វាមិនមែនត្រឹមតែជាការចម្អិនម្ហូបនោះទេ វាជាសិល្បៈសម្តែងនៃការធ្វើម្ហូបសម្រាប់ភ្ញៀវដែលមកពីកន្លែងផ្សេងៗគ្នា ដើម្បីឲ្យពួកគេយល់ដឹងអំពីម្ហូបខ្មែរកាន់តែច្រើនឡើង។
«ការចម្អិនគឺវាចេញពីបេះដូង ម្ហូបចេញពីបេះដូងវាឆ្ងាញ់។ ប៉ុន្តែសម្រាប់ខ្ញុំចេញតែពីបេះដូង ចេញតែពីការស្រឡាញ់វាអត់គ្រប់គ្រាន់ទេ វាត្រូវតែមានការប្រើប្រាស់ខួរក្បាលក្នុងការមកគិតដែរ»។
នៅភោជនីយដ្ឋាន «ម្ហូប» ចុងភៅ ណាក់ ផ្តល់ជូននូវម្ហូបដែលថ្មីស្រស់ មានឱជារសឆ្ងាញ់និងល្អដល់សុខភាព ដែលធ្វើពីផលិតផលក្នុងស្រុកនិងតាមរដូវកាល ដោយប្រើប្រាស់រូបមន្តម្ហូបពីបុរាណ។ ការបរិភោគអាហារត្រូវបានផ្តល់ជាមួយការធ្វើបទបង្ហាញ និងការសម្តែងតន្រ្តីខ្មែរ ដើម្បីបង្កើនបរិយាកាសរីករាយក្នុងការទទួលទានម្ហូបខ្មែរ។
ចុងភៅ ណាក់ បានប្រាប់ VOA ថា ភ្ញៀវរបស់អ្នកស្រីមកពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ សម្រាប់ភ្ញៀវបរទេស ភោជនីយដ្ឋានលក្ខណៈគ្រួសាររបស់អ្នកស្រីអាចជាបទពិសោធន៍ថ្មីមួយជាមួយម្ហូបខ្មែរ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលបានភៀសខ្លួនចេញពីប្រទេសអំឡុងពេលសង្គ្រាមក្នុងទសវត្សរ៍១៩៧០ និង១៩៨០ ការធ្វើម្ហូបរបស់អ្នកស្រីរំលឹកពួកគេពីអតីតកាលដ៏រុងរឿងរបស់កម្ពុជា។ ដោយសារតែភាពប៉ិនប្រសប់ខាងធ្វើម្ហូបដ៏ជំនាញរបស់អ្នកស្រី សណ្ឋាគារ Rosewood Phnom Penh បានជ្រើសរើសយកអ្នកស្រី និងភោជនីយដ្ឋានរបស់អ្នកស្រីជាដៃគូសហការផ្នែកម្ហូបអាហារខ្មែរ។
ការសហការនេះគឺជាផ្នែកមួយនៃជោគជ័យរបស់ចុងភៅ ណាក់ ដែលជាមនុស្សដំបូងគេក្នុងគ្រួសាររបស់អ្នកស្រី ដែលបានផ្លាស់ប្តូរផ្ទះបាយរបស់ខ្លួនទៅជាជំនួញម្ហូបអាហារខ្នាតកណ្តាលបែបទំនើបនៅកម្ពុជា។
ទោះបីជាយ៉ាងណាក្តី ដើម្បីភាពជោគជ័យនេះ ចុងភៅ ណាក់ ត្រូវបញ្ឈប់ការងារដ៏ល្អនិងត្រូវប្រើប្រាស់ថវិការបស់គ្រួសារដើម្បីដំណើរការជំនួញនេះ ដោយបានឆ្លងកាត់ទាំងបញ្ហាថវិកានិងសម្ពាធផ្លូវចិត្ត។ ក៏ប៉ុន្តែ តាមរយៈគម្រោងនៃកម្មវិធី SHE-Investment អ្នកស្រីបានដោះស្រាយបញ្ហាទាំងអស់នេះ ដោយទទួលបានការគាំទ្រនានា ដូចជាឱកាសជួបជាមួយសហគ្រិនស្រ្តីផ្សេងៗទៀត ដើម្បីរៀនពីបញ្ហារបស់គ្នាទៅវិញទៅមក។
សៀវភៅមុខម្ហូប «ញុំា» ជាការអភិរក្សរូបមន្តម្ហូបខ្មែរ
ជាផ្នែកមួយនៃការលើកតម្កើងនិងថែរក្សាម្ហូបខ្មែរ ចុងភៅ ណាក់ កំពុងសរសេរសៀវភៅមុខម្ហូបដំបូងគេបង្អស់របស់អ្នកស្រី ដែលមានចំណងជើងថា «ញុំា៖ រូបមន្តធើ្វម្ហូបចេញពីផ្ទះបាយខ្មែរ» (Nhum – Recipes from a Khmer Home Kitchen) ដែលនឹងត្រូវបោះពុម្ពផ្សាយនៅខែកក្កដាខាងមុខនេះ។ សៀវភៅមុខម្ហូបនេះ បង្ហាញពីរូបមន្តធ្វើម្ហូបខ្មែរ៨០មុខ រួមជាមួយគ្រឿងផ្សំដែលមានសារប្រយោជន៍ដល់សុខភាពជាង១០០មុខ និងរូបថតនានា ដែលបង្ហាញនូវមុខម្ហូបខ្មែរជាច្រើន។
អ្នកស្រីបានប្រាប់ឲ្យដឹងថា សៀវភៅមុខម្ហូបនេះត្រូវបានចងក្រងឡើងដោយផ្អែកលើចំណេះដឹងនិងជំនាញធ្វើម្ហូបរបស់អ្នកស្រីផ្ទាល់ ដែលអ្នកស្រីបានរៀនពីគ្រួសារកន្លងមក។ អ្នកស្រីបានបន្តទៀតថា ប្រទេសកម្ពុជាមានវប្បធម៌ផ្នែកម្ហូបដ៏ស្រស់ស្អាតនិងគួរឲ្យស្ងប់ស្ងែងមួយ ដែលគួរតែទទួលបានការកត់ត្រាទុក។
ដោយដឹងថាម្ហូបខ្មែរអាចប្រឈមមុខនឹងការបាត់បង់នាពេលអនាគត ចុងភៅ ណាក់ បានប្តេជ្ញាចិត្តចងក្រងសៀវភៅមុខម្ហូបខ្មែរនេះឡើង ដើម្បីការពារកុំឲ្យមានសោកនាដកម្មផ្នែកវប្បធម៌កើតមានឡើងលើមុខម្ហូបខ្មែរ។
«ខ្ញុំឃើញអាភាពនឹងងាយបាត់បង់នឹងតាមរយៈ ដោយសារតែខ្មែរយើងអត់មានទម្លាប់ក្នុងការសរសេរចងក្រងទុកទេ។ ស្អីៗក៏ដោយ ភាគច្រើនគឺពេលបង្រៀនកូនសិស្សឬក៏អីចឹងគឺតាមរយៈមាត់អញ្ចឹង»។
អ្នកស្រីបានឲ្យដឹងថា សំណៅឯកសារនៃរូបមន្តធ្វើម្ហូបពីដើមរបស់កម្ពុជាគឺពិបាករក។ ភាគច្រើននៃព័ត៌មានទាំងអស់ត្រូវបានបាត់បង់ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនិងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅទស្សវត្សរ៍ ១៩៧០ ដែលនាំឲ្យមានការបាត់បង់ជាបណើ្តរៗនៃកេរដំណែល និងចំណេះដឹងវិជ្ជាធ្វើម្ហូប។ ម្យ៉ាងទៀតការធ្វើចំណាកស្រុកទៅកាន់ទីក្រុងរបស់យុវជនកម្ពុជា ដែលបានចាកចេញពីភូមិស្រុករបស់ពួកគេ ដើម្បីបន្តការសិក្សានិងស្វែងរកការងារនៅក្នុងទីក្រុង ក៏ធ្វើឲ្យបញ្ហានៃការបាត់បង់វប្បធម៌ធ្វើម្ហូបខ្មែរកាន់តែអាចធ្ងន់ធ្ងរឡើង ដោយសារពួកគេមិនមានពេលគ្រប់គ្រាន់ក្នុងការរៀនពីឳពុកម្តាយនិងយាយតារបស់ពួកគេពីការចម្អិនម្ហូបខ្មែរ។
«ខ្ញុំដឹងថា វានឹងបាត់បង់ដូចគ្នា បើសិនជាយើងអត់ចាប់ផ្តើមគិតគូរវា។ ពេលដែលខ្ញុំចង់សិក្សាថាម្ហូបខ្មែរយើង ១០០ឆ្នាំមុន ២០០ឆ្នាំមុន ខ្មែរយើងម្ហូបប្រវត្តិយ៉ាងម៉េច យើងញុំាស្អីអីៗនឹងវារកអត់បាន។ ហើយខ្ញុំមានអារម្មណ៍ថាពិបាកមែនទែន។ បើសិនជាកូនចៅខ្ញុំជំនាន់ក្រោយ គាត់មានបញ្ហាលំបាកដូចខ្ញុំអញ្ចឹងដែរ អានឹងខ្ញុំគិតថា អានឹងជាកំហុសរបស់ខ្ញុំ ពីព្រោះខ្ញុំដឹងហើយខ្ញុំអត់ព្រមសរសេរវាទុក»។
បន្ទាប់ពីបញ្ចប់ការសរសេរសៀវភៅរបស់អ្នកស្រី ចុងភៅ ណាក់ ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដើម្បីស្វែងរកនិងធ្វើការកត់ត្រាទុកនូវអ្វីដែលអ្នកស្រីបានហៅថា «ម្ហូបដែលត្រូវបានបំភ្លេច» ដើម្បីធ្វើឲ្យម្ហូបខ្មែរទាំងអស់នោះរស់ឡើងវិញ។
«ខ្ញុំចង់ឲ្យការងាររបស់ខ្ញុំគឺជាចម្លើយរបស់ក្មេងៗទៅថ្ងៃអនាគត។ សំខាន់ជាងនេះទៅទៀត គឺខ្ញុំចង់ឲ្យពិភពលោកស្គាល់ម្ហូបខ្មែរឲ្យស្មើនឹងប្រទេសជិតខាងរបស់យើងដែរ»៕