«ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ» ជាសម្រង់ពាក្យសម្ដីរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅចំពេលនៃការរំឭកខួប៥ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។
នៅក្នុងឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក ផ្ទាំងរូបថតថ្មីមួយសន្លឹក របស់លោក កែម ឡី ក៏ត្រូវបានដំឡើងនៅច្រកទ្វារចូលផ្ទះរបស់អ្នកវិភាគរូបនេះ។
បើទោះកន្លងទៅ៥ឆ្នាំហើយ អ្នកស្រឡាញ់ចូលចិត្តលោក កែម ឡី និងក្រុមគ្រួសារ នៅតែបន្តជំរុញរកឲ្យឃើញអ្នកបញ្ជាពីក្រោយនៃអំពើឃាតកម្មនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយសារពួកគេមិនជឿលើអ្វីដែលខ្មាន់កាំភ្លើងបានអះអាងថាលោក កែម ឡី ជំពាក់លុយ។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក រស់ សារ៉ាត់ និយាយថាយុត្តិធម៌ចំពោះឃាតកម្មលើលោក កែម ឡី ស្ថិតក្នុងភាពស្រពេចស្រពិល ពាក់ព័ន្ធនឹងជនដែលនៅពីក្រោយខ្នងនៃការរៀបចំផែនការបាញ់សម្លាប់អ្នកវិភាគរូបនេះ។
លោកប្រាប់វីអូអេថា៖ «អ្វីដែលរដ្ឋាភិបាលរកឃើញ ដែលតុលាការរកឃើញនោះ គឺវាមិនទាន់មានតម្លាភាពទេ ហើយក៏ស្នើឲ្យមានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ មានតម្លាភាពទាក់ទងជាមួយនឹងករណីរបស់លោកបណ្ឌិតកែម ឡី ។ អីចឹងជាការស្នើរបស់អន្តរជាតិ ឬក៏សង្គមស៊ីវិលហ្នឹង រដ្ឋាភិបាលគួរតែពិចារណាក្នុងការធ្វើការស៊ើបអង្កេតមួយឲ្យបានល្អិតល្អន់ និងតម្លាភាពសម្រាប់ករណីហ្នឹង ដើម្បីឲ្យភាគីសងខាង គាត់អាចទទួលយកបានទាំងអស់គ្នា»។
លោក រស់ សារ៉ាត់ បន្ថែមថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជានិច្ចកាលបានរៀបកម្មវិធីរំឭកដល់ការស្លាប់លោកកែម ឡីជារៀងរាល់ឆ្នាំ ដើម្បីចងចាំនូវអ្វីដែលជាការលះបង់របស់លោកក្នុងការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការធ្វើការងារសង្គមផ្សេងទៀត។
«ឆ្នាំហ្នឹង យើងក៏បន្តធ្វើពិធីរំឭកខួប៥ឆ្នាំរបស់គាត់ ដែលនឹងមកដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខហ្នឹង ហើយ យើងក៏មានជាការបង្ហោះសារ ហើយជាការចងចាំនូវកេរដំណែល វីរភាពដែលលោកបណ្ឌិតបានបន្សល់ទុក សម្រាប់សង្គមកម្ពុជារបស់យើង»។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ។
ការបាញ់សម្លាប់លោកកែម ឡី កើតឡើងក្រោយពីលោកបានធ្វើសេចក្តីអធិប្បាយក្នុងការចេញផ្សាយរបាយការណ៍មួយរបស់អង្គការការពារបរិស្ថានឈ្មោះ Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លើសពីនេះ លោក កែម ឡី បានចូលរួមធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមតាមវេទិកាអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានផ្សេងៗ។ លោកបានវិភាគបញ្ហារសើបៗ ដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថាន បក្ខពួកនិយម និងអំពើពុករលួយក្នុងសង្គមខ្មែរ។
ភ្លាមៗក្រោយការបាញ់សម្លាប់លោក កែម ឡី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចាត់ទុកថាការធ្វើឃាតលោក កែម ឡី បានធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាល់រដ្ឋាភិបាល»។ លោកអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ«ធ្វើជារឿងនយោបាយ»។
លោក ហ៊ុន សែន ថ្លែងកាលពីខែកក្កដាឆ្នាំ២០១៦ ថា៖ «សង្ឃឹមថារឿងទាំងនេះ អ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់បញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុចអាល ដែលនាំឲ្យជាតិចលាចលនោះទេ»។
ក្រោយអំពើឃាតកម្មនេះ បុរសម្នាក់ឈ្មោះអឿត អាង ហៅជួប សម្លាប់ ត្រូវបានចាប់ខ្លួន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែក្រុមគ្រួសាររបស់លោក កែម ឡី មិនជឿការអះអាងរបស់បុរសនោះដែលថាមូលហេតុនៃការធ្វើឃាតនេះ ដោយសារការជំពាក់ប្រាក់នោះទេ។ ក្រុមគ្រួសារបន្តទាមទារឲ្យរកជនពាក់ព័ន្ធនិងអ្នកបញ្ជាពីក្រោយខ្នងនៃការបាញ់សម្លាប់នេះ។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ប្រាប់វីអូអេពីប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៦ ខែកក្កដាថាខ្មាន់កាំភ្លើងដែលគេចាប់បាននោះ មិនអាចបញ្ជាក់ពីការពិតនៅពីក្រោយឃាតកម្មលើស្វាមីរបស់អ្នកស្រីឡើយ។
«រឿងឃាតករ យើងដឹងស្រាប់ហើយថា គេបំបិទយើងចោលអស់ហើយ រឿងឃាតករហ្នឹង គេគិតថា យើងរក ឃាតករបានហើយ ហើយ។ អីចឹង គេក៏បិទសំណុំរឿងហ្នឹងចោលទៅ ហ្នឹងហើយ គេគិតថា យុត្តិធម៌សម្រាប់យើងបានហើយ តែសម្រាប់ខ្ញុំអត់ទទួលបានទេ ខ្ញុំអត់ទទួលស្គាល់»។
អ្នកស្រីបន្ថែមថានៅប្រទេសអូស្ត្រាលី ជាទីដែលអ្នកស្រីនិងកូនប្រុស៥នាក់ទទួលបានសិទ្ធិជ្រកកោន នឹងមានការរៀបចំពិធីរំឭកខួប៥ឆ្នាំនៃការស្លាប់របស់ស្វាមីអ្នកស្រី នៅវត្តពុទ្ធរង្សី ហៅវត្តធំ ស្ថិតក្នុងទីក្រុង Melbourne រដ្ឋ Victoria។
បើទោះជារស់នៅឆ្ងាយពីប្រទេសកំណើតយ៉ាងណាក្តី អ្នកស្រី ប៊ូ រចនា បន្តឃ្លាំមើលស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយអ្នកស្រីកត់សម្គាល់ថាយុត្តិធម៌សម្រាប់ការស្លាប់ស្វាមីអ្នកស្រីក៏មិនទាន់មាន ប៉ុន្តែការចាប់ខ្លួនសកម្មជននយោបាយ និងចុងក្រោយនេះ គឺការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេងមួយចំនួនបានបន្តកើនឡើង។
អ្នកស្រីនិយាយថា៖ «ហើយសួរថាគ្នាក្មេងៗយុវជន យុវតីប៉ុណ្ណឹងៗ គាត់ទៅមានអីទៅក្បត់ជាតិរឿងអីគេ យកអីទៅក្បត់ យកអីទៅអះអាង ហើយទៅក្បត់កើតនោះ មិនថាបន្ទុកទាំងអស់ហ្នឹង គឺដាក់មកហ្នឹង គឺវាខុសស្រឡះហ្មង វាអត់ត្រូវចំណុចដែលត្រូវចាប់គាត់»។
ចំណែកអ្នកនយោបាយនៅកម្ពុជា ដូចជាលោក សាម អ៊ីន ដែលជាអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថាយុត្តិធម៌សម្រាប់លោកកែម ឡី ស្ថិតក្នុងភាពអាថ៌កំបាំង ខណៈភស្តុតាងសំខាន់មួយចំនួន មិនត្រូវបានគេបញ្ចេញជាសាធារណៈ តួយ៉ាងកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅស្ថានីយប្រេងកាល់តិច ស្តុបបូកគោនោះ។
លោកប្រាប់វីអូអេ៖ «យើងដឹងថា លោកបណ្ឌិតកែម ឡី ហ្នឹងបានលាចាកយើងទៅក្នុងរយៈពេល៥ឆ្នាំហើយ ជិត៥ឆ្នាំហើយ ហើយយុត្តិធម៌ទៅលើឃាតកម្មចំពោះលោកបណ្ឌិត កែម ឡី ហ្នឹង ជិត៥ឆ្នាំមកហើយនេះ ហាក់នៅភាពស្រពេចស្រពិលមិនច្បាស់លាស់នៅឡើយ ជាពិសេសកាមេរ៉ានៅស្តុបកាល់តិច នៅស្តុបបូកគោហ្នឹង គឺមិនត្រូវបានលាតត្រដាង បង្ហាញឲ្យបានច្បាស់លាស់ជូនសាធារណជនធ្វើឲ្យការសម្លាប់លោកបណ្ឌិតកែម ឡី ហ្នឹង គឺនៅមានភាពស្រពេចស្រពិលមិនច្បាស់លាស់ ហើយយើងមិនទាន់ជឿទៅលើប្រព័ន្ធយុត្តិធម៌»។
លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់លោក កែម ឡី ថ្លែងប្រាប់វីអូអេថាការទាមទាររកយុត្តិធម៌របស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកដែលនៅចងចាំលោក កែម ឡី គឺត្រូវបានស្វាគមន៍ដោយក្រុមគ្រួសារ ប៉ុន្តែយុត្តិធម៌អាចរកឃើញបានឬយ៉ាងណានោះ គឺអាស្រ័យលើតុលាការ។
«រហូតមកដល់ពេលនេះ យើង៥ឆ្នាំហើយ ភាពអយុត្តិធម៌ដែលអង្គការសង្គមស៊ីវិល ឬមួយក៏អ្នកដែលនៅក្រៅប្រទេសទាមទារនេះ គឺយើងអបអរសាទរ។ ប៉ុន្តែចំពោះក្រុមគ្រួសារ យើងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺយើងអត់មានលទ្ធភាព អត់មានអ្វីដែលជាងតុលាការ ជាងប្រព័ន្ធច្បាប់ទេ។ យើងរំពឹងទៅលើប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការ ភាពយុត្តិធម៌នេះ គឺយើងនៅតែបន្តរក អាហ្នឹងគឺយើងតាមគេ»។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ការពារវិធានការរបស់អាជ្ញាធរកន្លងមក ដែលចាប់បានឃាតក យកមកផ្តន្ទាទោស ឈានដល់ការបិទបញ្ចប់កិច្ចស៊ើបអង្កេតសំណុំរឿងឃាតកម្មនេះ។
«ការតវ៉ាសង្គមស៊ីវិលមួយក្តាប់តូចនេះ ទោះបីតវ៉ា១០ទៅ ២០ឆ្នាំទៀត ក៏នៅប៉ុណ្ណឹងដែរ ព្រោះអីវាអត់មានភស្តុតាង ឬក៏សក្ខីកម្ម មូលដ្ឋានផ្នែកច្បាប់ណារឹងមាំយកមកតវ៉ា ដោយសារសមត្ថកិច្ចគេបានធ្វើការស៊ើបអង្កេត និងបិទបញ្ចប់ករណីនេះ ដោយក្នុងនោះ ជនដៃដល់ត្រូវបានរកឃើញ ហើយផ្តន្ទាទោសតាមផ្លូវច្បាប់»។
កាលពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាប់ខ្លួនមនុស្សដែលអះអាងថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ លោកថាការលើកឡើងនេះ មិនអាចទទួលយកបាននោះទេ។ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយបែបនេះ គណបក្សប្រជាជនកម្ពុជាក៏បានប្តឹងមនុស្ស២នាក់ផងដែរ ដែលមានអ្នកវិភាគ លោក គឹម សុខ និងអតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកស្រី ថាក់ ឡានី ដែលក្រោយមកត្រូវបានលើកលែងទោស និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនមួយចំនួន បានដាក់រូបភ្ជាប់ឈ្មោះរបស់លោក កែម ឡី ឬរូបថតរបស់អ្នកវិភាគរូបនោះ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣ ខែកក្កដា ថា៖ «#យើងមិនភ្លេច លោក បណ្ឌិត កែម ឡីឡើយ!# លោកបានបន្សល់ទុកស្នាដៃច្រើនណាស់សម្រាប់យើងជាពិសេសស្នាដៃនៃគំនិតល្អៗរបស់លោក!!!!»។
ប្អូនប្រុសរបស់លោក កែម ឡី គឺ លោក កែម រិទ្ធិសិត នៅតែកោតសរសើរបងប្រុសអំពីការហ៊ាននិយាយការពិតរបស់គាត់។
«អ្វីដែលខ្ញុំចាំច្បាស់នេះ គឺថាគាត់ចង់និយាយ ឬចង់ថ្លែងអីមួយ គឺគាត់សិក្សាបានច្បាស់ណាស់ បានច្បាស់លាស់ណាស់បានគាត់ហ៊ាននិយាយ ហើយគាត់និយាយគឺគាត់មិនចេះនិយាយអ្វីដែលមិនពិតទេ។ គាត់និយាយភាគច្រើន និយាយចេញអំពីការសិក្សាស្រាវជ្រាវ គាត់អត់ដែលបន្លំខ្មៅទៅជាស សទៅជាខ្មៅទេ»។
ក្រោមដំបូលរោងប្រកដោយស័ង្កសី ដែលជាទីតម្កល់ចេតិយដាក់សពរបស់លោកបណ្ឌិតកែម ឡីក្នុងឃុំលាយបូរ ខេត្តតាកែវ អ្នកស្រី ភោគ សេ អាយុ៨១ឆ្នាំ ដែលជាម្តាយរបស់លោក កែម ឡី មានប្រសាសន៍ថានៅឆ្នាំនេះ ពិធីបុណ្យរំឭកខួបរបស់កូនប្រុស នឹងធ្វើឡើងទៅតាមទម្លាប់នៃពុទ្ធសាសនា តែអ្នកចូលរួមមិនត្រូវបានអនុញ្ញាតឲ្យមកជាក្រុមៗ ក្នុងចំនួនច្រើននោះទេ។
«ទទួលដែរ ប៉ុន្តែដល់រង្វើល ដល់មនុស្សច្រើនក៏ទទួលតាមយើងនេះចឹង តាមតែគេមកអុជធូបចឹងទៅ ហើយគេទៅវិញទៅ អត់មាននៅដូចមុន ដេកមួយយប់ដេកអីដូចមុន មុនដេកពីរយប់ណោះ»។
ទាំងអ្នកស្រី ភោគ សេ និងលោក កែម រិទ្ធិសិត និយាយថាពួកគាត់នៅចងចាំគ្រប់អនុស្សាវរីយ៍ដែលមានជាមួយលោក កែម ឡី កាលលោកនៅមានជីវិត។ លោក រិទ្ធិសិត យល់ថាបងប្រុសរបស់គាត់ជាមនុស្សមានចិត្តទូលាយនិងទទួលយកការផ្តល់យោបល់ពីអ្នកដទៃ។
លោក រិទ្ធិសិត ថ្លែងថា៖ «ខ្ញុំឧទាហរណ៍ ដូចជាគាត់ ធ្លាប់ធ្វើជាប្រធានអង្គការមួយ គឺអង្គការមួយនៅខាងភ្នំពេញនេះ ខ្ញុំមិនបានចាំឈ្មោះទេ ហើយខ្ញុំបានជួបបុគ្គលិករបស់គាត់ហ្នឹង គាត់ថាលោកបណ្ឌិត កែម ឡី គាត់ចិត្តទូលាយ មានន័យថាគាត់ផ្តល់ចំណេះ ផ្តល់អ្វីៗដែលគាត់មានឲ្យទៅបុគ្គលិកទាំងអស់ ទោះបីបុគ្គលិកមានការខុសឆ្គង ក៏អត់មានការស្តីបន្ទោសអី ចាប់កំហុសអីខ្លាំងដែរ ឲ្យកែប្រែដោយខ្លួនឯង ដឹងកំហុសដោយខ្លួនឯង។ ហើយគាត់ជាមនុស្សដែលគាត់ទទួលការគោរពគ្រប់មជ្ឈដ្ឋានទាំងអស់ មិនមែនគាត់រឹងទទឹងមិនស្តាប់ទេ»៕