ក្រុមបាតុករ និងប៉ូលិសប្រឆាំងបាតុកម្ម ស្ថិតនៅលើផ្លូវនានាក្នុងទីក្រុងហុងកុងកាលពីព្រឹកថ្ងៃចន្ទនេះដើម្បីប្រារព្ធខួបលើកទី២២នៃការបង្រួបបង្រួមគ្នាឡើងវិញរវាងក្រុងហុងកុងនិងប្រទេសចិន។
បាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាជុំវិញអាគារនានារបស់រដ្ឋាភិបាលក្រុងនេះ ពេលរសៀលនៅពេលដែលក្រុមតូចមួយ បានប៉ុនប៉ងសម្រុកចូលទៅក្នុងអាគាររដ្ឋសភា ខណៈដែលប៉ូលិស បានរង់ចាំនៅខាងក្នុងអាគារនោះ ហើយបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកតាមរបងអាគារនោះ។
ក្រុមបាតុករ បានប្រើប្រាស់ឆ័ត្រ វ៉ែនតាឃ្លុំភ្នែកជិត និងម៉ាសបិទមុខហើយ និងសម្ភារៈប្លាស្ទិក រុំដៃជើង ដើម្បីការពារខ្លួនពីឧស្ម័នបង្ហៀរទឹកភ្នែករបស់ប៉ូលិស និងដើម្បីកុំឱ្យប៉ូលិសស្គាល់អត្តសញ្ញាណរបស់ពួកគេបាន នៅពេលដែលពួកគេ បានប៉ុនប៉ងគាស់ទ្វារចូលក្នុងអាគារនិងវាយបំបែកកញ្ចក់បង្អួចដែលនៅក្បែរច្រកចូលនោះ។
នៅកន្លែងផ្សេងៗទៀតក្នុងទីក្រុងហុងកុង ក្បួនដង្ហែមហាបាតុកម្ម បានចាប់ផ្ដើមនៅម៉ោង២កន្លះរសៀល ដោយក្រុមបាតុករបានដើរចេញពីសួនVictoria Park ឆ្ពោះទីទីតាំងមួយនៅក្បែរទីស្នាក់ការរបស់រដ្ឋាភិបាល។
នៅពេលដែលបាតុកម្ម ធ្វើឡើងជួនពេលគ្នានឹងទិវាគម្រប់ខួបនៃការប្រគល់ការគ្រប់គ្រងរបស់អង់គ្លេសទៅលើទីក្រុងហុងកុងទៅឱ្យចិនគ្រប់គ្រងវិញនោះ បាតុកម្មនេះ ត្រូវបានបញ្ឆេះដោយសារសេចក្ដីស្នើច្បាប់ស្ដីពីបត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលនឹងអនុញ្ញាតឱ្យមានការបញ្ជូនខ្លួនឧក្រិដ្ឋជនទៅឱ្យប្រទេសចិន៕