ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​រិះគន់​ការ​ចុះ​តាមដាន​របស់​ប៉ូលិស​លើ​ការ​ជួបជុំ​គ្នា​នៅ​ថ្នាក់​ក្រោម


ការជួបជុំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ត្រូវបានឃ្លាំមើល និងថតរូបដោយប៉ូលិស។ (រូបថតផ្តល់ឲ្យដោយអាដហុក)
ការជួបជុំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ត្រូវបានឃ្លាំមើល និងថតរូបដោយប៉ូលិស។ (រូបថតផ្តល់ឲ្យដោយអាដហុក)

មន្រ្តី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក ​ក្នុង​ខេត្ត​កោះកុង ​និង​ខេត្ត​រតនគិរី​ អះអាង​ថា ​ការ​ជួប​ប្រជុំ​របស់​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​ការ​ចែក​រំលែក​ចំណេះ​ដឹង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ត្រូវ​បាន​តាម​ដាន​ដោយ​កម្លាំង​សមត្ថ​កិច្ច​។ ​ពួក​គេ​ចាត់​ទុក​ថា ​នេះ​ជា​គំរាម​កំហែង​និង​បំបិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។​

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​កោះកុង​ លោក​ ថោង ច័ន្ទដារ៉ា​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ «ការ​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ»​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឃុំ​ជី​ខ​ក្រោម​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ​កាល​ពី​ថ្ងៃ​ពុធ​និង​នៅ​ព្រហស្បតិ៍​នេះ​ ត្រូវ​បាន​តាម​ដាន​ដោយ​កម្លាំង​អាជ្ញាធរ ​ដោយ​ពួក​គេ​ចុះ​មក​ថត​រូប ​និង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ។​ លោក​បន្ត​ថា ​ការ​ថត​រូប​នេះ​នាំ​ឲ្យ​មាន​ការ​ទាស់​ពាក្យ​សម្តី​ជាមួយ​ប្រជា​ពលរដ្ឋ​ ដែល​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ​ដែល​មាន​គ្នា​ប្រមាណ​ ៣០ ​នាក់។​

លោក​មាន​ប្រសាសន៍​ថា៖​ «សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​សហការ។​ គេ​ក៏​មិន​ថា​អី​ដែរ​ គ្រាន់​តែ​ថា​ យក​របាយ​ការណ៍​ទៅ​ឲ្យ​មេ។​ គេ​រាយ​ការណ៍​ចំនួន​ប្រជា​ពលរដ្ឋ​ ហើយ​និង​វគ្គ​យើង ​អំពី​អី»។​

មន្រ្តី​សមាគម​អាដហុក​ លោក​ ថោង ច័ន្ទ​ដារ៉ា​ ឲ្យ​ដឹង​ថា​ ​ប៉ូលិស ​៣ ​នាក់ ​និង​ប៉េអឹម​ ២ ​នាក់ ​បាន​ចុះ​មក​ផ្ទះ​របស់​ពលរដ្ឋ​ម្នាក់ ​ដែល​ជា​កន្លែង​បណ្តុះ​បណ្តាល​ ហើយ​បាន​ថត​រូប​ការ​ប្រជុំ​នេះ​និង​ថត​លេខ​រថយន្ត​របស់​គ្រូ​បណ្តុះ​បណ្តាល ​ដែល​មក​ពី​ភ្នំពេញ​ផង​ដែរ។​ លោក​បន្ថែម​ថា​ ការ​ដែល​ពលរដ្ឋ​ចូលរួម​ជា​«សកម្មភាព​ស្រប​ច្បាប់​និង​គាំទ្រ​ដោយ​រដ្ឋធម្មនុញ្ញ»។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ជា​រូប​ភាព​មួយ​ជា​ការ​ដាក់​សម្ពាធ។ អាជ្ញាធរ​ឲ្យ​ប្រជា​ពលរដ្ឋ​ភិត​ភ័យ​...​ ភ័យ​ខ្លាច​ដែរ​...​សម្រាប់​អ្នក​ដែល​មិន​សូវ​ចេញ​មុខ​សកម្ម​មាន​អារម្មណ៍​មិន​សូវ​សុខ​ស្រួល។​ ដូច​ថា​សមត្ថកិច្ច​មក​តាម​ដាន​មក​ឃ្លាំ​មើល​អ៊ីចឹង»។​

បើ​តាម​មន្រ្តី​អាដហុក​ ​អ្នក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ភាគ​ច្រើន​ជា​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់។​

អ្នក​ភូមិ​ម្នាក់​ដែល​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នេះ ​គឺ​អ្នកស្រី ​ភាព តេង ​អាយុ​ ៣០ ​ឆ្នាំ ​រស់​នៅ​ក្នុង​ឃុំ​កណ្តោល​ ស្រុក​បុទុម​សាគរ​ មាន​ប្រសាសន៍​ថា ​ប៉ូលិស​បាន​ឡើង​មក​លើ​ផ្ទះ​របស់​ពលរដ្ឋ​ ហើយ​ថត​រូប​របស់​អ្នក​ភូមិ​ដែល​កំពុង​ចូលរួម​បណ្តុះ​បណ្តាល ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត។​

អ្នកស្រី​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​រឹតត្បិត​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ។​

អ្នកស្រី​ដែល​មាន​កូន​ពីរ​នាក់​ថ្លែង​ថា៖​ «មាន​ការ​រឹតត្បិត​ខ្លាំង​មែន​ទែន​ ព្រោះ​អី​អត់​ឲ្យ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ក្នុង​ការ​ដើរ​សេរី។​ ភាគ​ច្រើន​ប្រជុំ​ច្រើន​កន្លែង​អ្នក​មាន​ទំនាស់​ដី​ធ្លី​ ដូច​គ្នា​ពួក​ខ្ញុំ​ទៅ​ចូលរួម​ដឹង ​តែ​ប៉ូលិស​មក​ហើយ​ហាម​ឃាត់​អ៊ីចឹង​ មិន​ឲ្យ​យើង​ជួប​ជុំ​គ្នា។ ​អាង​អី​យក​លេស ​អា​កូវីដ១៩»។

អធិការ​ស្រុក​ស្រែ​អំបិល ​លោក​ ហួន នុន ​មាន​ប្រសាសន៍​ថា ​ការ​ចុះ​ទៅ​សួរ​នាំ ​គឺ​ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ​ ដោយសារ​មាន​ការ​ណែនាំ​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩។​ លោក​បន្ត​ថា​ ការ​ដែល​សមត្ថកិច្ច​ទៅ​សួរ​នាំ ​ដោយ​សារ​ចង់​ដឹង​អំពី​គោល​បំណង​នៃ​ការ​ជួប​ជុំ ដែល​លោក​ថា ​ត្រូវ​តែ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឲ្យ​បាន​ដឹង​ជាមុន។

លោក​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «កម្លាំង​យើង​ទៅ​នេះ​ គឺ​ទៅ​ការពារ​ប្រជា​ពលរដ្ឋ។​ ទៅ​ស្តាប់​ព័ត៌មាន​(ពី)​ប្រជា​ពលរដ្ឋ។​ តើ​ប្រជា​ពលរដ្ឋ​ប្រជុំ​អំពី​បញ្ហា​អី​ ហើយ​បើ​សិន​ជា​មាន​អង្គការ​ចូល​រួម​ តើ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សុំ​ច្បាប់​(ដែរ​ឬ​ទេ)»។​

អធិការ​ស្រុក​ស្រែ​អំបិល​រូប​នេះ​បន្ត​ថា ​សមាគម​អាដហុក​មិន​សហការ​និង​មិន​ផ្តល់​ព័ត៌មាន​នោះ​ទេ​ ហើយ​ចោទ​ថា​ សមាគម​នេះ​រៀបចំ​ការ​ជួប​ជុំ​នេះ​ដោយ​លាក់​លៀម។​

លោក​បន្ថែម​ថា៖​ «ថា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។ ​ចុះ​សមត្ថ​កិច្ច? ​សមត្ថ​កិច្ច​អត់​មាន​សិទ្ធិ​ទេ​អ៊ីចុះ?​ ប្រជា​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​សមត្ថកិច្ច​ ក៏​មាន​សិទ្ធិ​ដូច​ប្រជា​ពលរដ្ឋ​អ៊ីចឹង។​ មាន​សិទ្ធិ​ការពារ​សន្តិសុខ​សុវត្ថិ​ភាព​ជូន​ប្រជា​ពលរដ្ឋ»។​

ការ​ចុះ​តាម​ដាន​និង​ឃាត់​ការ​ជួប​ជុំ ក៏​កើត​មាន​ឡើង​នៅ​ខេត្ត​ផ្សេង​ទៀត​ដែរ ​ដូច​ជា​ខេត្ត​ស្ទឹងត្រែង​ ខេត្ត​មណ្ឌលគិរី​ និង​ខេត្ត​រតនគិរី​ជា​ដើម។​

មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក ​ក្នុង​ខេត្ត​រតនគិរី​ លោក ​ឌិន ខន្នី​ មាន​ប្រសាសន៍​ថា​ កាល​ពី​ដើម​ខែ​សីហា ការ​ជួប​ជុំ​ដើម្បី​សិក្សា​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ក្នុង​ឃុំ​យ៉ាទុង​ និង​ឃុំ​សេសាន​ក្នុង​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។​ លោក​បន្ត​ថា​ អាជ្ញាធរ​មិន​បាន​ផ្តល់​ហេតុផល​ច្បាស់​លាស់​នៃ​ការ​ហាម​ឃាត់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដល់​ពេល​ថ្ងៃ​ទី​៥​ថ្ងៃ​ទី​៦​ទី​៧​ (ខែ​សីហា)​ ខ្ញុំ​ទៅ​ធ្វើ​នៅ​ឃុំ​សេសាន​មួយ​ទៀត​អាហ្នឹង​ គឺ​ស្រុក​គេ​អត់​ឲ្យ​ធ្វើ​តែ​ម្តង។​ ប៉ុន្តែ​ខ្ញុំ​អត់​ឈប់​ទេ។ ​ខ្ញុំ​នៅ​តែ​ធ្វើ​សកម្មភាព​អ៊ីចឹង។ ហើយ​ពេល​ដែល​យើង​ធ្វើ​ទៅ​ ​ក៏​អត់​ឃើញ​មាន​ប៉ូលិស​អី​មក​ច្រងេង​ច្រងាង​សួរ​យើង​ដែរ។​ បើ​នៅ​ឃុំ​យ៉ាទុង​មាន​មេឃុំ​ មាន​មន្រ្តី​ប៉ុស្តិ៍​មក​អង្គុយ​ចាំ​នៅ​កន្លែង​យើង​ធ្វើ​ហ្នឹង។​ សុំ​អង្វរ​យើង​ង៉ោចៗ​ បង​អើយ​ បង​ឯង​ផ្អាក​សិន​ទៅ!​ បើ​ស្រុក​គេ​(ថា​អត់​ឲ្យ)​អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ហ៊ាន​ទេ។ ​បើ​មិន​អ៊ីចឹង ​គេ​បន្ទោស​ខ្ញុំ​ហើយ»។​

អភិបាល​ស្រុក​អូរយ៉ាដាវ​ លោក ​ម៉ា វិចិត្រ​ មាន​ប្រសាសន៍​ថា​ ការ​ហាម​ឃាត់​ការជួប​ជុំ​នេះ​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​មិន​ពាក់ព័ន្ធ​នឹង​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​ចុះ​ខ្ញុំ​សួរ​ថា បើ​កូវីដ​ហ្នឹង​វា​ឆ្លង​ទៅ! ​សិទ្ធិ​ហ្នឹង​ជួយ​បាន​ទេ?​ .....​ បើ​សិន​កូវីដ​ហ្នឹង​វា​ឆ្លង​ទៅ សហគមន៍​ទៅសិទ្ធិ​ហ្នឹង​វា​ជួយ​យ៉ាងម៉េច?​....​ ពី​មុន​មក​ខ្ញុំ​មិន​ដែល​ហាម​ឃាត់​អី? ​កន្លង​ទៅ​ដែល​មិន​ទាន់​មាន​ការ​រីក​រាល​ដាល​កូវីដ​ហ្នឹង។ ​អូន​ឯង​គ្រាន់​តែ​ប្រៀប​ធៀប​ប៉ុណ្ណឹង​ដឹង​ហើយ»។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា ​កន្លង​ទៅ ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​រឹតត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​និង​មន្រ្តី​សង្គមស៊ីវិល​នៅ​ថ្នាក់​ក្រោម ​ក្នុង​ការ​ជួប​ជុំ​របស់​ពួក​គេ ​ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ជួប​ជុំ។

លោក​មាន​ប្រសាសន៍​ថា៖​«ប្រជា​ពលរដ្ឋ​ដែល​ជួប​នឹង​អង្គការ​សង្គម​ស៊ីវិល ​ក៏​រង​នូវ​ការ​ភិត​ភ័យ​ដែរ​ ពី​ព្រោះ​គាត់​មាន​ការ​បារម្ភ​នៅ​ពេល​ដែល​ជួប​ ហើយ​គាត់​អាច​នឹង​ត្រូវ​មាន​ការ​កត់​សម្គាល់​ ឬ​មាន​ការ​សួរ​នាំ​ពី​អាជ្ញាធរ»។​

គួរ​បញ្ជាក់​ថា សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​រឹតត្បិត​ និង​តាម​ដាន​យ៉ាង​តឹងរ៉ឹង ​ចាប់​តាំង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។ ​មន្រ្តី​សិទ្ធិ​មនុស្ស​បន្ត​ថា​ អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ ការ​ជួប​ជុំ​និង​ការ​បញ្ចេញ​មតិ​កាន់​តែ​ត្រូវ​បាន​រឹត​ត្បិត៕

XS
SM
MD
LG