អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ បានព្រមានបិទហាងលក់ម្ហូបអាហារទាំងឡាយណា ដែលខកខានមិនបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ការព្រមាននេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីក្រសួងសុខាភិបាលបានប្រកាសថា នៅកម្ពុជាអ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយទាំង ១២២ នាក់ហើយ ហើយគ្មានការរាយការណ៍អំពីករណីឆ្លងថ្មីទៀតទេ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីជូនដំណឹងមួយ សាលារាជធានីភ្នំពេញបានសរសេរថា៖ «ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះជាបណ្តោះអាសន្ន»។
អាជ្ញាធរលើកហេតុផលថា ក្រោយពីមានការប្រកាសថា អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា បានជះសះស្បើយអស់ហើយនោះ ប្រជាពលរដ្ឋលែងខ្លាច ហើយលែងប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតជាសកលនេះ។
អាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ដោយពុំបានអនុវត្តការរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ ឬមិនបានរៀបចំឲ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃ នៅមុខច្រកចេញចូលហាង ឬក៏មិនតម្រូវឲ្យបុគ្គលិកវាស់កម្តៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យភ្ញៀវចូលក្នុងហាងនោះទេ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ៕