សង្គមស៊ីវិលដែលការពារសិទ្ធិស្ត្រីបារម្ភថា ការឃាត់ខ្លួនស្ត្រីអ្នកផ្សព្វផ្សាយលក់ឡេតាមអនឡាញជាបន្តបន្ទាប់ក្រោមហេតុផលថា ស្ត្រីទាំងនោះស្លៀកពាក់ស៊ិចស៊ីជ្រុល និងប្រើសម្តីអសីលធម៌អាចបង្កឲ្យមានការរិតត្បិតបន្ថែមលើសិទ្ធិសេរីភាពរបស់ស្ត្រី ដែលមិនគួរកំណត់ដោយច្បាប់។
ការបារម្ភរបស់សង្គមស៊ីវិលទាំងនេះធ្វើឡើង បន្ទាប់ពីស្ត្រីអ្នកលក់ឡេដែលអះអាងថាជាប្រភេទឡេពង្រីកដើមទ្រូងម្នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកបំភ្លឺឲ្យសុំទោសជាសាធារណ: និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយលក់ឡេផ្ទាល់តាមបណ្តាញសង្គម។
បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ បញ្ជាក់ថា៖ «ស្ត្រីម្នាក់ឈ្មោះ ម៉ឹង ស្រីនួន ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពស៊ិចស៊ីជ្រុល និងប្រើប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺសុំទោសជាសាធារណ: និងធ្វើកិច្ចសន្យា»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) ប្រាប់ VOA នៅថ្ងៃពុធនេះថា ការស្លៀកពាក់ និងការនិយាយ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូប ដែលគួរតែត្រូវបានកំណត់ត្រឹមការយល់ឃើញរបស់មហាជន មិនគួរជាការប្រើប្រាស់ច្បាប់មកអនុវត្តនោះទេ។
លោកស្រីបន្តថា ការកោះហៅ ឬការឃាត់ខ្លួនដើម្បីណែនាំ ឬកិច្ចសន្យាដោយអាជ្ញាធរ គឺជាការរិតត្បិតដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។
«នៅពេលដែលបុគ្គលណាម្នាក់គាត់សម្តែងនូវការបញ្ចេញមតិ តាមរូបភាពជាលក្ខណៈស្លៀកពាក់ហ្នឹង ខ្ញុំគិតថាទុកឲ្យសាធារណជនគាត់វិនិច្ឆ័យទៅ បើគាត់ពេញចិត្តគាត់នឹងចូលរួម ប៉ុន្តែបើគាត់មិនពេញចិត្តទេ គាត់អាចលើកទៅតាមទស្សនៈមតិរបស់គាត់ ប៉ុន្តែយើងត្រូវទុកឲ្យបុគ្គលម្នាក់ៗជាអ្នកមានសិទ្ធិក្នុងការសម្រេចលើការស្លៀកពាក់របស់ខ្លួនទៅ»។
លោកស្រីបារម្ភថា ការព្យាយាមកំណត់ថាការស្លៀកពាក់របស់ស្ត្រីធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ នឹងធ្វើឲ្យស្ត្រីកាន់តែប្រឈមនឹងការរើសអើង និងការប្រើហិង្សាផ្សេងៗ។
«យើងត្រូវញែកឲ្យដាច់រវាងអង្គហេតុ ដែលស្ត្រីគាត់ស្លៀកពាក់ និងអង្គហេតុនៃបទល្មើសទៅលើស្ត្រី។ អញ្ចឹងខ្ញុំគិតថាវិធានការណាមួយ យើងត្រូវថ្លឹងថ្លែងក្នុងការធ្វើយ៉ាងម៉េចថា វិធានការហ្នឹងវាពិតជាបានចូលរួមក្នុងការការពារសុវត្ថិភាព និងការពារកិត្តិយសរបស់ស្ត្រីហ្នឹង តាមរយៈការឆ្លើយតបទៅលើបទល្មើសលើស្ត្រី មិនមែនតាមរយៈការដាក់បន្ទុកបន្ថែមទៅលើស្ត្រីនោះទេ»។
ចំណែកកញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហាន លើកឡើងថា សកម្មភាពនៃការផ្សព្វផ្សាយផ្ទាល់លក់ឡេរបស់កញ្ញា ម៉ឹង ស្រីនួន មិនមែនជាសកម្មភាពខុសច្បាប់ និងមិនបានធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់នោះទេ។
កញ្ញា បុណ្យ រចនា បន្ថែមថា ការចាត់វិធានការលើស្ត្រីរូបនោះ គឺជាការរើសអើងស្ត្រីប៉ះពាល់ដល់ការប្រកបអាជីវកម្មព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាច្រើនទៀតរបស់ស្ត្រីជាទូទៅ។
អ្នកដឹកនាំអង្គការផ្តោតលើការការពារសិទ្ធិនិងសេរីភាពរបស់ស្ត្រី រូបនេះបញ្ជាក់ថា៖ «ស្ត្រីគាត់នឹងមានការភ័យខ្លាច។ មុនពេលដែលគាត់ចេញក្រៅផ្ទះ ឬក៏គាត់និយាយអី ឬគាត់ស្លៀកអី គាត់ត្រូវគិតថាតិចស្លៀកអញ្ចឹងតិចប៉ូលិសចាប់ទៅ? ហើយបើសិនជាវាមានរឿងដល់បែបហ្នឹង អាហ្នឹងវាធ្វើឲ្យសង្គមមួយដែលស្ត្រីហ្នឹងគាត់អត់អាចប្រើប្រាស់នូវសិទ្ធិសេរីភាពពេញលេញ ក្នុងនាមជាមនុស្សម្នាក់ដែលច្បាប់ជាតិនិងអន្តរជាតិធានានូវសិទ្ធិឯកជនភាព និងស្វ័យសម្រេចរបស់ស្ត្រីហ្នឹង»។
រហូតមកដល់ថ្ងៃពុធនេះ គេមិនឃើញហ្វេសប៊ុកឈ្មោះ J No Cosmetic ស្ថិតលើបណ្តាញសង្គមហ្វេសប៊ុកទៀតនោះទេ។
ប៉ុន្តែក្នុងវីដេអូដែលត្រូវបានគេចែកចាយឡើងវិញ បង្ហាញពីសកម្មភាពរបស់កញ្ញា ម៉ឹង ស្រីនួន កំពុងពាក់អាវពណ៌ខ្មៅចំហរផ្នែកខាងលើដើមទ្រូង និងបានយកឡេលាបលើផ្នែកនោះ និងលាបលើអាវផ្នែកដើមទ្រូងផងដែរ។
ខណៈកំពុងលាប កញ្ញាក៏បានអំពាវនាវឲ្យមានការជួយទិញឡេ ដោយរៀបរាប់ពីប្រសិទ្ធភាពថា អាចពង្រីកដើមទ្រូងបាន។
នេះមិនមែនជាករណីទីមួយទេ ដែលអាជ្ញាធរបានកោះហៅ និងឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្សផ្សាយផ្ទាល់ ដែលអាជ្ញាធរអះអាងថាជា «សកម្មភាពធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណីនិងកិត្តិយសរបស់ស្ត្រីខ្មែរ»។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាង ថៃ ស្រីនាង អ្នកលក់ផលិតផលគ្រឿងសម្អាងឈុតគេងនារី តាមរយៈការបង្ហោះលក់លើបណ្តាញសង្គមត្រូវបានអាជ្ញាធរឃាត់ខ្លួនណែនាំនិងឲ្យចុះកិច្ចសន្យាលើករណី ដែលអាជ្ញាធរចាត់ទុកថា «នាងបានបង្ហោះរូបភាពសិចស៊ីជ្រុលហួសហេតុ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណីនិងកិត្តិយសរបស់ស្ត្រីខ្មែរ»។
មួយថ្ងៃបន្ទាប់អ្នកនាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ដោយតុលាការចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ និងសម្រេចបញ្ជូនទៅឃុំខ្លួនមួយរយៈ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ VOA ថា ការឃាត់ខ្លួនកញ្ញា ម៉ឹង ស្រីនាង ដើម្បីអប់រំ និងធ្វើកិច្ចសន្យា គឺដោយសារនាងផ្សព្វផ្សាយផ្ទាល់វីដេអូបង្ហាញភាព «សិចស៊ីជ្រុល» និងប្រើសម្តី «អសីលធម៌» ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ឆ្លើយតបនឹងសំណួរថា តើអាជ្ញាធរប្រើមាត្រា ឬច្បាប់ណាដើម្បីចាត់វិធានការលើស្ត្រីអ្នកលក់ឡេរូបនោះ លោក សាន សុខសីហា បញ្ជាក់យ៉ាងដូច្នេះ៖ «ជាគោលការណ៍រួមមកគឺយើងបានអនុវត្ត សូម្បីតែខាងក្រសួងកិច្ចការនារី ទាក់ទងក្រសួងវប្បធម៌ ក៏គេតែងតែប្រកាសដែរទាក់ទងនឹងការស្លៀកពាក់តម្រូវឲ្យមានការស្លៀកពាក់ ហើយខ្ញុំក៏មិនចាំមាត្រាហ្នឹងច្បាស់ដែរ តែទាក់ទងនឹងការស្លៀកពាក់ ទាក់ទងនឹងការបង្ហាញកាយវិការ សម្តីសំដៅអសីលធម៌ផ្សេងៗ គឺយើងនឹងមានវិធានការ»។
លោក សាន សុខសីហា បន្ថែមថា បន្ទាប់ពីកញ្ញា ម៉ឹង ស្រីនួន ទទួលស្គាល់កំហុសនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផ្សព្វផ្សាយវីដេអូបែបនោះ អាជ្ញាធរក៏បានអនុញ្ញាតឲ្យនាងត្រឡប់ទៅវិញ។
VOA បានទាក់ទងសុំការអត្ថាធិប្បាយពីកញ្ញា ម៉ឹង ស្រីនួន ដោយកញ្ញាបានទទួលទូរស័ព្ទ តែមិនព្រមឆ្លើយតប។
កាលពីដើមឆ្នាំ ២០២០ រដ្ឋាភិបាលបានប្រកាសចាត់វិធានការលើស្ត្រីលក់ផលិតផលតាមអ៊ីនធឺណិតរូបណាដែលស្លៀកពាក់ «សិចស៊ីជ្រុល»។
នៅក្នុងការថ្លែងទៅកាន់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីកាលពីខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា អ្នកលក់ផលិតផលតាមបណ្ដាញសង្គមលើអ៊ីនធឺណិតមួយចំនួនធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ដោយសារពួកគេបានបង្ហាញភាពសិចស៊ីជ្រុល។
ក្រោយការប្រកាសនោះ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយ ចែងពីការហាមប្រាមបុរសដែលចេញក្រៅផ្ទះមិនពាក់អាវនិងហាមស្ត្រីមិនឲ្យ «ស្លៀកខ្លីខើចលើខើចក្រោម» ឬ «សម្លៀកបំពាក់ស្តើងដែលអាចមើលឃើញកេរភេទ»។
អង្គការសិទ្ធិមនុស្សនានាលើកឡើងថា វិធានការរបស់រដ្ឋាភិបាល និងការចែងក្នុងសេចក្តីព្រាងច្បាប់នោះគឺជាការរើសអើងស្ត្រី ហើយអាចនឹងត្រូវគេយកទៅអនុវត្តធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ស្ត្រី ក៏ដូចជាការបង្កើតនូវវប្បធម៌និទណ្ឌភាពទាក់ទងអំពើហិង្សាផ្លូវភេទជាដើម៕