អ្នកការពារសិទ្ធិការងារនិងសិទ្ធិមនុស្សបានសម្តែង «ការខកចិត្ត»ដែលរាជរដ្ឋាភិបាលកម្ពុជាបានកែប្រែការសម្រេចចិត្តដោយអនុញ្ញាតឱ្យជនបរទេសអាចប្រកបមុខរបរមួយចំនួនដែលពួកគេចាត់ទុកថាជាការដណ្តើមពីកម្មករនិងពលរដ្ឋខ្មែរ។
សមាគមសិទ្ធិមនុស្សនិងសហជីពកម្មករចំនួន៥៤ដែលក្នុងនោះមានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងអង្គការសិទ្ធិមនុស្សអាដហុក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃច័ន្ទនេះថា៖
«នេះមិនមែនជាការទាក់ទាញការវិនិយោគបរទេសទេតែបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករនិងប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រកបមុខរបរវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឬកម្មករស្វ័យនិយោជន៍ដោយប្រើប្រាស់លទ្ធភាពខ្លួនឯងប្រកបមុខរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារនិងនៅតាមសហគមន៍ពួកគេ»។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យជនបរទេស អាចប្រកបមុខរបររកស៊ីនៅកម្ពុជាឡើងវិញជាធម្មតា បន្ទាប់ពីចេញបម្រាមហាមឃាត់មិនទាន់បានពីរខែផង។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃសៅរ៍។
កាលពីខែសីហា ក្រសួងបានហាមឃាត់ជនបរទេសមិនឱ្យប្រកបមុខរបរចំនួន១០ប្រភេទនៅកម្ពុជា ដើម្បីការពារទីផ្សារការងារដល់ប្រជាពលរដ្ឋកម្ពុជា។ មុខរបរដែលស្ថិតក្នុងបម្រាមទាំងអស់នោះរួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ។
ក្រសួងការងារ ពន្យល់ថា ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរគ្រប់ប្រភេទឡើងវិញនេះ ដោយសារតែមានតម្រូវការកម្លាំងពលកម្មជំនាញ និងដើម្បីលើកទឹកចិត្តការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕