ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាពអឺរ៉ុបសម្រេចព្យួរ​ EBA មួយ​ផ្នែក ដែលនឹងប៉ះពាល់​២០ភាគរយនៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​អឺរ៉ុប


រូបឯកសារ៖ កម្មករធ្វើការនៅរោងចក្រផ្គត់ផ្គង់ផលិតផលឲ្យក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មករធ្វើការនៅរោងចក្រផ្គត់ផ្គង់ផលិតផលឲ្យក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

សហភាព​អឺរ៉ុបនៅ​ថ្ងៃ​ពុធ​នេះបាន​សម្រេចព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នៅ​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»ឬ Everything But Arms (EBA) មួយ​ផ្នែក​ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន ដែល​ការណ៍នេះនឹង​ប៉ះពាល់​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។

ការ​សម្រេច​ព្យួរ​បណ្តោះ​អាសន្ន​កើតឡើង បន្ទាប់ពីមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធនេះ។

បើ​តាម​សេចក្តី​សម្រេច​ ការ​ព្យួរ​នេះ​នឹង​ប៉ះពាល់​ផលិត​ផល​ស្បែក​ជើង និង​សម្លៀក​បំពាក់​មួយ​ចំនួន។ ហើយទំនិញ​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។ សេចក្តី​សម្រេច​បញ្ជាក់​ទៀត​ថា ការ​ព្យួរ​បណ្តោះ​អាសន្ន​នេះនឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ១១០០លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ស្មើ​ប្រមាណ ​២០​ភាគរយ​នៃ​ទំហំ​ទឹក​ប្រាក់​នៃការ​នាំ​ចេញ​សរុប​ពី​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​ ៥៨០០​លានដុល្លារ​អាមេរិក។

សេចក្តី​សម្រេច​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សានៅ​ពេល​ខាង​មុខ​ ការ​ព្យួរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ​ឆ្នាំ​២០២០។

សេចក្តី​សម្រេច​បញ្ជាក់​ទៀត​ថា ​គណៈ​កម្មការ​សហភាព​អឺរ៉ុបនឹង​បន្ត​តាម​ដាន​ស្ថានភាពសិទ្ធិស៊ីវិល សិទ្ធិនយោបាយ ការងារ ដីធ្លី និង​ផ្ទះ​សម្បែង​ផង​ដែរ​នៅ​កម្ពុជា។​គណៈ​កម្មការ​អាច​នឹង​ធ្វើ​វិសោធនកម្ម​សេចក្តី​សម្រេច​ព្យួរ​នេះ ប្រសិន​បើ​ស្ថានភាពទាំងនេះ​មានភាព​ល្អ​ប្រសើរ​នៅ​កម្ពុជា។

កម្ពុជា​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ EBA តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ។

យោង​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨​ មាន​ទំហំ​ប្រមាណ ​៥,៨ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ផលិត​ផល​សម្លៀក​បំពាក់​ មាន​ជាង​ ៧៣,៤ភាគរយនៃ​ការ​នាំចេញ ស្បែក​ជើង​ប្រមាណ​១២,៧ភាគរយ កង់ ​៥,៧ភាគរយ និង​អង្ករ​ ៣ភាគរយ។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង ដោយ​សហគមន៍​អន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​ «ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​ ១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

លោក កាំង មុនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងប្រាប់ VOA នៅល្ងាចថ្ងៃពុធ ក្រោយការចេញសេចក្តីសម្រេចថា វិស័យកាត់ដេរ និងស្បែកជើង «មិនគួរត្រូវបានដាក់ទណ្ឌកម្មនោះទេ»។

លោកមានប្រសាសន៍ថា៖ «មានការសោកស្តាយដែរ ដូចថាវិស័យយើង បើនិយាយពីការគោរពលក្ខខណ្ឌការងារ គឺយើងធ្វើបានល្អ»។

លោកបន្តថា សមាគមរោងចក្រកាត់ដេរ នឹងជជែកជាមួយអ្នកបញ្ជាទិញ ដើម្បីបញ្ជាក់ថាតើពួកគេនឹងចូលរួមក្នុងការបង់ពន្ធ ឬយ៉ាងណា។

លោកមានប្រសាសន៍ថា៖ «ថាតើ buyer (អ្នកបញ្ជាទិញ) គេនឹងគិតយ៉ាងម៉េច។ គេនឹងនៅបន្តគាំទ្រនៅក្នុងប្រភេទផលិតផលហ្នឹងតទៅទៀត ដោយរួមចំណែកគ្នាជួយចេញគ្នាខ្លះ ក្នុងការបង់ពន្ធឬយ៉ាងណា។ អាហ្នឹងយើងអត់ទាន់ដឹង»។

ទោះជាយ៉ាងណា លោក កាំង មុនីកា មិនទាន់អាចបញ្ជាក់ថាតើផលិតផលសម្លៀកបំពាក់ និងស្បែកជើងប្រភេទណាខ្លះ នឹងប៉ះពាល់ ដោយរង់ចាំការផ្ទៀងផ្ទាត់លេខកូដនៅក្នុងសេចក្តីសម្រេចជាមុនសិន។ លោកក៏មិនទាន់អាចបញ្ជាក់ថាតើទំហំទឹកប្រាក់ដែលខាតបង់ ដោយសារការតម្រូវឲ្យបង់ពន្ធនេះ មានប៉ុន្មាននោះទេ។

លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះថា៖ «បើ​ទោះ​បី​ជា​កម្ពុជា​នឹង​មិន​បាត់​បង់​អត្ថប្រយោជន៍​ទាំង​ស្រុង​ក្តី ក៏​សេចក្តី​សម្រេច​នេះនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​អាច​បាត់បង់​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​អន្តរ​ជាតិ និង​អាច​កាត់​បន្ថយ​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​មួយ​កម្រិត​ និង​អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​ការ​ក្នុង​សហគ្រាស ឬ​រោងចក្រ ដែល​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​អឺរ៉ុប»។

កាល​ពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​មុន​សេចក្តី​សម្រេច​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ថ្លែង​ប្រាប់​ ប្រជាពលរដ្ឋ​កម្ពុជា​ថា​កុំ​ឲ្យបារម្ភ​ពី​ការ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ»៕

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00
XS
SM
MD
LG