ក្រុមមន្រ្តីសិទ្ធិមនុស្សបានជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់លើលោក ឌួង ឆាយ ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សាលើអតីតភរិយារបស់លោក ដើម្បីបញ្ចៀសវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
កាលពីថ្ងៃទី ១៥ ខែមីនា អតីតភរិយារបស់លោក ឌួង ឆាយ លោកស្រី ដេត ម៉ាលីណា បានបង្ហោះវីដេអូមួយនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ដែលបានបង្ហាញពីការប្រើអំពើហិង្សាក្នុងគ្រួសារដោយលោក ឌួង ឆាយ បានវាយលោកស្រីជាច្រើនដង។
នៅក្នុងវីដេអូមួយដែលមានរយៈពេលជាង១ម៉ោងគេឃើញលោក ឌួង ឆាយ ប្រតាយប្រតាប់ជាមួយភរិយា ដោយមានកូនតូចនៅក្បែរ មុនពេលអ្នករស់នៅក្នុងផ្ទះជាមួយជួយបំបែកចេញ។ លោកស្រី ដេត ម៉ាលីណា ក៏បានស្នើសុំឲ្យតុលាការផ្តល់យុត្តិធម៌ជូនលោកស្រីផងដែរ។
បន្ទាប់ពីការបង្ហោះវីដេអូនោះលោក ឌួង ឆាយ ដែលគេស្គាល់ច្រើនលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានថ្កោលទោស ហើយលោកនិងភរិយាបានចេញមុខបកស្រាយទៅវិញទៅមក។ ទោះជាយ៉ាងណា ជាចំណាត់ការដំបូង លោក ឌួង ឆាយ ត្រូវបានព្រះមហាក្សត្របញ្ចប់ងារជាឧកញ៉ា។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ចាត់ទុកថាការដកគោរមងារឧកញ្ញ៉ា ជាចំណាត់ការផ្លូវច្បាប់មួយទៅលើជនប្រព្រឹត្តអំពើហិង្សា អាស្រ័យដោយគោរមងារនេះផ្តោតសំខាន់លើបុគ្គលដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។
ប៉ុន្តែលោកបានកត់សម្គាល់ផងដែរថារាល់ពេលមានការបង្ហោះតាមបណ្តាញសង្គមពីអំពើហិង្សា នៅក្នុងរូបភាពណាមួយនិងមានប្រតិកម្មច្រើន គេតែងឃើញអាជ្ញាធរចាត់វិធានការភ្លាមៗ។ យ៉ាងណាក្តី លោក អំ សំអាត មិនទាន់ឃើញមានចំណាត់ការណាមួយពីសំណាក់អាជ្ញាធរជុំវិញបញ្ហាខាងលើនោះទេ។
លោកប្រាប់ VOA ថា៖ «អញ្ចឹងបើសិនជាយើងយកបញ្ហានៃប្រវត្តិនៃការធ្លាប់ជួយទៅដល់រដ្ឋាភិបាលឬក៏ធ្លាប់ជួយផ្សេងៗទៀត ហើយមិនអនុវត្តទៅតាមផ្លូវច្បាប់ដែលជាអំពើបទល្មើសព្រហ្មទណ្ឌ អាហ្នឹងគឺវាអាចនឹងមាននិទណ្ឌភាព។ ប៉ុន្តែករណីនេះ ខ្ញុំនៅតែជឿជាក់ថា យើងរង់ចាំមើលបន្តទៀតទៅលើចំណាត់ការនោះបាទ»។
លោក អំ សំអាត បន្ថែមថា អង្គការសង្គមស៊ីវិលចង់ឃើញមានការអនុវត្តច្បាប់ដោយស្មើភាពគ្នា មិនថាបុគ្គលមានឋានន្តរសិក្ត គោរមងារឬអំណាចប៉ុណ្ណានៅក្នុងសង្គម។
ក្រោយមានការថ្កោលទោសខ្លាំងៗ លោក ឌួង ឆាយ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយរូបថតបួសជាព្រះសង្ឃ។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ក្រៅពីការបញ្ចេញសេចក្តីថ្លែងការណ៍ ដោយមិនចាំបាច់សាមីខ្លួនដែលជាភរិយារបស់លោក ឌួង ឆាយ ដាក់ពាក្យបណ្តឹងនោះទេ។
លោកស្រីប្រាប់ VOA ថា៖ «នឹងអាចទៅរួចបើសិនជាអាជ្ញាធរលោកមិនមានចំណាត់ការអីបន្ត។ យើងឃើញថានៅចុងក្រោយនេះ ទោះបីជាលោកឧកញ៉ាហ្នឹងលោកបានទៅបួស។ បួសហ្នឹងយើងមិនដឹងថាតើទិដ្ឋភាពនៃការបួសហ្នឹងគាត់បួសនៅក្នុងរយៈពេលខ្លីឬក៏យ៉ាងណាទេ។ ប៉ុន្តែការបួសនេះទៀតសោត ក៏មិនអាចឲ្យបុគ្គលដែលមានចំណោទហ្នឹងអាចរួចខ្លួនពីនីតិវិធីច្បាប់ដែរ។ អញ្ចឹងកន្លែងនេះដែលអាជ្ញាធរត្រូវបំពេញតាមនីតិវិធីបន្តទៀត»។
កាលពីថ្ងៃទី ១៧ ខែមីនា ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងមកលើលោកស្រី ដេត ម៉ាលីណា អតីតភរិយារបស់លោក ឌួង ឆាយ ដោយលើកឡើងថា ជនប្រព្រឹត្តអំពើហិង្សាក្នុងទម្រង់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
កញ្ញា ប៊ុន រចនា នាយិកាអង្គការក្លាហានដែលធ្វើការលើស្រ្តី បាននិយាយថា យុត្តិធម៌ត្រូវតែផ្តល់ដល់ជនរងគ្រោះ។
កញ្ញាប្រាប់ VOA ថា៖ «អ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺវាត្រឹមតែវិធានការរដ្ឋបាល[ការដកគោរមងារ] ហើយការណ៍ដែលត្រឹមតែប្រើប្រាស់វិធានការរដ្ឋបាល យកមកដោះស្រាយនូវរឿងករណីព្រហ្មទណ្ឌវាអត់ផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ ហើយវាបង្ហាញអំពីរឿងគួរឲ្យព្រួយបារម្ភមួយទៀតគឺវប្បធម៌និទណ្ឌភាពនៅក្នុងស្រុកយើង»។
កញ្ញា ប៊ុន រចនា បន្តថាកញ្ញាចង់ឃើញមានចំណាត់ការពីសំណាក់អាជ្ញាធរនិងតុលាការលើរាល់ករណីអំពើហិង្សាទាក់ទងនឹងយែនឌ័រ។
មុនពេលទៅបួសជាព្រះសង្ឃលោក ឌួង ឆាយ ដែលធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ ២០១៥ ដោយសារវាយកូនប្រុសរបស់ឧកញ៉ា ទ្រី ភាព បានចេញមុខបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយលោកថា ការប្រើហិង្សានោះជាជម្លោះចាស់និងថា អតីតភរិយាបានរឹតត្បិតសេរីភាពរបស់លោក។
ចំណែកកាលពីថ្ងៃអាទិត្យ លោក ឌួង ឆាយ បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថាលោកបានបួសជាព្រះសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណ និងលាងបាបកម្មទាំងឡាយ។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ឌួង ឆាយ និងលោកស្រី ដេត ម៉ាលីណា តាមប្រព័ន្ធទូរស័ព្ទ ប៉ុន្តែមិនមានការឆ្លើយតបទេនៅថ្ងៃពុធនេះ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថាតុលាការបានទទួលពាក្យបណ្តឹងរបស់លោកស្រី ដេត ម៉ាលីណា កាលពីថ្ងៃទី ១៥ ខែមីនា។ នេះបើតាមសារព័ត៌មានខេមបូចាដែលបានសម្ភាសអ្នកនាំពាក្យរូបនេះ។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញមានសង្ឃដីកាថា ជាទូទៅ ដរាបណាបុគ្គលរូបនោះត្រូវបានរកឃើញថា មិនជាប់ជំពាក់នឹងទោសទណ្ឌណាមួយ ទើបបុគ្គលនោះត្រូវបានអនុញ្ញាតឲ្យបួសជាព្រះសង្ឃ។
ព្រះអង្គបន្តថា ប្រសិនបើអំឡុងពេលនៅភាពជាព្រះសង្ឃ បុគ្គលរូបនោះប្រឈមនឹងការកោះហៅពីសមត្ថកិច្ចឬតុលាការ គឺបុគ្គលនោះត្រូវប្រឈមនឹងច្បាប់របស់ប្រទេស គឺត្រូវផ្សឹកដើម្បីនាំខ្លួន៕