ក្រុមសិទ្ធិមនុស្សកំពុងបង្ហាញក្តីបារម្ភតំណាងឱ្យបុគ្គលិកយោធាអាហ្វហ្គានីស្ថានរាប់រយនាក់និងក្រុមគ្រួសារដែលបានរត់ភៀសខ្លួនទៅប្រទេសអ៊ូសបេគីស្ថានជាមួយយន្តហោះជិត៥០គ្រឿងនៅពេលដែលកងកម្លាំងតាលីបង់ជិតចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីខែមុន។
អង្គការឃ្លាំមើលសិទិ្ធមនុស្សនិងអង្គការដទៃទៀតបារកម្ភខ្លាចអាជ្ញាធរអ៊ូសបេគីស្ថាននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសអាហ្វហ្គានីស្ថានវិញដែលធ្វើឱ្យពួកគេងាយរងគ្រោះពីការសងសឹកដោយមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន។
លោក Hugh Williamson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សសម្រាប់អឺរ៉ុបនិងអាស៊ីកណ្តាលបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលក្រុងតាស្កិនមានកាតព្វកិច្ចគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិដោយមិនប្រគល់មនុស្សទៅប្រទេសដែលពួកគេអាចប្រឈមនឹងការធ្វើទារុណកម្មឬស្លាប់»។អង្គការនេះក៏មានការព្រួយបារម្ភអំពីជនជាតិអាហ្វហ្គានីស្ថានរាប់រយនាក់ផ្សេងទៀតដែលបានភៀសខ្លួនទៅប្រទេសអ៊ូសបេគីស្ថានហើយមានហានិភ័យនៃការបញ្ជូនត្រឡប់មកវិញ។
អ្នកស្រី Jennifer Murtazashvili នាយិកាមជ្ឈមណ្ឌលអភិបាលកិច្ចនិងទីផ្សារនៃសាកលវិទ្យាល័យPittsburghនិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរទទួលអាកាសយានិកទាំងនេះមកកាន់សហរដ្ឋអាមេរិកដោយផ្តល់សិទ្ធិជ្រកកោនដូចអ្វីដែលស.រ.អា.បានធ្វើចំពោះទាហានអាហ្វហ្គានីស្ថានដទៃទៀតដែលមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមអាមេរិករយៈពេលពីរទសវត្សរ៍នេះ។
អ្នកស្រី Murtazashvili បាននិយាយថា៖ «អ្នកឯកទេសដែលទទួលការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិកទាំងនេះបានប្រឈមនឹងការធ្វើឃាតតាំងពីមុនពេលក្រុមតាលីបង់ចូលកាន់កាប់ម៉្លេះ»។
បុគ្គលិកយោធាអាហ្វហ្គានីស្ថានសរុបចំនួន៥៨៥នាក់និងគ្រួសាររបស់ពួកគេបានជិះយន្តហោះយោធា២២ គ្រឿង និងឧទ្ធម្ភាគចក្រ២៤ គ្រឿងទៅប្រទេសអ៊ូសបេគីស្ថាននៅម៉ោងចុងក្រោយមុនការដួលរលំនៃទីក្រុងកាប៊ុល។ពួកគេត្រូវបានស្ទាក់ចាប់ដោយយន្តហោះយោធាអ៊ូសបេគីស្ថានដែលបង្ខំឱ្យពួកគេចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមួយក្នុងទីក្រុង Termez ដែលនៅជិតព្រំដែនប្រទេសអាហ្វហ្គានីស្ថាន៕