ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ប្រកាសច្រានចោលសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ដែលរិះគន់រដ្ឋាភិបាលចំពោះការរឹតបន្តឹងស្ថាប័នព័ត៌មានក្នុងស្រុក និងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចេញពីកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញកាលពីថ្ងៃចន្ទពីទីក្រុងហ្ស៊ឺណែវ។
សេចក្តីថ្លែងការណ៍ដែល VOA បានទទួលនាថ្ងៃអង្គារនេះ លើកឡើងថា ការរិះគន់ពីសំណាក់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)គឺ ធ្វើឡើងដោយប្រាសចាកពី «ការណ៍ពិត និងមានចរិតនយោបាយ»។ សេចក្តីថ្លែងការណ៍ដដែលក៏បានថ្លែងការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហើយថា ការលើកឡើងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គឺជាការលើកទ្បើងដោយមិនបានផ្អែកទៅលើការណ៍ពិតគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែធ្វើទ្បើងដោយផ្អែកទៅលើពាក្យចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់។
តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបន្ថែមថា នៅពេលដែលច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមានត្រូវបានគេរំលោភបំពាន វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីទប់ទល់នឹងអំពើល្មើសច្បាប់ទាំងនោះ មិនគួរត្រូវបានគេបកស្រាយថា ជាការគំរាមកំហែងនោះទេ និងថា វិធានការទាំងនោះមិនមានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយនោះដែរ។អង្គភាព និងបុគ្គលគ្រប់រូបមិនត្រូវបានអនុញ្ញាតឲ្យធ្វើការបំភ្លៃសាធារណជន ញុះញង់កងកម្លាំងប្រដាប់អាវុធ និងអ្នកអានគ្រប់រូបឲ្យប្រព្រឹត្តនូវសកម្មភាពប្រទូស្តរាយ បះបោរ និងហិង្សាបានទ្បើយ។ ដោយឡែកចំពោះការរិះគន់ពាក់ព័ន្ធនឹងការបំបិទសិទ្ធិសេរីភាពសារព័ត៌មានវិញ តំណាងកម្ពុជាបានប្រកាសថា សេរីភាពសារព័ត៌មានមិនមានន័យថា បណ្តាញសារព័ត៌មានអាចគេចវេស ឬមិនព្រមបង់ពន្ធជាមួយនឹងនិទណ្ឌភាពឡើយ។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិដដែល បន្ថែមក្នុងន័យដើមថា៖ «នៅពេលនិយាយពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វកិច្ចផ្សេងៗទៀត ស្ថានបេសកកម្មសូមបញ្ជាក់ជូនថា កម្ពុជាមិនស្ថិតនៅក្នុងដំណាក់កាលកុមារភាពទៀតទេ យើងមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រឈមដោះស្រាយដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការការប្រៀនប្រដៅគ្រប់បែបយ៉ាងនោះទេ»។
កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យទទួលជំនួយពីសហរដ្ឋអាមេរិក ព្រមទាំងបានបិទ និងផ្អាកស្ថានីយវិទ្យុ និងកាសែតដែលផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាលជាច្រើនទៀត ដោយយោងលើមូលហេតុថា ស្ថាប័នទាំងនោះប្រព្រឹត្តផ្ទុយពីច្បាប់កម្ពុជា។
ភ្លាមៗនោះ កាលពីថ្ងៃសុក្រកន្លង ទៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់ ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និង ការរិតត្បិតលើស្ថាប័នព័ត៌មានក្នុងប្រទេស។ ស្ថាប័នអង្គការសហប្រជាជាតិក៏បានបន្ថែមថា ការណ៍នេះ គឺធ្វើឡើងដោយមិនត្រឹមត្រូវតាមដំណើរការផ្លូវច្បាប់ ហើយសិទ្ធិរបស់ស្ថាប័នសារព័ត៌មាន និងក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានបំពាន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិអំពាវនាវឲ្យកម្ពុជាគោរពតាមដំណើរការផ្លូវច្បាប់ និងដំណើរការលទិ្ធប្រជាធិបតេយ្យទូលំទូលាយ។
អ្នកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅទីក្រុងហ្សឺណែវ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «មុននឹងការបោះឆ្នោតថ្នាក់ជាតិមកដល់ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ និងសេរីភាពនៃសារព័ត៌មាន»។
មិនមែនតែអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នោះទេដែលបានរិះគន់ការបិទអង្គការ NDI និងស្ថាប័នសារព័ត៌មានរិះគន់រដ្ឋាភិបាល ក៏ប៉ុន្តែស្ថាប័ន និងបុគ្គលជាច្រើននៅជុំវិញពិភពលោកបានប្រតិកម្មភ្លាមៗទៅនឹងការរឹតត្បិតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ទោះជាមានប្រតិកម្ម និងការរិះគន់ជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិទាំងនោះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងគាំទ្រសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយលើកឡើងថា ជាការលើកឡើងដែលត្រឹមត្រូវ។ លោកប្រាប់ VOA បន្ថែមនារសៀលថ្ងៃអង្គារនេះថា រដ្ឋាភិបាលមិនខ្វល់នឹងការរិះគន់ ឬប្រតិកម្មណាមួយរបស់ស្ថាប័នទាំងនេះ នោះទេ ដោយលោកបញ្ជាក់ថា កម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
លោក ផៃ ស៊ីផាន ថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ៖
«រដ្ឋាភិបាលមានកាតព្វកិច្ចការពារអធិបតេយ្យភាព ការពារអព្យាក្រឹត្យភាព និងការពារមិនឲ្យមានការលូកលាន់ពីសំណាក់ខាងក្រៅមកកម្ពុជា។ ដូច្នេះអ្វីដែលជាចំណាត់ការជាផលប្រយោជន៍របស់កម្ពុជា ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយហេតុដូច្នេះយើងមានកាតព្វកិច្ចត្រូវតែថែរក្សា និងចំណាត់ការហ្នឹង»។
ដោយឡែក លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានលើកឡើងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទម្សិលមិញថា រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត គួរតែរកវិធីចរចាបញ្ចប់ភាពតានតឹងនេះឲ្យបានឆាប់ ចៀសវាងផលប៉ះពាល់ដល់ការបោះឆ្នោតជាតិក្នុងពេលខាងមុខ និងការវាយតម្លៃសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអង្គការតំបន់ផ្សេងៗនៅចុងឆ្នាំ២០១៧។
លោក ឱក សេរីសោភក្តិ៍ បញ្ជាក់ក្នុងកម្មវិធី Hello VOA យ៉ាងដូច្នេះ៖
«ខែកញ្ញាខាងមុខនេះនឹងមានរបាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលប្រទេសជប៉ុនបានទទួលខុសត្រូវ ហើយអ្នកតំណាងហ្នឹងបានមកកម្ពុជាពីប៉ុន្មានអាទិត្យមុនហ្នឹង។ ដូច្នេះហើយត្រូវធ្វើម៉េចឲ្យបរិយាកាសហ្នឹងសម្រួលឡើងវិញ។ កុំឲ្យស្ថានការណ៍វាធ្ងន់ធ្ងរទៅទៀត។ ហើយខែ១១ហ្នឹងក៏មានកិច្ចប្រជុំកំពូលអាស៊ាន ASEAN SUMMIT ក៏មាន APEC ក៏មានអី ដូច្នេះហើយសហគមន៍អន្តរជាតិនឹងសំឡឹងរឹតតែខ្លាំងទៅទៀត ហើយកម្ពុជាមិនមានផលប្រយោជន៍អីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សហ្នឹងរឹតតែតឹងតែងទេ ត្រូវតែបន្ធូរបន្ថយមកវិញខ្លះជាមិនខាន»។
សេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា យ៉ាងហោចណាស់មានស្ថានីយ៍វិទ្យុក្នុងស្រុកជិត២០ស្ថានីយ៍ ត្រូវបានបិទ និងផ្អាកការផ្សាយរបស់ខ្លួន បន្ទាប់ពីចំណាត់ការរបស់ក្រសួងព័ត៌មាន។ ភាគច្រើននៃវិទ្យុទាំងនោះត្រូវបានគេដឹងថា មានការពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ឬជួលម៉ោងផ្សាយឱ្យ VOA និងវិទ្យុអាស៊ីសេរី។ ស្របគ្នានោះដែរ វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ក៏ត្រូវបានបិទការផ្សាយកម្មវិធីព័ត៌មានទាំងស្រុងដែរ កាលពីសប្តាហ៍កន្លងទៅ។ ដោយឡែក សារព័ត៌មានប្រចាំថ្ងៃជាភាសាអង់គ្លេស The Cambodia Daily ត្រូវបានតម្រូវឲ្យបង់ពន្ធភ្លាមៗចំនួន ជាង៦លានដុល្លារ មុនថ្ងៃទី៤ ខែកញ្ញាខាងមុខ ឬ ប្រឈមនឹងការបិទសារព័ត៌មាននេះទាំងស្រុងក្រោយពីដំណើរការជាង២ទសវត្សរ៍ ក្នុងប្រទេសដ៏ក្រីក្រនេះ៕