ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​លុប​បំបាត់​អាពាហ៍ពិពាហ៍​កុមារ​នៅ​សហរដ្ឋ​អាមេរិក


រូប​ឯកសារ៖ អ្នកស្រី Fraidy Reis (រូប​កណ្តាល) ដែល​ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ​របស់​អង្គការ Unchained at Last ធ្វើ​ការ​បង្ហាញ​ជាមួយ​ច្រវ៉ាក់​នៅ​នឹង​ដៃ នៅ​ក្នុង​ក្រុង Albany រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
រូប​ឯកសារ៖ អ្នកស្រី Fraidy Reis (រូប​កណ្តាល) ដែល​ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ​របស់​អង្គការ Unchained at Last ធ្វើ​ការ​បង្ហាញ​ជាមួយ​ច្រវ៉ាក់​នៅ​នឹង​ដៃ នៅ​ក្នុង​ក្រុង Albany រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សម្រាប់​មនុស្ស​ភាគ​ច្រើន ថ្ងៃ​អាពាហ៍ពិពាហ៍​គឺ​ជា​អ្វី​ដែល​ពួកគេ​សុបិន​ចង់​ឃើញ​តាំង​ពី​ពួកគេ​នៅ​ក្មេង​ម្ល៉េះ។ ប៉ុន្តែ​សម្រាប់​ក្មេង​ស្រី​រាប់​សែន​នាក់​នៅស.រ.អា. ក្ដី​សុបិន​អំពី​ថ្ងៃ​បែប​នេះ​គឺ​ប្រៀប​ដូចជា​សុបិន​អាក្រក់​ដូច្នេះ​ដែរ ដោយសារតែ​អាពាហ៍ពិពាហ៍​កុមារ​​នៅតែ​បន្ត​អនុវត្ត​រហូត​មក​ដល់​សព្វថ្ងៃ។

អ្នកស្រី Fraidy Reiss ដែល​ធំ​ដឹង​ក្ដី​នៅ​ក្នុង​សហគមន៍​ជ្វីហ្វ​ដែល​ប្រកាន់​វិន័យ​តឹងរ៉ឹង​ក្នុង​ទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋ​អាមេរិក បាន​រៀបរាប់​ការ​រស់នៅ​រយៈពេល ១៥ ឆ្នាំ របស់​អ្នកស្រី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ឪពុក​ម្ដាយ​ផ្សំផ្គុំ​ឲ្យ ថា​ដូចជា «ការ​ក្បត់​នៅ​ក្នុង​គ្រួសារ​ខ្លួន​ឯង» អញ្ចឹង។

បន្ទាប់ពី​ព្យាយាម​លែងលះ​មិន​បាន​សម្រេច និង​បន្ទាប់ពី​ទទួល​បាន​សញ្ញាបត្រ​ក្រោយ​ពី​ប្រឹងប្រែង​ឆ្លងកាត់​ឧបសគ្គ​គ្រប់​ជំពូក និង​សន្សំ​បាន​ថវិកា​មួយ​ចំនួន​មក អ្នកស្រី Reiss បាន​នាំ​កូន​ស្រី​ពីរ​នាក់​របស់​អ្នកស្រី​រត់​គេច។

អ្នកស្រី Reiss និយាយ​ថា៖ «គ្រួសារ និង​សហគមន៍​របស់​ខ្ញុំ​នៅតែ​គិត​ថា​ខ្ញុំ​បាន​ស្លាប់​បាត់​ទៅ​ហើយ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ»។

បទ​ពិសោធន៍​របស់​អ្នកស្រី​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយជា​សកម្មជន​មួយ​រូប​ដែល​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អាពាហ៍ពិពាហ៍​ដោយ​ការ​ផ្សំផ្គុំ អាពាហ៍ពិពាហ៍​ដោយ​ការ​បង្ខំ និង​អាពាហ៍ពិពាហ៍​កុមារ។ អ្នកស្រី​បាន​បង្កើត​អង្គការ Unchained At Last ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​រដ្ឋ New Jersey ដើម្បី​ជួយ​ជនរងគ្រោះ​ដោយសារ​បញ្ហា​អាពាហ៍ពិពាហ៍​កុមារ។

តាំង​ពី​ឆ្នាំ ២០១១ មក មនុស្ស​ជាង ៥៥០ នាក់ អាច​រត់​គេច​ចេញ​ពី​អាពាហ៍ពិពាហ៍​ដូច​នេះ ដោយសារតែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នកស្រី Reiss។ ការ​ប្រឹងប្រែង​របស់​អ្នកស្រី Reiss បាន​ធ្វើ​ឲ្យ​រដ្ឋ New Jersey ក្លាយជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​តែ​ពីរ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ហាម​ឃាត់​ដោយ​ស្រប​ច្បាប់​នូវ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​មនុស្ស​អាយុ​ក្រោម ១៨ ឆ្នាំ។

អ្នកស្រី Reiss បញ្ជាក់​ថា៖ «វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​រឿង​នេះ​ដំបូង ការ​រៀបការ​អាយុ​ក្រោម ១៨ ឆ្នាំ គឺ​ជា​រឿង​ស្រប​ច្បាប់​នៅ​ក្នុង​រដ្ឋ​ទាំង ៥០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ មូលហេតុ​ដែល​អាយុ ១៨ ឆ្នាំ សំខាន់ គឺ​ដោយសារតែ​មុន​ពេល​អាយុ ១៨ ឆ្នាំ គឺ​យើង​គ្មាន​សិទ្ធិ​ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​យើង​ពី​ការ​ចាប់​បង្ខំ​ឲ្យ​រៀបការ​បាន​ទេ»។

នៅ​ក្នុង​រដ្ឋ​ភាគ​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កុមារ​អាយុ ១៦ ឆ្នាំ អាច​រៀបការ​ដោយ​ស្រប​ច្បាប់​បាន។ រដ្ឋ​ពីរ​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​រៀបការ​បាន​នៅ​អាយុ ១៤ ឆ្នាំ ហើយ​សម្រាប់​រដ្ឋ​ចំនួន ១៣ ផ្សេង​ទៀត មិន​មាន​លក្ខខណ្ឌ​កំណត់​អាយុ​សម្រាប់​ការ​រៀបការ​ស្រប​ច្បាប់​នោះ​ទេ។

រដ្ឋ Idaho ជា​រដ្ឋ​ដែល​មាន​អត្រា​អាពាហ៍ពិពាហ៍​កុមារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​អាពាហ៍ពិពាហ៍​បែប​នេះ​ចំនួន​ជាង ៤ សែន​ករណី​នៅ​រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១០។

នៅ​ក្នុង​ឆ្នាំ ២០១៩ អ្នកស្រី Melissa Wintrow សមាជិក​រដ្ឋសភា​របស់​រដ្ឋ Idaho ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ព្យាយាម​កំណត់​យក​អាយុ ១៦ ឆ្នាំ​ជា​អាយុ​អប្បបរមា​ដែល​អាច​រៀបការ​បាន ប៉ុន្តែ​បាន​បរាជ័យ។

អ្នកស្រី Wintrow និយាយ​ថា៖ «ដោយសារតែ​ប្រវត្តិសាស្ត្រ និង​លក្ខណៈ​បែប​អភិរក្ស​និយម​របស់​រដ្ឋ​នេះ ខ្ញុំ​បាន​ស្នើ​ឡើង​នូវ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ការ​សម្របសម្រួល​ដ៏​សម​ហេតុ​សម​ផល​បំផុត ដោយ​ស្នើ​ឲ្យ​កំណត់​អាយុ​ទាប​បំផុត​ត្រឹម​អាយុ ១៦ ឆ្នាំ ដែល​ស៊ី​គ្នា​ជាមួយ​នឹង​អាយុ​កំណត់​សម្រាប់​ការ​ព្រមព្រៀង​បាន​ដោយ​ខ្លួន​ឯង និង​ច្បាប់​ស្ដី​ពី​ការ​រំលោភ​សេពសន្ថវៈ។ ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​បញ្ជាក់​ថា កុមារ​អាច​រៀបការ​បាន​ដោយ​គ្រាន់តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​តែ​ប៉ុណ្ណោះ ប្រសិនបើ​ការ​រៀបការ​នេះ​មិន​ប៉ះពាល់​ដល់​សង្គម។ ករណី​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ពី​គុណ​តម្លៃ​ដែល​ហួស​សម័យ»។

នៅ​ក្នុង​ឆ្នាំ ២០១៩ រដ្ឋ Louisiana បាន​បង្កើន​អាយុ​កំណត់​អប្បបរមា​រហូត​ដល់​អាយុ ១៦ ឆ្នាំ និង​គម្លាត​អាយុ​ខុស​គ្នា​រវាង​ដៃគូ​ជីវិត​មិន​ឲ្យ​លើស​ពី ៣ ឆ្នាំ នៅ​ពេល​ដែល​ភាគី​ម្ខាង​ជា​អនីតិជន។

អង្គការ Louisiana Family Forum គឺ​ជា​អង្គការ​មួយ​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ។

អ្នកស្រី Kathleen Benfield នៃ​អង្គការ Louisiana Family Forum នេះ និយាយ​ថា៖ «នៅ​ក្នុង​រដ្ឋ Louisiana យើង​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​រៀប​អាពាហ៍ពិពាហ៍ ហើយ​យើង​ជឿ​ថា​អាពាហ៍ពិពាហ៍​គឺ​ជា​ទំនៀមទម្លាប់​ដ៏​សំខាន់​មួយ។ វា​គឺ​ជា​គ្រឹះ​របស់​ប្រទេស វប្បធម៌ និង​សង្គម។ វា​ធានា និង​ជួយ​គាំទ្រ​ចិញ្ចឹម​បណ្ដុះបណ្ដាល​កុមារ​ឲ្យ​ធំ​លូតលាស់​ឡើង ដូច្នេះ​យើង​គិត​ថា អាពាហ៍ពិពាហ៍​គឺ​ជា​ទំនៀមទម្លាប់​ដ៏​សំខាន់​ខ្លាំង​បំផុត។ ការ​ជជែក​ដេញដោល​អំពី​អាយុ​អប្បបរមា​ដែល​អាច​រៀបការ​បាន​គឺ​កាន់តែ​តានតឹង​ឡើង​នៅ​ក្នុង​លក្ខណៈ​ដែល​ហាក់​ដូចជា​មិន​ឲ្យ​តម្លៃ​ដល់​អាពាហ៍ពិពាហ៍​ដូច្នេះ​ដែរ»។

សមាជិក​សភា និង​សកម្មជន​ដែល​ប្រឆាំង​នឹង​អាពាហ៍ពិពាហ៍​កុមារ បាន​និយាយ​ថា បញ្ហា​នេះ​គឺ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ជាង​ការ​ជជែក​ដេញដោល​តែ​អំពី​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ជា​ក្រុម​គ្រួសារ​មួយ​មុខ​នោះ។

អ្នកស្រី Wintrow ថ្លែង​ថា៖ «ប្រសិនបើ​យើង​ក្រឡេក​មើល​លើ​កត្តា​ប្រជាសាស្ត្រ​នៃ​កុមារ​ដែល​រៀបការ យើង​ឃើញ​ថា​ពួកគេ​គឺ​ជា​ជនជាតិ​ស្បែក​ស និង​ជា​អ្នក​ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ។ នេះ​គឺ​ជា​បញ្ហា​របស់​ពួក​យើង ហើយ​បញ្ហា​នេះ​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រវត្តិ​រើសអើង​ជា​ពិសេស​លើ​ស្ត្រី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ខ្ញុំ​គិត​ថា វា​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយសារតែ​ការ​ស្រាវជ្រាវ​ពី​ការ​វិវឌ្ឍ​ខួរ​ក្បាល​បាន​បង្ហាញ​ថា កុមារ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​សម្រេចចិត្ត​រយៈពេល​វែង​នៅ​ក្នុង​ជីវិត​អំពី​អនាគត​របស់​ពួកគេ​បាន​នៅ​ឡើយ​ទេ»។

សម្រាប់​អ្នកស្រី Reiss វិញ អ្នកស្រី​បាន​បញ្ជាក់​ថា បញ្ហា​អាពាហ៍ពិពាហ៍​កុមារ​នេះ​គឺ​គួរតែ​ត្រូវ​ហាម​ឃាត់​ទាំង​ស្រុង ដោយ​មិន​បាច់​ធ្វើ​ការ​ជជែក​ដេញដោល​អ្វី​ទៀត​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថ្កោលទោស​ប្រពៃណី​បែប​នេះ​ដែល​នៅ​អនុវត្ត​នៅ​តាម​ប្រទេស​ផ្សេង​ទៀត ដោយ​ហៅ​ការ​ធ្វើ​បែប​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

បើ​យោង​តាម​ទិន្នន័យ​ដែល​អង្គការ Unchained At Last ប្រមូល​បាន កុមារ​ជាង ២ សែន ៥ ម៉ឺន​នាក់​បាន​រៀបការ​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ ដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រី​អនីតិជន​រៀបការ​ជាមួយ​នឹង​បុរស​វ័យ​ចំណាស់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG