កម្លាំងប៉ូលិសនៅក្រុងហុងកុងបានវាយសម្រុកទៅរកក្រុមបាតុកររាប់ពាន់នាក់ដែលបានជម្នះនឹងបម្រាមប៉ូលិសមិនឲ្យជួបប្រជុំគ្នា ដោយប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអង្គារ ដើម្បីរំឭកខួបមួយឆ្នាំនៃចលនាមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
កាលពីមួយឆ្នាំមុន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋហុងកុងប្រមាណមួយលាននាក់បានធ្វើបាតុកម្មដោយសន្តិវិធីមួយដើម្បីប្រឆាំងនឹងសំណើច្បាប់ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នជនល្មើសពីដែនដីពាក់កណ្តាលស្វយ័តនេះទៅជំនុំជម្រះនៅចិនដីគោក។ រដ្ឋាភិបាលហុងកុងនៅពេលនោះជំរុញឲ្យមានការអនុម័តច្បាប់នោះ ដែលរឹតតែនាំឲ្យមានមនុស្សចេញមកតវ៉ាកាន់តែខ្លាំងនិងនាំឲ្យអតីតដែនដីអាណានិគមអង់គ្លេសមួយនេះធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរបំផុតរបស់ខ្លួន។
ការប្រមូលផ្តុំកាលពីយប់ថ្ងៃអង្គារបានធ្វើឡើងនៅឧទ្យានកណ្តាលសង្កាត់ពាណិជ្ជកម្មរបស់ហុងកុង ដោយមានបាតុករខ្លះកាន់ផ្លាកសញ្ញានិងទាមទារ«ឯករាជ្យភាពហុងកុង» និង«រំដោះហុងកុង»។ កម្លាំងប៉ូលិសបង្ក្រាបកុប្បកម្មរាប់សិបនាក់បានមកឆែកឆេរបាតុករ ចាប់ខ្លួនបាតុករមួយចំនួននិងបញ្ជាឲ្យពួកគេចាកចេញដោយថាការជួបជុំនេះមិនមានការអនុញ្ញាត។
ដោយសាររដ្ឋាភិបាលចិនគ្រោងនឹងអនុវត្តក្នុងប៉ន្មានខែខាងមុខ នូវច្បាប់សន្តិសុខជាតិថ្មីមួយដ៏ចម្រូងចម្រាស់សម្រាប់ដែនដីហុងកុង បាតុករជាច្រើនថាពួកគេនឹងមិនបញ្ឈប់ការតវ៉ារបស់ពួកគេទេ ប៉ុន្តែថាពួកគេនឹងធ្វើការប្រុងប្រយ័ត្នជាងមុន។
ពេលត្រូវសួរដោយអ្នកកាសែតអំពីមហាបាតុកម្មមួយឆ្នាំមកនេះ មេដឹកនាំហុងកុងលោកស្រី Carrie Lam ថ្លែងថា ជនគ្រប់រូបត្រូវរៀនពីមេរៀនពីបញ្ហាប្រឈមទាំងនេះ ហើយរាល់គ្នាត្រូវយល់ថាហុងកុងមិនអាចទ្រាំទ្រនឹងភាពហ្វឹកហ្វរបានទេ ដោយអ្នកស្រីប្រឆាំងនឹងការតវ៉ាចំពោះច្បាប់សន្តិសុខថ្មីនេះខណៈទីក្រុងហុងកុងកំពុងប្រឈមនឹងឱនភាពសេដ្ឋកិច្ចនោះ៕