ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា «មហន្តរាយ​មនុស្សធម៌​ជិត​កើតឡើង» នៅ​អាហ្វហ្គានីស្ថាន


ប្រជាជន​អាហ្វហ្គានីស្ថាន​​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ស្រុក​ដោយសារ​តែ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​តាលីបង់ និង​កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន នាំ​គ្នា​អង្គុយ​នៅ​ក្នុង​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​វិហារ​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១។
ប្រជាជន​អាហ្វហ្គានីស្ថាន​​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុង​ស្រុក​ដោយសារ​តែ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​តាលីបង់ និង​កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន នាំ​គ្នា​អង្គុយ​នៅ​ក្នុង​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​វិហារ​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា «មហន្តរាយ​មនុស្សធម៌​ជិត​កើតឡើង» នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នៅ​ទី​នោះ ប្រជាពលរដ្ឋ​ស្ទើរតែ​ពាក់​កណ្តាល​ត្រូវការ​ជំនួយ​ដើម្បី​រស់។

លោក Guterres បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ «នៅ​ថ្ងៃ​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​ឈាន​ចូល​ដំណាក់កាល​ថ្មី ខ្ញុំ​ចង់​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​មនុស្សធម៌​និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​នេះ និង​សញ្ញា​គំរាមកំហែង​នៃ​ការ​ដួលរលំ​ទាំងស្រុង​នៃ​សេវា​មូលដ្ឋាន​នានា»។ លោក​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​ទីមួយ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ការ​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន ដោយ​ទុក​ឲ្យ​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ (Taliban)។

គ្រោះ​រាំងស្ងួត សង្គ្រាម និង​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន ១៨ លាន​នាក់​គ្មាន​សុវត្ថិភាព​ស្បៀង​អាហារ ហើយ​កុមារ​ជាង​ពាក់​កណ្តាល​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ ត្រូវ​គេ​រំពឹង​ថា​នឹង​ខ្វះ​អាហារូបត្ថម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ក្រោយ។ តម្លៃ​ម្ហូប​អាហារ​បាន​កើនឡើង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​មិន​មាន​លទ្ធភាព​ទិញ ហើយ​ពួកគេ​ក៏​មិន​អាច​ទទួល​បាន​សេវា​មូលដ្ឋាន​នានា​ផងដែរ។

អង្គការ​សហ​ប្រជាជាតិ​បាន​ជួយ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចាប់តាំង​ពី​ទសវត្សរ៍ ១៩៦០ មក។ លោក Guterres បាន​សន្យា​ថា៖ «ការ​តាំងចិត្ត​ខាង​ប្រព័ន្ធ​មនុស្សធម៌​នៅ​ក្នុង​ការ​បន្ត​វត្តមាន​និង​ផ្ដល់​ជំនួយ [នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន] នឹង​មិន​ប្រែប្រួល​ឡើយ»។

លោក​បាន​កត់​សម្គាល់​ថា ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ចាប់តាំង​ពី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​មក អង្គការ​សហ​ប្រជាជាតិ​បាន​ផ្តល់​ស្បៀង​អាហារ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨០.០០០ នាក់ និង​កញ្ចប់​ជំនួយ​ដល់​ក្រុម​គ្រួសារ​ដែល​ផ្លាស់​ទីលំនៅ​រាប់​ពាន់​គ្រួសារ។ យន្តហោះ​ដំបូង​នៃ​យន្តហោះ ៣ គ្រឿង​ដែល​ដឹក​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ បាន​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ចន្ទ។ សរុប​មក​នៅ​ក្នុង​ឆ្នាំ​នេះ អង្គការ​សហ​ប្រជាជាតិ​បាន​ជួយ​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ចំនួន ៨ លាន​នាក់។

ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា​យ៉ាង​ច្រើន។ នៅឆ្នាំ​នេះ អង្គការ​នេះ​បាន​ស្នើ​ម្ចាស់​ជំនួយ​សុំ​ថវិកា​ចំនួន ១ ពាន់ ៣ រយ​លាន​ដុល្លារ ប៉ុន្តែ​ទទួល​បាន​តិច​ជាង ៤០%។ លោក Guterres បាន​និយាយ​ថា នៅ​សប្តាហ៍​ក្រោយ អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ឲ្យ​ត្រូវ​តាម​តម្រូវការ​ដែល​កំពុង​កើន​ឡើង៕

XS
SM
MD
LG