ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់អាទិភាពដល់ការអនុម័តច្បាប់ដែលនឹងផ្តល់នូវការណែនាំអំពីការដាក់ទោសអនិតិជន ដោយប្រព័ន្ធតុលាការ។
សេចក្តីព្រាងច្បាប់ ដែលពេលបច្ចុប្បន្ននេះនៅក្នុងដំណាក់កាលត្រួតពិនិត្យឡើងវិញនៅឡើយនោះ ដាក់កុមារដែលទោសកំហុស ឲ្យនៅក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់មាតាបិតាជាជាងដាក់ជនជាប់ចោទវ័យក្មេងក្នុងពន្ធនាគារដែលណែនចង្អៀតរួចទៅហើយនោះ។ ច្បាប់នេះអាចមានសុពលភាពសម្រាប់អនិតិជន ៥០០នាក់ដែលនៅពេលបច្ចុប្បន្ននេះកំពុងជាប់នៅក្នុងពន្ធនាគារ។ អ្នកតស៊ូមតិនិយាយថា ច្បាប់នេះគួរតែជាអាទិភាព។
លោកគង់ ឆាន ទីប្រឹក្សាក្រសួងសង្គមកិច្ចដែលបានចូលរួមក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំនឹងមិនត្រូវបញ្ជូនទៅតុលាការទេ បើសិនជាកុមារនោះត្រូវបានចោទប្រកាន់ពីបទល្មើសតូចតាច។ លោកបានបន្តថា ផ្ទុយទៅវិញ ពួកគេនឹងប្រឈមនឹងការដាក់ទោសដោយឲ្យធ្វើការបម្រើសេវាសហគមន៍ ឬត្រូវបង្ខំឲ្យខំរៀន បើបទល្មើសរបស់កុមារជាបទល្មើសស្រាល។ លោកបានបន្តថា ទន្ទឹមនឹងនេះដែរចៅក្រមនិងមន្រ្តីតុលាការត្រូវសិក្សាពីវិធីសាស្រ្តថ្មីក្នុងការដោះស្រាយបញ្ហារបស់កុមារ។
លោកបានបន្តថា ក្រសួងសង្គមកិច្ចនឹងសិក្សាអំពីគ្រួសាររបស់កុមារ ដែលបានប្រព្រឹត្តបទល្មើស។ ច្បាប់នេះផ្តល់មេធាវីតំណាងឱ្យកុមារ ហើយមេធាវីគឺជាអ្នកដោះស្រាយជាមួយមន្ត្រីប៉ូលិស។ លោកគង់ ឆានបានបន្តថា ប៉ុន្តែគេមិនគួរមើលឃើញថា ច្បាប់នេះគឺជាការបន្ធូរបន្ថយសម្រាប់បទឧក្រិដ្ឋនោះទេ។
«នេះមិនមែនមានន័យថា យើងលើកទឹកចិត្តឱ្យកុមារប្រព្រឹត្តបទល្មើសនោះទេ។ ប្រសិនបើពួកគេមិនបានធ្វើអ្វីដែលយើងតម្រូវឱ្យធ្វើ យើងនឹងចាប់យកពួកគេត្រឡប់មកវិញ ហើយនឹងរកវិធានការថ្មីផ្សេងទៀតដើម្បីដោះស្រាយជាមួយពួកគេ»។
លោក Bruce Grant ជាប្រធានការិយាល័យនៃអង្គការការការពារសិទ្ធិកុមារនៃអង្គការ Unicef ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា អង្គការ Unicef នឹងគាំទ្រដល់រដ្ឋាភិបាលក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីយុត្តិធម៌អនិតិជននិងសិទ្ធិកុមារ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា រដ្ឋាភិបាលគួររួតរះធ្វើច្បាប់នេះឲ្យបានឆាប់ដើម្បីការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។
លោកបាននិយាយថា៖ «ឥឡូវនេះយើងមិនមានច្បាប់ដែលនឹងជួយកុមារនៅក្នុងពន្ធនាគារទេ។ ប្រសិនបើយើងមានច្បាប់នេះ វានឹងជួយកុមារបានយ៉ាងច្រើន ទាក់ទងនឹងសិទ្ធិ និងស្ថានភាពពួកគេនៅក្នុងពន្ធនាគារ ហើយតើពួកគេមានសិទិ្ធអ្វីខ្លះ។ ក្មេងខ្លះមិនគួរជាប់នៅក្នុងពន្ធនាគារនោះទេ។ ពួកគេនៅវ័យដែលត្រូវការការសិក្សា និងការរីកលូតលាស់ខាងស្មារតី»។
លោកគុយ ប៊ុនសន អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បាននិយាយថា ច្បាប់នេះគឺជារឿងល្អ«ពីព្រោះវាអាចជួយអនិតិជន»៕