មេដឹកនាំសំឡេងក្រុមភាគតិចនៃរដ្ឋសភាស.រ.អា.បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា ហើយដោយបានលើកយកបញ្ហាជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស សេរីភាពជួបប្រជុំនិងបញ្ហាកម្មករមកពិភាក្សាជាមួយមេដឹកនាំកម្ពុជា។
នៅទីបញ្ចប់នៃដំណើរទស្សនកិច្ចពីរថ្ងៃក្នុងប្រទេសកម្ពុជា លោកស្រីណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)បានថ្លែងថា លោកស្រីបានលើកពីបញ្ហាជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការគាបសង្កត់លើសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបប្រជុំ អំពើពុករលួយ ហើយនឹងការមិនអនុវត្តត្រឹមត្រូវនូវសិទ្ធិការងារ និងបញ្ហាដីធ្លីជាដើម នៅពេលលោកស្រីជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងពេលជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ។
លោកស្រី Pelosi សមាជិកសភា និងជាប្រធានក្រុមភាគតិចមកពីគណបក្ស ប្រជាធិបតេយ្យ បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រោយពីបញ្ចប់ទស្សនកិច្ចថា៖
«ការពិភាក្សាមានលក្ខណៈស្ថាបនា ដោយស្មោះត្រង់និងមានសារៈប្រយោជន៍ក្នុងការដោះស្រាយការប្រឈមនានាទៅថ្ងៃមុខ»។
លោកស្រី Nancy Pelosi បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។
ដំណើរទស្សនកិច្ចរបស់លោកស្រីធ្វើឡើងដំណាលគ្នានៅពេលមានការរិះគន់រឿងសិទ្ធិមនុស្ស ការចាប់ឃុំខ្លួនសកម្មជនដីធ្លីជាស្រីចំនួន១១នាក់ ការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ ការរំលោភសិទ្ធិការងារចំពោះកម្មករ កម្មការិនី ការបង្ខំឲ្យធ្វើការហួសម៉ោង និងការយារយីនានា។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ក្រុមអ្នកតំណាងរាស្ត្រស.រ.អា.ដឹកនាំដោយលោកស្រី Pelosi បានជួបជាមួយនឹងសមាជិកក្រុមអង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជាដើម្បីស្តាប់ទស្សនៈរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញក្តីបារម្ភចំពោះឯករាជ្យភាពរបស់តុលាការ ការបោះឆ្នោតដោយយុត្តិធម៌ ការរិតត្បិតបណ្តាញអ៊ីនធើណិត និងការរំលោភសិទ្ធិកម្មកររោងចក្រជាដើម។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖
«បទបង្ហាញរបស់ក្រុមសង្គមស៊ីវិលស្របគ្នានឹងរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ស្តីពីរោងចក្រកាត់ដេរដែរ ដែលយើងបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន»។
លោកអ៊ូ វីរៈ ប្រធានអង្គការស្រាវជ្រាវពីគោលនយោបាយសាធារណៈ ហៅថា វេទិការអនាគត ឬ Future Forum គឺជាអ្នកតំណាងអង្គការមួយដែលជួបជាមួយលោកស្រី Pelosi និងក្រុមអ្នកតំណាងរាស្ត្រចម្រុះគណបក្ស។ លោកបានថ្លែងថា ការយកចិត្តទុកដាក់របស់ក្រុមសភាស.រ.អា.នេះជាការពញ្ញាក់អារម្មណ៍មួយទៀតសម្រាប់ប្រទេសកម្ពុជាចំពោះបញ្ហាសិទ្ធិមនុស្ស និងបញ្ហានានានៅកម្ពុជា។
«ខ្ញុំថា ប្រទេសកម្ពុជាជាប្រទេសមួយមិនមានអំណាចសេដ្ឋកិច្ច អំណាចយោធា អំណាចនយោបាយទេ។ យើង នៅក្នុងភ្នែកគេ មិនមានឥទ្ធិពលនៅក្នុងឆាកអន្តរជាតិទេ ហើយដោយសារអញ្ចឹងហើយ យើងមានបញ្ហាការរំលោភសិទ្ធិមនុស្សបន្តបន្ទាប់ ដែលធ្វើឲ្យពិភពលោកគេនៅធ្វើការរិះគន់ ជាបញ្ហាកិត្តិយសមួយនៃប្រទេសយើង»។
លោកថ្លែងថា នេះជាទស្សនកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជា និងស.រ.អា.។
«ខ្ញុំសង្ឃឹមថា ការទំនាក់ទំនងបន្តពិភាក្សាទៅលើបញ្ហាសិទ្ធិមនុស្សរវាងរដ្ឋាភិបាលស.រ.អា.និងរដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយស.រ.អា.និងអ្នកនយោបាយកម្ពុជាអាចនឹងបន្ត។ ហើយប្រសិនបើក្នុងករណីដែលមានការជជែកគ្នាដោយមិនបាច់ឈ្លោះគ្នា ហើយប្រសិនបើមានការជជែកគ្នា ខ្ញុំថា ប្រហែលជាយើងឈានទៅរកទំនាក់ទំនងមួយល្អជាមួយនឹងស.រ.អា.ហើយ ហើយការឈានទៅរកទំនាក់ទំនងមួយជាមួយស.រ.អា. និងពិភពលោកគឺជារឿងល្អសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាផងហើយក៏ជារឿងមួយល្អសម្រាប់មុខមាត់ប្រជាពលរដ្ឋខ្មែរ និងប្រទេសយើងទាំងមូលផងដែរ»។
លោកបានបញ្ជាក់ថា នៅទីបំផុតគឺសម្រេចលើកម្ពុជាខ្លួនឯងទេថា តើត្រូវជ្រើសរើសរបៀបយ៉ាងម៉េច ហើយផលប្រយោជន៍ប្រទេសយ៉ាងម៉េច។ លោកបានលើកឧទាហរណ៍ថា មិនត្រូវជិតដិតតែជាមួយប្រទេសចិនជ្រុល ឬមហាអំណាចស.រ.អា.ជ្រុលទេ គឺត្រូវទប់ឲ្យមានតុល្យភាពរវាងអំណាចសេដ្ឋកិច្ចនិងនយោបាយដែលលោកថា នេះជាគោលនយោបាយការបរទេសល្អមួយ។ លោកបានសង្កត់ធ្ងន់ថា អ្នកវិនិយោគស.រ.អា. បើសិនជាគេចង់មកវិនិយោគ គេត្រូវថ្លឹងថ្លែងច្រើន ហើយអ្នកទិញនៅស.រ.អា.ក៏គិតអំពីបញ្ហាសិទ្ធិមនុស្សដែរគឺគេមិនអាចទិញសម្លៀកបំពាក់ដែលផលិតដោយរោងចក្រដែលមានការរំលោភសិទ្ធិមនុស្សនោះទេ។
លោកស្រី Pelosi បានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាគឺក្រោយពេល ដែលលោកស្រី Michelle Obama បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាកាលពីជាងមួយសប្តាហ៍មុនដើម្បីលើកកម្ពស់សិស្សស្រីឲ្យបានទទួលការអប់រំខ្ពស់៕