ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សកល​លោក នៅ​​ឥណ្ឌា​ ទទូច​សុំ​ឲ្យ​បញ្ចប់​​អាពាហ៍ពិពាហ៍​កុមារ


លោក​ ដេសម៉ុន ទូទូ អាចារ្យ​​សាសនា​គ្រឹស្ត​​​នៃ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង (ស្តាំ) កំពុង​មានប្រសាសន៍​ខណៈដែល​លោកស្រី ម៉ារី រូប៊ីនសុន អតីត​ប្រធានាធិបតី​ស្រី​ដំបូង​បង្អស់​របស់​ប្រទេស​អៀរឡង់មើល​ទៅលោក ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​រដ្ឋធានីញូដេលី ថ្ងៃទី៨ កុម្ភៈ ២០១២
លោក​ ដេសម៉ុន ទូទូ អាចារ្យ​​សាសនា​គ្រឹស្ត​​​នៃ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង (ស្តាំ) កំពុង​មានប្រសាសន៍​ខណៈដែល​លោកស្រី ម៉ារី រូប៊ីនសុន អតីត​ប្រធានាធិបតី​ស្រី​ដំបូង​បង្អស់​របស់​ប្រទេស​អៀរឡង់មើល​ទៅលោក ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​រដ្ឋធានីញូដេលី ថ្ងៃទី៨ កុម្ភៈ ២០១២

ក្រុមសកម្មជនឆ្នើមៗ​នៅ​លើសកលលោក ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា «​មនុស្សជា​ទី​គោរព​» ឬហៅ​ជា​ភាសា​អង់គ្លេស​ថា​«​Edlers» បានទស្សនកិច្ចប្រទេស​ឥណ្ឌា (India) ដើម្បីប្រកាន់​ជំហរជាសាធារណមួយ​ប្រឆាំង​នឹង​ការអនុវត្ត​ជា​អន្តរជាតិ​ចំពោះអាពាហ៍ពិពាហ៍​កុមារ។

លោក​ ដេសម៉ុន ទូទូ (Desmond Tutu) អាចារ្យសាសនា​គ្រឹស្ត​នៃប្រទេស​អាហ្វ្រិក​ខាងត្បូង (South Africa) និង​ជា​ប្រធានក្រុម ដែល​ត្រូវបាន​ស្គាល់​ថា​ជា «មនុស្សជាទី​គោរព» បាន​ថ្លែងកាលពី​សប្តាហ៏​មុន នៅទីក្រុងញ៉ូដេលី​ថា គំនិត​ផ្តួច​ផ្តើមរបស់​ក្រុមនេះ ដែល​មានន័យ​ថា «ក្មេងស្រី​ ប៉ុន្តែមិន​មែនកូនក្រមុំ» នឹង​ជួយ​ ​ប្រទេស​ឥណ្ឌា ​ឲ្យប្រើប្រាស់សក្តានុពល​ពិតប្រាកដ​របស់ខ្លួន។

«ប្រទេស​ឥណ្ឌា ស្ថិត​ក្នុង​ដំណាក់​កាល​ក្លាយ​ជា​មហា​អំណាចសេដ្ឋកិច្ចមួយ។ ហើយ ​យើង​កំពុង​និយាយ​ថា ចូរ! ​ស្រមៃ​មើលថា​តើ​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ស្ត្រី និង​ក្មេង​ស្រី​ ត្រូវអនុញ្ញាត​ឲ្យ​មាន​សេរីភាព។

ក្រុម«មនុស្សជា​ទីគោរព» ជា​ក្រុម​ឯករាជ្យ​មួយ​ របស់​អតីត​មេដឹកនាំ​ពិភពលោក ដែល​ព្យាយាមប្រើឥទ្ធិពល​របស់​ពួកគេ ដើម្បី​បញ្ចប់​បុព្វហេតុ​សំខាន់ៗជាច្រើន ទាក់ទង​នឹងការឈឺចាប់​របស់​មនុស្សជាតិ នៅ​ទូទាំង​ពិភពលោក។

លោកស្រី ម៉ារី រូប៊ីនសុន (Mary Robinson) អតីត​ប្រធានាធិបតី​ស្រី​ដំបូង​បង្អស់​របស់​ប្រទេស​អៀរឡង់ (Ireland) ថ្លែងថា អាពាហ៍ពិពាហ៍​កុមារ ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៏​របស់​ក្រុមនេះ​ ដោយសា​រកុមារ​មួយ​ចំនួន ​ត្រូវរង​ផលប៉ះពាល់ជាសកល។

«បញ្ហា​អាពាហ៍ពិពាហ៍​កុមារ​ មិនមែន​ជា​រឿង​តូចតាច​ឡើយ។ មាន​កុមារី​ចំនួនដប់លាន​នាក់​ក្នុងមួយ​ឆ្នាំៗ។ តួលេខនេះ ស្មើនឹង​កុមារីចំនួន​ ១០០​លាន​នាក់ ​ក្នុង​រយៈពេល១០ឆ្នាំ ដែល​ជា​ទូទៅ ​ត្រូវ​រៀបការ​ដោយគ្មានការ​យល់ព្រម​ពី​ពួក​គេផ្ទាល់ ឬ​មិន​ដឹងថាតើ​បុរសណាម្នាក់ ដែល​ពួកគេ​ ត្រូវ​រៀបការ​ជាមួយ។»

ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នៅ​ប្រទេស​ឥណ្ឌា
ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នៅ​ប្រទេស​ឥណ្ឌា

អាពាហ៍ពិពាហ៍​កុមារ​ មាន​លក្ខណៈ​ខុស​ច្បាប់​ នៅក្នុង​ប្រទេស​ឥណ្ឌា​ អស់​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ​ប៉ុន្តែ ​ការសិក្សា​ជា​ច្រើន​ ស្តែងឲ្យឃើញថា មួយ​ភាគ​បី នៃកុមារី​ចំនួន​១០​លាន​នាក់​ដែល​រៀបការ​ក្រោម​អាយុ១៨ឆ្នាំ រស់​នៅ​ឥណ្ឌា។

ការ​ស្ទាបស្ទង់​មតិថ្នាក់ជាតិ​កាល​ពី​ឆ្នាំ​២០០៦ ​នៅឥណ្ឌា​ បាន​រក​ឃើញ​ថា ស្ត្រីម្នាក់ក្នុង​ចំណោម​៥​នាក់​ ដែលមានអាយុចាប់ពី​២០​ទៅ​២៤​ឆ្នាំ បាន​រៀបការ​មុន​ពេលពួកគេឈានចូល​វ័យ​១៥​ឆ្នាំ។ ជារឿយៗ ការ​អនុវត្ដ​បែបនេះ​ ​ត្រូវ​បានពណ៌នាថា​ជា​ប្រពៃណី​សាសនា​តាំង​ពី​បុរាណ និងផ្នត់គំនិត ដែលចាត់​ទុកកូន​ស្រី​ ថាជា​អ្នក​បង្ក​បញ្ហា​ច្រើន​ ដែល​ត្រូវ​តែ​បញ្ជូន​ចេញ​ពីគ្រួសារ​ ឲ្យបាន​ឆាប់​បំផុតតាម​ដែល​អាច​ធ្វើ​បាន។

លោកស្រី អ៊ីឡា បាត់ (Ela Batt) ជា​សកម្មជន​មួយ​រូប ​ដែល​បាន​បង្កើត​សហជីពពាណិជ្ជ​កម្ម​របស់ស្រ្ដីធំបំផុត​ ​នៅឥណ្ឌា។ លោកស្រី​ ​បាន​និយាយ​ថា ការ​សម្រេច​ចិត្តលើ​បញ្ហាអាពាហ៍ពិពាហ៍​កុមារ ជា​កិច្ចការ​ដ៏សំខាន់ដើម្បីសម្រេចបាន​គោល​ដៅអភិវឌ្ឍ​ន៍​សកល​លោក។

«ដូចបញ្ហា​ភាព​ក្រីក្រ​ដែរ​ អាពាហ៍ពិពាហ៍​កុមារ​ ជា​អំពើ​ហិង្សា។​ ហើយ​អំពើ​ហិង្សា​នេះ​ កំពុង​ធ្វើ​ឡើងដោយមានការ​យល់ព្រម​ពី​សង្គម​ទៀត​ផង។»

លោកស្រី ហ្គ្រូ ហាលឹម ប្រ៊ុន​លែន (Gro Harlem Brundtland) ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម«មនុស្សជាទី​គោរព» ហើយធ្លាប់​ជានាយក​រដ្ឋមន្រ្តីស្រីទី​មួយ របស់ប្រទេស ន័រវែស (Norway) ផងដែរ។

«ក្នុង​នាម​ជា​វេជ្ជបណ្ឌិត ខ្ញុំ​ចង់​គូស​បញ្ជាក់ថា​តើ អាពាហ៍ពិពាហ៍បែបនេះ មានផលប៉ះពាល់​ទៅ​លើសុខភាព​យ៉ាងដូច​ម្តេច​ខ្លះ។ ផលប៉ះពាល់ មានដូចជា​ ​ធ្វើ​ឲ្យខូច​រូបរាងកាយ​របស់​ក្មេង និងកុមារីវ័យ​ក្មេង​ ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​ទារក ដោយសារតែ​ភាព​ឆាប់​មាន​គ័ភ៌​។

គំនិត​ផ្តួចផ្តើម​ស្តីពី«កុមារី ប៉ុន្តែ​មិនមែន​កូន​ក្រមុំ​» បាន​ប្រមូលផ្តុំអង្គការថ្នាក់​មូលដ្ឋានជាច្រើន​មក​ពី​ជាង៨០​ប្រទេស។ ក្រុម «មនុស្ស​ជាទីគោរព» ថ្លែងថា ​គំនិត​ផ្តួច​ផ្តើមនេះ នឹងកំណត់​នូវ​ការអនុវត្ដ​ដ៏ប្រសើរបំផុតមួយចំនួន ​សម្រាប់ការអប់រំ និងការ​ជះឥទ្ធិពល​ផ្នែក​នយោបាយ ទៅលើ​សហគមន៍មូលដ្ឋាន​ ដើម្បី​បញ្ឈប់​អាពាហ៍ពិពាហ៍​ដែល​មិន​ទាន់​គ្រប់​អាយុ៕​

ប្រែសម្រួលដោយ ចាប ចិត្រា

XS
SM
MD
LG