អ្នកស្រី ទួន យឺត កសិករធ្វើស្រែក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា អ្នកស្រីនឹងលក់គោពីរក្បាលក្នុងចំណោមគោបីក្បាលរបស់អ្នកស្រីដើម្បីដោះស្រាយបំណុលដែលអ្នកស្រីជំពាក់មីក្រូហិរញ្ញវត្ថុហត្ថាកសិករចំនួន១ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗថា៖ «ឆ្នាំនេះ ខ្ញុំលក់គោទៀតហើយ។ លក់គោ សងធនាគារ។ យើងរក[អ្វី]អត់បានសងគេ»។
កសិករមួយចំនួនក្នុងស្រុកបាណន់ និងបណ្តាស្រុកផ្សេងទៀតក្នុងខេត្តបាត់ដំបង បានត្អូញត្អែរអំពីការខាតបង់លើការធ្វើស្រែនៅឆ្នាំនេះ ដោយសារបញ្ហាវិបត្តិអាកាសធាតុ ជី ប្រេងឡើងថ្លៃ ប៉ុន្តែតម្លៃស្រូវ មិនបានខ្ពស់ឡើយ។ ការណ៍នេះ នាំឲ្យកសិករមួយចំនួនត្រៀមលក់គោ និងដីដើម្បីដោះបំណុលដែលពួកគេ ត្រូវបង់ប្រចាំខែ។
ដូចកសិករផ្សេងទៀតដែរ អ្នកស្រី ទួន យឺត អាយុ៥៥ឆ្នាំ ដែលមានកូន២នាក់ កំពុងច្រកស្រូវហាលខាងមុខផ្ទះចូលការុង នៅតាមផ្លូវលំក្នុងឃុំចែងមានជ័យ។ ខណៈឈរក្បែរស្វាមី អ្នកស្រីបានរៀបរាប់ថា ឆ្នាំនេះ អ្នកស្រីធ្វើស្រូវពូជផ្កាម្លិះ ប្រមាណ៣ហិកតាហើយខាតបង់ប្រមាណ ៧លានរៀល ដែលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ អ្នកស្រីបន្តថា ស្រូវមិនបានថ្លៃ រហូតដល់ជាង១ពាន់រៀលក្នុងមួយគីឡូក្រាមឡើយ ប៉ុន្តែជី និងប្រេងសាំងបានឡើងថ្លៃ។
អ្នកស្រីបញ្ជាក់ទៀតថា ឆ្នាំនេះ ជីគីមីកសិកម្មដែលនាំចូលពីក្រៅប្រទេសឡើងជិត៤ម៉ឺនរៀលក្នុងមួយការុងចំណុះ៥០គីឡូក្រាម ដែលឡើងដល់១៣៨.០០០រៀល បើធៀបឆ្នាំមុន មានតម្លៃត្រឹមតែ១០៥.០០០រៀលប៉ុណ្ណោះ។ ធ្វើស្រែលើដី៣ហិកតានេះ អ្នកស្រីប្រើជីគីមីអស់១២ការុង។
អ្នកស្រីរៀបរាប់ថា៖ «ឆ្នាំនេះខ្ញុំខាត៦ ឬ៧លាន[រៀល]។ រាល់ឆ្នាំ ខ្ញុំធ្វើអត់សូវខាតទេ។ ដោយសារជីថោក យើងទប់ទល់បាន។ ដល់ឆ្នាំនេះ ជីវាថ្លៃ...ធ្វើស្រូវវាថោក...ទប់ទល់អត់រួចទេ...អត់មានអីសងធនាគារទេ»។
អ្នកស្រី ទួន យឺត អំពាវនាវឲ្យរដ្ឋាភិបាលគិតគូរពីតម្លៃស្រូវឲ្យបានថ្លៃជាងនេះ ខណៈតម្លៃស្រូវបច្ចុប្បន្ន បានត្រឹមតែប្រមាណ៨០០រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីបន្តថា ប្រសិនបើតម្លៃស្រូវមួយគីឡូក្រាម ចាប់ពី១១០០រៀលឡើងទៅ ទើបអាចទប់ទល់នឹងតម្លៃជីដែលឡើងថ្លៃបាន។
អ្នកស្រីប្រាប់វីអូអេថា៖ «សំណូមពរឲ្យតែម៉ាស៊ូតអីធូរថ្លៃបន្តិចទៅ ហើយជីធូរថ្លៃបន្តិច ... ស្រូវបានថ្លៃបន្តិចទៅ ដើម្បីទប់ទល់គ្នាឈ្នះ។ បើថា ស្រូវនៅតែថោក ម៉ាស៊ូត និងជីនៅតែឡើងថ្លៃ កសិករដឹងតែអស់ ...រកដីធ្វើស្រែគ្មាន។ ម្នាក់ៗឆ្នាំនេះ អ្នកមានគោ លក់គោសងជី។ អ្នកអត់មានគោ ជំពាក់ធនាគារតទៀត។ ខ្ចីធនាគារតទៀត»។
មិនខុសគ្នាប៉ុន្មានពីអ្នកស្រី ទួន យឺត លោក គឹម លី អាយុ៣៦ឆ្នាំ រស់នៅក្នុងស្រុកបាណន់ ក៏ត្រូវបង្ខំចិត្តប្រកាសលក់ដីស្រែរបស់ខ្លួនប្រមាណ ៥ហិកតាដើម្បីដោះស្រាយបំណុលធនាគារអេស៊ីលីដា ដែលលោកបានខ្ចីប្រមាណ ៩ពាន់ដុល្លារអាមេរិក ដើម្បីយកមកធ្វើស្រែស្រូវរំដួលលើផ្ទៃដីប្រមាណ ១៥ហិកតា។ លោកឲ្យដឹងទៀតថា ជីគីមីប្រេងម៉ាស៊ូត ឡើងថ្លៃខ្លាំង ហើយសូម្បីតែការុងច្រកស្រូវក៏ឡើងថ្លៃដល់៨៥០រៀលសម្រាប់ការុងមួយដែលឆ្នាំមុនតម្លៃត្រឹមតែ ៦០០រៀលតែប៉ុណ្ណោះ។
លោកបន្តថា៖ «ជីឡើង...ពីឆ្នាំទៅមិញមួយការុងតែ៨៥០[បាត]ទេ (ប្រមាណ១០៤.០០០រៀល)។ ឆ្នាំហ្នឹងវាឡើង១១០០[បាត] (ស្មើប្រមាណ១៣៥.០០០រៀល)។ ប្រេងឡើងឆ្នាំនេះ...ឆ្នាំនេះឡើងមួយចប់បណ្តោយ»។
លោក គឹម លី ឲ្យដឹងថា ឆ្នាំនេះ លោកខាតប្រាក់ក្នុងការធ្វើស្រែប្រមាណ៣ពាន់ដុល្លាររអាមេរិក ដោយសារស្រែរបស់លោក ត្រូវទឹកជន់លិចផងដែរ កាលពីពាក់កណ្តាលខែវិច្ឆិកា។
លោកបន្ថែមថា៖ «មានគិតម៉េច? យើងទៅលក់ដី លក់អីឲ្យគេវិញទៅ!»
លោកវឿន ឌិញ មេឃុំចែងមានជ័យ ក្នុងស្រុកបាណន់ ប្រាប់វីអូអេថា ស្រែរបស់ពលរដ្ឋដែលសរុបទៅប្រមាណ៨០%នៃប្រជាពលរដ្ឋសរុបជាង២ពាន់គ្រួសារ ក្នុងឃុំរបស់លោកត្រូវបានលិចទឹក ដូច្នេះគុណភាពមិនសូវល្អ លក់មិនបានថ្លៃ និងការប្រមូលផល មិនបានច្រើននោះទេ ដោយសារស្រូវឈ្លក់ទឹក។
លោកប្រាប់វីអូអេថា៖ «អារឿងលក់គោ លក់ដីហ្នឹង ខ្ញុំក្តាប់អត់បានទេ។ ប៉ុន្តែ អ្នកខ្លះត្អូញត្អែរថា ទប់ទល់បានទៅ! ខ្លះ ក៏អាចជំពាក់អីគេខ្លះទៅ!»
ចំណែកអ្នកស្រី រុន ម៉ុន ដែលរស់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងតំបន់អាងកំពីងពួយវិញ ថ្លែងថា អ្នកស្រីបានធ្វើស្រែលើដី៦ហិកតា ហើយអ្នកស្រីខាតបង់ប្រាក់ប្រមាណ៣ពាន់ដុល្លារ ដោយសារតែស្រូវនៅមានតម្លៃទាប ហើយជី ប្រេងឡើងថ្លៃ។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា៖ «ផលវាបានច្រើនដែរ តែវាថោក ស្រូវនោះ។ ហើយជីថ្លៃ។ ថ្នាំក៏ថ្លៃ។ ជីក៏ថ្លៃ។ ម៉ាស៊ូតក៏ថ្លៃ។ ថ្លៃទាំងអស់ ហើយស្រូវវាថោក»។
អ្នកស្រីមានគម្រោងលក់ដី១ហិកតាដើម្បីដោះបំណុលខ្លះដែលជំពាក់ធនាគារអេស៊ីលីដាចំនួន ៦ពាន់ដុល្លារអាមេរិក ដែលមួយខែត្រូវបង់ ២៨ម៉ឺនរៀល។ ប្រសិនបើលក់ដីបាន អ្នកស្រី នឹងយកលុយនោះទៅចំណាយសងដើមគេខ្លះ។
អ្នកស្រីបញ្ជាក់ថា៖ «[លក់]មួយហិកតាអីហ្នឹង យើងមិនចង់លក់ដែរ តែដូចថា ចាល់។ ចាល់ច្រកអ៊ីចឹងអ្ហា។ អត់លក់ទៅម៉េចរួច បើស្រែយើងខាតហើយហ្នឹង! បើមិនលក់សងគេម៉េចរួច?»
ផ្ទុយពីការអះអាងរបស់ប្រជាពលរដ្ឋ លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្លែងថា កសិករធ្វើស្រែក្នុងខេត្តរបស់លោក មិនខាតបង់ឡើយគ្រាន់តែចំណេញតិចតួច។ លោកបន្តថា អាជ្ញាធរ តែងតែជំរុញឲ្យកសិករធ្វើស្រូវដែលមានគុណភាពល្អ និងអាចផ្តល់ទិន្នផលខ្ពស់។
លោកបញ្ជាក់ថា៖ «គាត់លក់បានថ្លៃ ក៏គាត់មិនដែលមកប្រាប់យើងដែរ។ កាលណាស្រូវរៀងចុះថោក គាត់មានការត្អូញត្អែរអីអ៊ីចឹងណា៎។ ភាគច្រើនអ៊ីចឹង។ គាត់ចេះតែចង់បានថ្លៃ ប៉ុន្តែត្រូវមើលក្នុងបរិបទកូវីដអីផង»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា តម្លៃស្រូវធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារតម្លៃអង្ករលើពិភពលោកធ្លាក់ចុះប្រមាណ៣០%ទៅ៣៥%នៃតម្លៃដែលធ្លាប់លក់ចេញ។ លោកបន្តថា ធាតុចូលនៃកសិកម្ម ជាពិសេសជី«ឡើងថ្លៃជ្រុលពេក» ប៉ុន្តែការឡើងនេះ កើតឡើងនៅគ្រប់ប្រទេស មិនមែនតែកម្ពុជាឡើយ។
លោកបន្ថែមថា ថ្លៃពន្ធអាករសម្រាប់ជីកសិកម្ម រដ្ឋាភិបាលមិនយកឡើយដើម្បីធានាតម្លៃជីនៅលើទីផ្សារ។
លោកប្រាប់វីអូអេបន្ថែមថា៖ «រដ្ឋាភិបាលនិងក្រុមសហព័ន្ធយើងបានពិភាក្សា តើរកយន្តការណាដើម្បីបន្ថយនៃការប្រើប្រាស់ជី ហើយអាចឲ្យមានទិន្នផលសមស្រប»។
លោក លន់ យ៉េងអំពាវនាវឲ្យកសិករថ្លឹងថ្លែងថ្លៃដើម មុននឹងធ្វើស្រែ ហើយលោកស្នើអ្នកដែលជួលដីគេធ្វើស្រែអាចផ្អាកសិនក៏បាន នៅពេលនេះ។
លោកបន្ថែមថា៖ «យើងខ្ញុំមិនអំពាវនាវឲ្យកសិករបន្ថយទេ ប៉ុន្តែសូមឲ្យថ្លឹងថ្លែងមើលថា តើគួរជ្រើសរើសវិធីណាមួយ ដែលអាចចំណេញ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍បញ្ហាទាំងនេះដើម្បីកសិករអាចបន្តធ្វើស្រែបាន។
លោកបន្តថា៖ «ការផ្សព្វផ្សាយព័ត៌មានលើទីផ្សារ ...ព័ត៌មានការដាំដុះ ជាចំណុចសំខាន់មួយ ដែលជំរុញឲ្យកសិករមានគំនិតពិចារណាក្នុងការធ្វើកសិកម្ម ឬក៏ធ្វើស្រែចម្ការ។ បើពុំដូច្នោះទេ កង្វះខាតព័ត៌មាន នឹងរុញឲ្យគាត់ប្រឈមនឹងការខាតបង់ខាតកម្លាំងពលកម្មកាន់តែច្រើន ហើយបោះបង់ការប្រកបមុខរបរដោយសារតែ ការប្រកបនេះ មិនមានភាពចំណេញដល់ពួកគាត់»៕