កាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភា ប្រទេសចិនបានបញ្ចប់ការប្រជុំនយោបាយប្រចាំឆ្នាំមានរយៈពេលមួយសប្តាហ៍ ដែលគេហៅថា សម័យប្រជុំពីរ ដោយអង្គនីតិបញ្ញត្តិកំពូលបានអនុម័តច្បាប់សន្តិសុខជាតិអំពីទីក្រុងហុងកុង ដែលជាវិធានការមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងប៉េកាំងពង្រឹងការក្តាប់អំណាចរបស់ខ្លួនលើដែនដីពាក់កណ្តាលស្វយ័តនេះ។
សកម្មភាពនេះមិនបានឆ្លងកាត់អង្គនីតិបញ្ញ័ត្តិនៃក្រុងហុងកុងទេ ហើយក៏មិនបានអើពើដល់ការប្រឆាំងជាទូទៅនៅខាងក្នុងនិងខាងក្រៅទីក្រុងហុងកុងដែរ។ អ្នកវិភាគនានា និយាយថា ចំណាត់ការនេះទំនងជាសញ្ញាបង្ហាញថា នឹងមានការប៉ះទង្គិចគ្នាថ្មីមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ក្រុមអ្នកវិភាគទាំងនេះបន្ថែមថា ប្រសិនបើច្បាប់នេះនឹងត្រូវអនុវត្តនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះតាមការរំពឹងទុក នោះឋានៈរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថូនៃទ្វីបអាស៊ី ក៏នឹងមានផលប៉ះពាល់មិនល្អដែរ។
តើសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងចិននឹងកើតឡើងទេ?
លោក Wu Ruei-ren ជាអ្នកស្រាវជ្រាវនៃអង្គការ Academia Sinica ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា៖ «តាមទស្សនៈនៃភូមិសាស្ត្រនយបាយ ការប្រយុទ្ធដំបូងនៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្ដើមធ្វើហើយ»។
លោក Wu បាននិយាយបន្ថែមថា៖ «ទណ្ឌកម្មដែលសហរដ្ឋអាមេរិកនឹងដាក់នឹងធ្វើឱ្យប៉ះពាល់ដល់ឋានៈនៃទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ហើយប្រទេសចិននឹងមានការខាតបង់ជាច្រើន»។
កាលពីថ្ងៃទី ២៨ ខែឧសភានោះ ដោយមានសមាជិក ៦ នាក់ បោះឆ្នោតអនុប្បវាត រដ្ឋសភាប្រទេសចិនបានបោះឆ្នោតគាំទ្រក្នុងសំឡេង ២.៨៧៨ ទល់នឹងមួយ។ ដូច្នេះសំណើនេះក៏បានត្រូវអនុម័ត។ ការបោះឆ្នោតនេះផ្តល់អំណាចឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ដែលមានសមាជិកចំនួន ១៧៥ នាក់នេះឲ្យបង្កើតវិធានការសន្តិសុខជាតិដើម្បីអនុវត្ត ដោយផ្ទាល់នៅក្នុងទីក្រុងហុងកុង។
វិធានការទាំងនេះទំនងជាអនុញ្ញាតឱ្យក្រុមភ្នាក់ងារសន្តិសុខរបស់ប្រទេសចិនដីគោកតាំងទីនៅក្នុងទីក្រុងហុងកុង ដើម្បីកម្ចាត់ទង្វើ និងសកម្មភាពណាដែលរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកថាជាការផ្ដួលរំលំរដ្ឋអំណាច ការទាមទារបំបែកទឹកដី ភេរវកម្ម និងការជ្រៀតជ្រែករបស់បរទេស។
តើគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរទៅជាយ៉ាងណា?
គេយល់ឃើញយ៉ាងទូលំទូលាយថា សកម្មភាពនេះគឺជាការទាល់ចោលរបស់រដ្ឋាភិបាលក្រុងប៉េកាំង នូវគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីររបស់ខ្លួន សម្រាប់ទីក្រុងហុងកុង និងជាការរំលោភឥតលាក់លៀមទៅលើរដ្ឋធម្មនុញ្ញរបស់ទីក្រុងនេះ ឬទៅលើច្បាប់ជាមូលដ្ឋាន ដោយមិនធ្វើតាមការសន្យារបស់ខ្លួនថា នឹងផ្តល់ឱ្យទីក្រុងនេះនូវស្វ័យភាពកម្រិតខ្ពស់មួយនៅមុនឆ្នាំ ២០៤៧។
នាយករដ្ឋមន្ត្រីចិន Li Keqiang បានបដិសេធការចោទប្រកាន់នេះ នៅពេលបិទសម័យប្រជុំទាំងពីរនេះ។
លោក Li បានបញ្ជាក់នៅក្នុងសន្និសីទកាសែតអន្តរជាតិមួយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី ២៨ ខែឧសភា ថា៖ «សេចក្តីសម្រេចដែលបានធ្វើឡើងនៅក្នុងសម័យប្រជុំរបស់រដ្ឋសភាចិន ត្រូវបានរៀបចំឡើងដើម្បីអនុវត្តនូវគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ និងដើម្បីធ្វើឱ្យទីក្រុងហុងកុងមានភាពសំបូររុងរឿង និងស្ថិរភាពក៏យូរអង្វែង។
ក៏ប៉ុន្តែ លោក Wu នៃអង្គការ Academia Sinica បានហៅសេចក្តីព្រាងច្បាប់នេះថា «មានលាយជាមួយនឹងសេចក្តីអស់សង្ឃឹម» ពីព្រោះរដ្ឋាភិបាលក្រុងប៉េកាំងមានបំណងបង្វែរការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋខ្លួនពីសម្ពាធខាងនយោបាយ និងខាងសេដ្ឋកិច្ចដែលខ្លួនកំពុងប្រឈមទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
សិល្បៈនយោបាយប្រកបដោយគ្រោះថ្នាក់របស់ចិន
លោក Wu ក៏បានពណ៌នាផងដែរថា គោលនយោបាយថ្មីចុងក្រោយបំផុតរបស់ប្រទេសចិនចំពោះទីក្រុងហុងកុងនេះ គឺជាយុទ្ធសាស្ត្រនៃ «សិល្បៈនយោបាយប្រកបដោយគ្រោះថ្នាក់»។
លោកនិយាយថា ប្រទេសចិនកំពុងលេងល្បែងជល់មាន់ ហើយភ្នាល់ថា សកម្មភាពតបតណាមួយពីសហគមន៍អន្តរជាតិអាចគ្រាន់តែជាពាក្យសម្តីទទេតែប៉ុណ្ណោះ ពីព្រោះពិភពលោកកំពុងជាប់រវល់នឹងការប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និងនៅពឹងពាក់ខ្លាំងលើសេដ្ឋកិច្ចនៃប្រទេសចិន។
ក៏ប៉ុន្តែលោក Wu មានជំនឿថា ប្រទេសចិននឹង «បំភ័យ» សហរដ្ឋអាមេរិក និងបណ្ដាបស្ចិមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងទទូចជំរុញឲ្យអនុវត្តតាមសេចក្តីព្រាងច្បាប់នេះ។
លោកបាននិយាយថា វាជាសកម្មភាពដ៏ខ្លាំងក្លាមួយដើម្បីបង្ក្រាបដោយគ្មានធម៌មេត្តាលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
មួយថ្ងៃមុនការបោះឆ្នោតរបស់រដ្ឋសភានេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានរាយការណ៍ជម្រាបសភាសហរដ្ឋអាមេរិក ហើយបានធ្វើការសន្និដ្ឋានថា ទីក្រុងហុងកុង «លែងមានស្វ័យភាពពីប្រទេសចិនទៀតហើយ» ដែលករណីនេះអាចមានន័យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រហែលជាពិចារណាផ្អាកឋានៈអនុគ្រោះពាណិជ្ជកម្មសម្រាប់ទីក្រុងហុងកុង។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានាក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងពិចារណាអំពីការដាក់ទណ្ឌកម្មផ្សេងទៀតដែរ។ ការដាក់ទណ្ឌកម្មទាំងនេះមានដូចជាការផ្អឹបទ្រព្យសម្បត្តិ និងការរឹតត្បិតការផ្តល់ទិដ្ឋាការឱ្យមន្ត្រីរដ្ឋាភិបាលចិន និងហុងកុង ដែលជាអ្នកស្ថិតនៅពីក្រោយគោលនយោបាយសន្តិសុខថ្មីនេះ ក៏ដូចជាការហាមប្រាមមិនឱ្យមានការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ទៅកាន់ទីក្រុងហុងកុងផងដែរ។
ស្ថានការណ៍ពិបាកសម្រេចចិត្ត
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិកប្រឈមនឹងស្ថានការណ៍ពិបាកសម្រេចចិត្តមួយ ដោយសារតែជម្រើសភាគច្រើនទាក់ទិននឹងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុអាចនាំឱ្យមានផលមិនល្អដល់ពលរដ្ឋហុងកុង ជាជាងប៉ះពាល់ដល់ថ្នាក់ដឹកនាំកុម្មុយនិស្តចិន ដែលជាអ្នកជំរុញគោលនយោបាយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំង។ នេះបើតាមការបញ្ជាក់របស់លោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមហាវិទ្យាល័យ Lee Kuan Yew ផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបូរី។
លោក Thompson បាននិយាយថាដោយរង់ចាំមើលសេចក្តីពិតប្រាកដនៃច្បាប់នេះ វាជាការឆាប់ពេកនៅក្នុងការនិយាយថា តើជម្លោះរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនឹងមានសភាពបែបណានោះ ទោះបីជាវោហារសាស្ត្ររបស់ពួកគេមិនបានជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងភាគីទាំងពីរក៏ដោយ។
លោក Thompson បានប្រាប់វីអូអេថា៖ «បាតុកម្មរបស់ប្រជាពលរដ្ឋដែលយើងបានឃើញនៅក្នុងទីក្រុងហុងកុង គឺជាការវាយបកពិតប្រាកដមួយលើភាពគួរឲ្យជឿទុកចិត្តបានរបស់រដ្ឋាភិបាលក្រុងប៉េកាំង ហើយនេះគឺជាអ្វីដែលខ្ញុំយល់ថា ធ្វើឱ្យពួកមេដឹកនាំចិនបារម្ភ។ ផលប៉ះពាល់នៃទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងមិនត្រូវបានគិតគូរដើម្បីតម្រែតម្រង់ទំនាក់ទំនងការបរទេសរបស់រដ្ឋាភិបាលនេះនោះទេ»។
ភាពចលាចលផ្នែកហិរញ្ញវត្ថុ
លោក Law Ka Chung អតីតសេដ្ឋវិទូចម្បងនៃធនាគារ Bank of Communications ក្នុងទីក្រុងហុងកុង បាននិយាយថា ការប្រឈមមុខដាក់គ្នាដែលគេរំពឹងទុករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងគឺជាការសម្លាប់ឋានៈរបស់ទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
លោក Law បានថ្លែងថា សក្តានុពលនៃការផ្អឹបទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលចិននៅក្នុងសហរដ្ឋអាមេរិកនឹងមានប្រសិទ្ធិភាព ក៏ប៉ុន្តែប្រទេសចិនទំនងជានឹងសងសឹកវិញ ដោយផ្អឹបទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាមេរិកាំងនៅក្នុងទីក្រុងហុងកុង ហើយដាក់កំហិតលើសកម្មភាពហិរញ្ញវត្ថុដែលគ្របដណ្តប់ដោយរូបិយវត្ថុរបស់ខ្លួនផងដែរ។
លោក Law បាននិយាយបន្ថែមថា ការណ៍នេះនឹងបង្កើតឱ្យមានភាពចលាចល និងការដួលរលំនូវមុខងារនៃទីក្រុងហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ស្របពេលដែលភាពចលាចលកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងនេះបានបណ្តាលឱ្យមានការដកទុនវិនិយោគចេញពីទីក្រុងនេះកាលពីឆ្នាំមុនរួចមកហើយ៕
ប្រែសម្រួលដោយ ឈឹម សុមេធ