រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃពុធនេះ បានគំរាមចាត់វិធានការច្បាប់ ទៅលើក្រុមអង្គការសមាគមជាច្រើនដែលជំទាស់នឹងការបង្ក្រាបរបស់អាជ្ញាធរលើការតវ៉ាសម្ដែងមតិទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន និងការប្រមូលផ្តុំផ្សេងៗទៀត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
កាលពីម្សិលមិញនេះ អង្គការសមាគមជិត៨០ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មទៅនឹងការបង្ក្រាបរបស់អាជ្ញាធរមកលើក្រុមអ្នកតវ៉ាដោយនិយាយថា ការបង្ក្រាបនោះបានធ្វើឡើងដោយហិង្សា ហើយអ្នកតវ៉ាខ្លះដែលជាសាច់ញាតិនៃក្រុមមន្ត្រីគណបក្សប្រឆាំងជាង១៥នាក់កំពុងជាប់ឃុំ ត្រូវបានកងសន្តិសុខប្រដាប់ដោយអាវុធ រុញច្រាន និងទាត់ធាក់ អូសឆ្លងផ្លូវ។
លោក ជិន ម៉ាលីន បានផ្តល់ការពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ គឺភាគច្រើនជា «អង្គការសមាគមខ្យល់» ដោយសារគ្មានសកម្មភាពអ្វីនាពេលកន្លងមក ហើយបានត្រឹមតែប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថែ្លងការណ៍នយោបាយ «ក្នុងការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់ដោយគ្មានមូលដ្ឋានប្រឆាំងវិធានការច្បាប់របស់រដ្ឋាភិបាល»។
លោកបានបញ្ជាក់ក្នុងន័យដើមថា៖ «ដូច្នេះ ក្រសួងមហាផ្ទៃក៏អាចពិនិត្យមើលឡើងវិញផងដែរទៅលើសកម្មភាពរបស់អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអំពីសុចរិតភាព និងអព្យាក្រឹត្យភាពនយោបាយនៃសកម្មភាពរបស់ពួកគេ»។
ក្នុងចំណោមអង្គការសមាគមទាំងជិត៨០ ដែលចេញសារប្រឆាំងការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរមកលើក្រុមអ្នកតវ៉ាដោយសន្តិវិធីនោះ ក៏មានផងដែរសហគមន៍ក្រីក្រ និងដែលរងគ្រោះដោយសារជម្លោះដីធ្លីនាពេលកន្លងមក ហើយ ដែលតែងតែបានសម្ដែងសាមគ្គីភាពចូលរួមក្នុងសេចក្ដីថ្លែងការណ៍នានា បញ្ចេញមតិយោបល់លើបញ្ហាសិទ្ធិសេរីភាពនានា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីនប្រាប់ VOA បន្ថែម នៅថ្ងៃពុធនេះ ថា យោងតាមការសង្កេតរបស់លោកភាគច្រើននៃអង្គការសមាគមទាំងនោះ មិនបានធ្វើសកម្មភាពអីជាដុំកំភួន លើសពីការរួមគ្នាចេញសារ នយោបាយការពារសកម្មជនប្រឆាំងនោះទេ។ លោកអះអាងថា សកម្មភាពតវ៉ាកន្លងមកគឺធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។
«អ៊ីចឹង ជាចម្ងល់គឺថា ក្រសួងមហាផ្ទៃអាចត្រួតពិនិត្យទៅលើអង្គការសមាគមថា តើបានបង្កើតត្រឹមត្រូវទៅតាមបញ្ញត្តិច្បាប់ស្តីពីការបង្កើតសមាគម អង្គការក្រៅរដ្ឋាភិបាលដែរ ឬ អត់ ហើយបានតម្កល់លក្ខន្តិកៈរបស់ខ្លួនបានត្រឹមត្រូវដែរ ឬ អត់»។
ឆ្លើយតបទៅនឹងការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលថា ភាគច្រើននៃអង្គការសមាគមទាំងជិត៨០នោះ ជាអង្គការសមាគមខ្យល់ លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) បកស្រាយថា ក្រុមអង្គការសមាគមទាំងនោះ បានធ្វើកិច្ចការត្រឹមត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស និងបទដ្ឋានអន្តរជាតិ ដែលចែងអំពីសិទ្ធិមនុស្ស។
«បើយើងពិនិត្យទៅ យើងឃើញហើយថា អង្គការសមាគមដែលបង្កើតមកហ្នឹង គឺយើងសុទ្ធតែមានច្បាប់ទម្លាប់ ត្រឹមត្រូវហើយមួយទៀត យើងឃើញថា សហគមន៍តាមមូលដ្ឋានហ្នុង គឺតាំងពីច្បាប់ស្តីពីអង្គការ និងសមាគមម្ល៉េះ ដែលយើងទាមទារថា ធ្វើយ៉ាងម៉េចឲ្យពួកគាត់ហ្នឹងចូលរួមយ៉ាងសកម្មនៅក្នុងបញ្ហាជីវភាពរស់នៅក៏ដូចជាដើម្បីអភិវឌ្ឍនៅសហគមន៍របស់គាត់»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងធ្លាប់ជាសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប.) មកពីកូតាគណបក្សជំទាស់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន បន្ទាប់ពីលោកនិយាយរិះគន់ចំៗថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ«មានភាពមិនប្រក្រតី»។
ចំណែកក្រុមមន្ត្រីគណបក្សប្រឆាំងជាង១៥នាក់ផ្សេងទៀត ដែលភាគច្រើនជាអតីតក្រុមប្រឹក្សា និងមន្ត្រីថ្នាក់ឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី និងត្រូវបានចាប់ឃុំខ្លួន ដោយសារការអត្ថាធិប្បាយ និងចែករំលែកព័ត៌មានទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចប្រទេស និងវិបត្តិជំងឺឆ្លងកូវីដ១៩ និងគម្រោងរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយវិលត្រឡប់ចូលមកប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕