គណៈកម្មការសហភាពអឺរ៉ុបនៅថ្ងៃពុធសប្តាហ៍នេះ នឹងបង្ហាញសេចក្តីសម្រេចរបស់ខ្លួនមួយ ថាតើនឹងមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបានផលប្រយោជន៍ពីការនាំចេញដោយមិនមានការយកពន្ធឬយ៉ាងណា។ ប៉ុន្តែមុននឹងដាក់បង្ហាញសេចក្តីសម្រេចនេះ សមាជិកសភាសហភាពអឺរ៉ុបម្នាក់ និងរបាយការណ៍សារព័ត៌មានអន្តរជាតិបានលើកឡើងថា«នឹងមានការព្យួរលើផលិតផលមួយចំនួន»។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់យ៉ាងខ្លាំង ដោយសហគមន៍អន្តរជាតិ ក្នុងការធ្វើឲ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថារដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ«ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំងការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនិងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
សហភាពអឺរ៉ុបទុករយៈពេលមួយឆ្នាំឲ្យកម្ពុជាមានការកែប្រែស្ថានភាពទាំងនោះ ប៉ុន្តែអ្នកតាមដានបានលើកឡើងថា ស្ថានភាពមិនមានការកែលម្អនោះទេ។
បើយោងតាមរបាយការណ៍ដែលបង្ហោះលើគេហទំព័ររបស់សភាអឺរ៉ុបដែលអនុម័តដោយសមាជិកសភាអ៊ីតាលីម្នាក់ លោក Danilo Oscar Lancini ដែលជាសមាជិកនៃគណៈកម្មាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ការព្យួរដោយផ្នែកចំពោះផលិតផលមួយចំនួន នឹងកើតមានឡើងចំពោះប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែពុំមានការបញ្ជាក់លើផលិតផលណានោះទេ។
កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដោយកម្ពុជាបាននាំផលិតផលចូលទៅក្នុងទីផ្សារអឺរ៉ុបមួយឆ្នាំៗគិតជាទឹកប្រាក់ជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមិនបង់ពន្ធ។ ការមិនបង់ពន្ធនេះធ្វើឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើងផលិតផលកសិកម្ម និងកង់ជាដើម។
សារព័ត៌មានអន្តរជាតិ The Financial Times បានរាយការណ៍ក្រោយមានការជជែកជាមួយមនុស្ស៣នាក់ ដែលដឹងអំពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះថា គណៈកម្មការសហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះទៅលើផលិតផលមួយចំនួន។
សារព័ត៌មាននោះរាយការណ៍បន្តថា គណៈកម្មការសហភាពអឺរ៉ុប មិនដកប្រព័ន្ធអនុគ្រោះទាំងអស់ទេ ដោយរំពឹងថានៅបន្តរក្សាការគាំទ្រមួយចំនួនសម្រាប់ផ្នែកសម្លៀកបំពាក់ ដើម្បីជួយដល់ការរស់នៅរបស់កម្មករកាត់ដេរកម្ពុជា។ សារព័ត៌មានបានសរសេរទៀតថា អ្នកការទូតនិយាយថា សហភាពអឺរ៉ុបចង់ទុកទ្វារចំហសម្រាប់ការពិភាក្សាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ហើយមានការប្រុងប្រយ័ត្នខ្លាចរុញកម្ពុជាឲ្យកាន់តែខិតទៅជិតប្រទេសចិន។
ប៉ុន្តែក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានបញ្ជាក់អំពីគោលជំហរថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលចិនបានស្នើឲ្យកម្ពុជា «កុំឱនក្បាល»ទៅសហភាពអឺរ៉ុបលើបញ្ហានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៥ ខែកុម្ភៈ ថ្នាក់ដឹកនាំចិនបានឯកភាពចំពោះសំណូមពររបស់លោក ហ៊ុន សែន ដែលស្នើជំរុញល្បឿននៃការចរចានិងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឲ្យបានក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជាមានទីផ្សារកាន់តែធំសម្រាប់ផលិតផលរបស់ខ្លួន។
បើតាមសេចក្តីប្រកាសនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា «កម្ពុជាកំពុងតែអនុវត្តវិធានការកែទម្រង់មុតស្រួចដើម្បីកែលម្អបរិយាកាសធុរកិច្ចសំដៅទាក់ទាញការបណ្តាក់ទុនពីចិន និងប្រទេសឯទៀត ឲ្យបានកាន់តែច្រើន ហើយត្រៀមខ្លួនទប់ទល់ផលប៉ះពាល់អវិជ្ជមាន ក្នុងករណីសហភាពអឺរ៉ុបសម្រេចចាត់វិធានការពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ»។
ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២០ កាលពីចុងខែមករា លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងព័ត៌មានក្រៅផ្លូវការដែលលោកទទួលបានថា សហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកលើផលិតផលសម្លៀកបំពាក់និងស្បែកជើង។ លោកបន្តថា ការផ្តាច់នោះនឹងធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ធ្លាក់ចុះប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានថ្លែងថាការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលមួយចំនួន នឹងប៉ះពាល់ដល់ការងាររបស់ប្រជាជនកម្ពុជា។ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តចរចាជាមួយសហភាពអឺរ៉ុប ដើម្បីកុំឲ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកបានថ្លែងប្រាប់ VOA ថា៖ «យើងគិតថាកាលណាព្យួរមួយផ្នែក វានឹងប៉ះពាល់ទៅដល់ការងារប្រជាជនយើងមួយផ្នែក។ ប៉ុន្តែយើងអត់ទាន់ដឹងថាតើមួយផ្នែកហ្នឹងស្មើនឹងទំហំប៉ុន្មានភាគរយនៃទំហំនាំចេញសរុបទៅសហភាពអឺរ៉ុប»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា កម្ពុជារង់ចាំសេចក្តីសម្រេចចុងក្រោយជាមុនសិន ដូច្នេះលោកមិនអាចអត្ថាធិប្បាយអ្វីបានច្រើននោះទេ។ លោកបន្តថា បើទោះមានការព្យួរក៏ដោយ កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសក្នុងសហភាពអឺរ៉ុប។
លោកបានថ្លែងថា៖ «កម្ពុជានៅតែមានដៃគូឆ្លងឆ្លើយគ្នាសហការគ្នាជាមួយអឺរ៉ុប។ ទោះជាលទ្ធផលនៃ EBA ការសម្រេចរបស់គណៈកម្មការអឺរ៉ុបយ៉ាងណា ក៏យើងមិនមែនបាត់ទីផ្សារនៅកន្លែងហ្នឹងទេ។ យើងធ្វើជាទ្វេភាគីទៅវិញ។ ហើយយើងចង់និយាយថា បើតម្រូវឲ្យយើងបង់ពន្ធ យើងបង់ពន្ធ ដើម្បីឲ្យមានសមធម៌ជាមួយអ្នកដទៃទៀត»។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងថា រដ្ឋាភិបាលក្រុងភ្នំពេញមិនស្តាប់ការចង់បានរបស់សហភាពអឺរ៉ុបនោះទេ ដែលនេះនឹងនាំឲ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ លោកបន្តថា ប្រសិនបើមានការព្យួរទាំងអស់ ឬដោយផ្នែក វាប្រាកដណាស់ ផលិតផលសម្លៀកបំពាក់នឹងរងផលប៉ះពាល់ធំ។
លោកបានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកឬអ៊ីមែលថា៖ «វាពិតជាការសម្រេចដ៏លំបាកមួយ ដោយសារប្រជាពលរដ្ឋសាមញ្ញទេដែលរងគ្រោះ ដោយសារទង្វើរបស់អ្នកដឹកនាំ។ ពួកគេជាអ្នកបង្កបញ្ហា តែប្រជាជនសាមញ្ញ ជាអ្នកទទួលរងគ្រោះ»។
លោកបន្ថែមថា៖ «ទីក្រុងប៉េកាំងច្បាស់ណាស់ មិនជំរុញក្រុងភ្នំពេញឲ្យធ្វើអ្វីតាមការចង់បានរបស់សហភាពអឺរ៉ុបនោះទេ ដែលចង់ឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សនិងការផ្តល់សេរីភាព ដែលនោះ សុទ្ធតែមិនមែនជាអ្វីដែលក្រុងប៉េកាំងអនុវត្តនោះទេ»។
គួរបញ្ជាក់ថា ប្រសិនបើមានការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ការចាប់ផ្តើមយកពន្ធនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២០នេះ៕