ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​៤​រូប​នៃ​ស្ថាប័ន​អ.ស.ប.​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​«ការ​គំរាម​ជាសាធារណ:»​លើ​នាយក​រង​អង្គការ​លីកាដូ


រូបឯកសារ៖ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ចូល​រួមប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​
រូបឯកសារ៖ លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ចូល​រួមប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​

ក្រុម​មន្ត្រី​នៃ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ចំនួន ​៤​ របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​«គំរាម​ចាប់​ខ្លួន»​នាយក​រង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​គឺ​លោក​អំ សំអាត ​កាល​ពី​ចុង​ខែ​មីនា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។ នេះ​បើយោង​តាម​លិខិត​រួម​គ្នា​មួយ​ច្បាប់​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែ​កក្កដា​នេះ ដោយ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លិខិត​របស់​អ្នក​ជំនាញ​ការ​សិទ្ធិ​មនុស្ស​ទាំង​៤​ចុះ​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ​ផ្ញើ​ជូន​ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​ថា៖​

«យើង​បារម្ភ​ថា​ ការ​គំរាមកំហែង​ជា​សាធារណៈ​បែប​នេះ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​មាន​ឥទ្ធិពល​បន្ទុច​បង្អាក់​ទៅលើ​សេរីភាព​នៃ​ការ​សម្តែង​មតិ​ សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់ និង​លំហ​សម្រាប់​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ជាសាធារណៈ​ និង​ការ​ធ្វើ​សកម្មភាព​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩»។​

ប្រតិកម្ម​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ទាំង​នេះ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ធ្វើ​ឡើង ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ចុង​ខែ​មីនា ​ឆ្នាំ​២០២០​កន្លង​ទៅ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដោយព្រមាន​លោក អំ សំអាត​ ទាក់ទង​នឹង​អត្ថាធិប្បាយ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រូប​នេះ​អំពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជាទៅ​លើ​បុគ្គល​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​កូវីដ១៩​នៅ​កម្ពុជា។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិទាំង​៤​រូប​ រួម​មាន​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​អ្នកស្រី ​Mary Lawlor​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​អ្នកស្រី ​Rhona Smith​ អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ការ​លើក​កម្ពស់​និង​ការ​ការពារ​សិទ្ធិ​សម្តែង​មតិ​និង​បញ្ចេញ​យោបល់​គឺ​លោក David Kaye​ និង​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​គឺ​លោក​ Clement Nyaletsossi Voule។​

នៅក្នុង​លិខិត​ឆ្លើយ​តប​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ចុះ​ថ្ងៃ​ទី​១៤​ខែ​កក្កដា​ឆ្នាំ​២០២០​ ​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​ថា៖​

«អាជ្ញាធរ​ស្នើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់​ទៅលើ​ការ​ចោទ​ប្រកាន់​អំពី​ការ​គំរាម​កំហែងនោះ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​សមស្រប»។

លោក​ អំ សំអាត ធ្លាប់​បាន​បង្ហោះ​វីដេអូថា​ ​ការចោទ​ប្រកាន់​លោក​ផ្អែក​លើ​ការ​ផ្សាយ​ព័ត៌មាន​ដែល​មិន​ឆ្លុះ​បញ្ចាំង​ខ្លឹមសារ​ទាំង​ស្រុង​របស់​សម្តី​របស់​លោក។​

លោក​ អំ សំអាត​ ដែល​ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ធ្លាប់​ត្រូវ​បាន​រង​ការ​វាយ​ដំ​ពី​សំណាក់កង​សន្តិសុខ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ​ខណៈ​ពេល​លោក​កំពុង​បំពេញ​ការងារ​ឃ្លាំមើល​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​និង​ក្រុម​បាតុករ​ដែល​តវ៉ា​នៅក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៦៕

XS
SM
MD
LG