ក្រុមឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានហៅការព្យួរឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅថា “Everything But Arms” (EBA) មួយផ្នែកតូចថាជាការ«ស្តីបន្ទោស»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការមិនគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារ ហើយស្នើឱ្យកែប្រែស្ថានការណ៍។
អង្គការសិទ្ធិមនុស្ស Human Rights Watch បញ្ចេញប្រតិកម្មនេះ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធ ព្យួរឋានៈអនុគ្រោះពន្ធEBAចំនួន២០ភាគរយលើផលិតផលនាំចេញមួយចំនួនរបស់កម្ពុជា ដែលមានដូចជាសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងស្ករស។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សកម្មភាពរបស់សហភាពអឺរ៉ុបលើឋានៈអនុគ្រោះពន្ធ EBA គឺជាការស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការមិនគោរពសិទ្ធិមនុស្សនិងសិទ្ធិកម្មករយ៉ាងច្បាស់ក្រឡែត»។
លោក ហ្វីល រ៉ូប៊ឺតសុន យល់ថា វិធានការរបស់សហភាពអឺរ៉ុបគឺជាការបន្ទន់ឥរិយាបទមួយ ដើម្បីទុកឱកាសឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការបង្ក្រាប«ដ៏ឃោរឃៅ»លើគណបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល សហជីពនិងអ្នកសារព័ត៌មានឯករាជ្យ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ។
ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្រោយពីមានការស៊ើបអង្កេតវាយតម្លៃយ៉ាងល្អិតល្អន់របស់ក្រុមការងារគណៈកម្មការអឺរ៉ុប ដោយរួមមានការពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពការងារក្នុងរយៈពេលមួយឆ្នាំកន្លងមក ដើម្បីឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិនយោបាយ សិទ្ធិមនុស្ស សិទ្ធិសហជីព និងសិទ្ធិសេរីភាពសារព័ត៌មាន។
របាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបបានរកឃើញថា កម្ពុជាបាន«រំលោភបំពានធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ» លើសិទ្ធិទាំងនេះ ជាពិសេសការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារនិងហាមឃាត់សកម្មភាពនយោបាយរបស់អតីតបក្សប្រឆាំង និងការធ្វើទុក្ខបុកម្នេញសកម្មជនសង្គមស៊ីវិល ដែលធ្វើឱ្យពួកគេខ្លះនៅបន្តរស់នៅនីរទេសខ្លួននៅក្រៅប្រទេសចោលក្រុមគ្រួសារនៅឡើយ។
រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានខិតខំកែលម្អ។ ទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ថា លោកសុខចិត្តបាត់បង់ឋានៈអនុគ្រោះពន្ធ តែមិនព្រមបាត់បង់អធិបតេយ្យភាពកម្ពុជាទេ។
លោក ចូសេហ្វ បូរែល (Josep Borrell) តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា៖ «រយៈពេល ទំហំ និងផលប៉ះពាល់នៃការរំលោភបំពានរបស់កម្ពុជាលើសិទ្ធិចូលរួមនយោបាយ និងសិទ្ធិសេរីភាពបញ្ចេញមតិរហូតដល់សិទ្ធិសមាគម គឺធ្វើឱ្យសហភាពអឺរ៉ុបគ្មានជម្រើសអ្វីផ្សេង ក្រៅពីដកហូតឋានៈអនុគ្រោះពន្ធមួយចំណែក»។
លោក ចូសេហ្វ បូរែល ដែលមានឋានៈជាអនុប្រធានគណៈកម្មការអឺរ៉ុបផងដែរ បានបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបមិនឈរស្ងៀមមើលលទ្ធិប្រជាធិបតេយ្យខូចខាត សិទ្ធិមនុស្សត្រូវធ្វើឱ្យរួមតូច និងបំបាត់សំឡេងការពិភាក្សាដេញដោលគ្នាទេ។
លោកបានបន្ថែមថា៖ «ការសម្រេចចិត្តនៅថ្ងៃនេះឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តដ៏ខ្លាំងរបស់យើងចំពោះពលរដ្ឋកម្ពុជា សិទ្ធិសេរីភាពរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនេះ»។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនៅតែបើកច្រកចំហរឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់នានាស្តារឡើងវិញនូវចំណុចខ្វះខាត ដែលបានស្នើឡើងក្នុងពេលកន្លងដើម្បីអាចទទួលបានឋានៈអនុគ្រោះពន្ធនេះឡើងវិញ។
លោក ហ្វីល ហូហ្គឹន (Phil Hogan) ស្នងការពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថាសម្រាប់សហភាពអឺរ៉ុប ការគោរពសិទ្ធិមនុស្សគឺជាបញ្ហាមួយដែលមិនអាចចរចាតថ្លៃបានទេ។
លោកបន្ថែមថា៖ «យើងទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា ប៉ុន្តែការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅតែមាន។ គោលបំណងរបស់យើងគឺចង់ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការរំលោភសិទ្ធិមនុស្ស ហើយយើងនឹងបន្តធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅនោះ»។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាដែលទទួលទិញទំនិញនាំចេញចំនួន៤៥ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ ក្នុងនោះទំនិញដែលរួចពន្ធមានចំនួន៥,៦ពាន់លានដុល្លារ ដែលធ្វើឱ្យរួចពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។
គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយបានគំាទ្រការសម្រេចចិត្តរបស់សហភាពអឺរ៉ុប។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានបញ្ជាក់ថា៖ «នេះបង្ហាញឱ្យឃើញថា សហភាពអឺរ៉ុបគេយល់យោគខ្លាំងណាស់ទៅលើប្រជាពលរដ្ឋខ្មែរយើង ទៅលើកម្មករកសិករខ្មែរយើង មិនមែនគេយល់យោគទៅលើលោក ហ៊ុន សែន ទេ។ ផ្ទុយទៅវិញ សេចក្តីសម្រេចដែលជាច្បាប់នេះបង្ហាញឱ្យឃើញថា អ្វីដែលជាការបំពានទៅលើសិទ្ធិមនុស្សទាំងឡាយ អ្វីដែលជាការបំពានទៅលើសិទ្ធិប្រជាពលរដ្ឋ ជាពិសេសវិធានការដ៏តឹងរ៉ឹងមកលើគណបក្សសង្គ្រោះជាតិនេះ គឺជាការពិត»។
លោកស្រី មូរ សុខហួរ បន្តអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបដើម្បីជៀសវាងការដាក់ទណ្ឌកម្មច្រើនជាងនេះ។
«ទោះបីជា២០ភាគរយ នៅពេលនេះក៏ដោយ គឺមិនមែនថា គេចង់ត្រឹម២០ភាគរយហ្នឹងទេ។ ក្នុង៦ខែនេះ គេទុកឱ្យយើងដោះស្រាយបញ្ហាដែលមាន ផ្សះផ្សាររវាងខ្មែរនិងខ្មែរ។ ផ្ទុយទៅវិញ បើសិនជាស្ថានការណ៍សិទ្ធិមនុស្ស ការរំលោភលើគណបក្សសង្គ្រោះជាតិ និងការកាត់ទោសលោក កឹម សុខា ដែលគេកំពុងតាមដាន និងការរំលោភសិទ្ធិមនុស្សនៅមានតទៅទៀត គឺមិនមែន២០ភាគរយទេ។ ២០ភាគរយគ្រាន់តែចាប់ផ្តើម»។
រដ្ឋាភិបាលកម្ពុជាបានហៅការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបថា «អយុត្តិធម៌» ដែលផ្តើមចេញពី«ការភាន់ច្រឡំ និងយល់ខុស» ពីតថភាពជាក់ស្តែងនៅកម្ពុជា ហើយចាត់ទុកសេចក្តីសម្រេចនេះថាបានធ្វើឡើង «ដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័តនិងភាពមិនលម្អៀង»។
ក្រសួងការបរទេសបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត»។
ក្រសួងការបរទេសថា ទោះបីជាសេចក្តីសម្រេចនេះទទួលស្គាល់«វឌ្ឍនភាពជាក់ស្តែង»ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏មិនទទួលស្គាល់និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា។
ក្រសួងការបរទេសបានបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
ក្រុមហ៊ុនសម្លៀកបំពាក់ H&M ដែលបញ្ជាទិញទំនិញកម្ពុជាជាង២០ឆ្នាំមកហើយ បានយល់ស្របនឹងចំណាត់ការរបស់សហភាពអឺរ៉ុបដែលមានគោលបំណងដោះស្រាយការរំលោភសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។
ក្រុមហ៊ុនមើលឃើញថា ការដាក់ទណ្ឌកម្មនេះនឹងមានផលអវិជ្ជមានដល់ឧស្សាហកម្មដែលផ្តល់ការងារដល់កម្មករកម្មការិនីកម្ពុជាចំនួន១លាននាក់ ដោយសារតែអ្នកវិនិយោគទុនក្នុងពេលអនាគតត្រូវការស្ថានភាពដែលអាចដាក់ផែនការជាមុនបាននិងទំនុកចិត្ត។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនោះ ក្រុមហ៊ុន H&M នៅមិនទាន់បញ្ជាក់ពីការសម្រេចចិត្តថាត្រូវដកចេញពីកម្ពុជា ឬយ៉ាងណានោះទេ។
«ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះគំនិតផ្តួចផ្តើមគ្រប់គ្រាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌកម្ពុជា និងការដកហូតឋានៈអនុគ្រោះពន្ធមួយផ្នែក យើងនឹងបន្តវាយតម្លៃបន្ថែមទៀតលើផលប៉ះពាល់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនិងយុទ្ធសាស្រ្តផលិតកម្មនៅកម្ពុជា»។
ប៉ុន្តែ បើមិនមានការផ្លាស់ប្តូរស្ថានការណ៍អ្វីទេ ក្រុមសកម្មជនសិទ្ធិកម្មករសម្តែងការព្រួយបារម្ភពីការបាត់បង់ទំនុកចិត្តកាន់តែខ្លាំង ដែលនឹងមានផលប៉ះពាល់ធំដុំក្នុងរយៈពេលយូរ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ បានសម្តែងការសោកស្តាយដែលរដ្ឋាភិបាលកម្ពុជាបានអូសបន្លាយសភាពការណ៍រហូតដល់បាត់បង់ផ្នែកខ្លះនៃឋានៈអនុគ្រោះពន្ធ ពីព្រោះវានឹងធ្វើឱ្យមានឈ្មោះមិនល្អដល់កម្ពុជា។
លោក មឿន តុលា បានបន្ថែមថា ការឆ្លើយតបកន្លងមករបស់រដ្ឋាភិបាលកម្ពុជាធ្វើឱ្យលោកព្រួយបារម្ភថា អាចនឹងបាត់បង់ច្រើន។
«ប៉ុន្តែ ការដែលបាត់២០ភាគរយនេះ ខ្ញុំមើលទៅហាក់ដូចជាសហភាពអឺរ៉ុបនៅផ្តល់ជំហរមួយគឺការព្រមានលើកទី២ បន្ទាប់ពីការយកពន្ធលើស្រូវអង្ករ។ នេះគឺជាការព្រមានលើកទី២ហើយ ក៏ជាការបង្ហាញនូវសុឆន្ទៈរបស់សហភាពអឺរ៉ុបដែរ ក្នុងការខ្វល់ខ្វាយអំពីផលប៉ះពាល់ដល់ពលរដ្ឋស៊ីវិល»។
ប្រសិនបើមិនមានសំឡេងជំទាស់គ្រប់គ្រាន់ពីសភាសហភាពអឺរ៉ុបនិងក្រុមប្រឹក្សាសហភាពអឺរ៉ុបទេ នោះការដាក់ទណ្ឌកម្មនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ៕