មុនការរាតត្បាតនៃជំងឺកូវីដ១៩ អ្នកទេសចរគ្រប់ជាតិសាសន៍មកពីប្រទេសនានានៅលើពិភពលោកបានមកដើរលេងនៅខេត្តសៀមរាប ជាពិសេសនៅតំបន់ Pub Street និងប្រាសាទអង្គរវត្ត។ ប៉ុន្តែតាំងពីមានការរាតត្បាតជំងឺនេះមក តំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះប្រែជាស្ងាត់ជ្រងំ។ សំឡេងហៅភ្ញៀវឲ្យចូលពិសាអាហារ ឬទិញរបស់របរអនុស្សាវរីយ៍នោះក៏មិនសូវមានដូចមុនដែរ។
នៅពេលយប់ បើទោះបីជាភ្លើងនៅតំបន់ Pub Street នៅបើកជាធម្មតាក៏ដោយ ប៉ុន្តែហាង អាហារដ្ឋាន និងបារភាគច្រើននៅក្នុងតំបន់នេះងងឹត ដោយសារតែហាងជាច្រើនត្រូវបានបិទទ្វារ។
អ្នកស្រី អ៊ឹម ស្រីមុំ ដែលមានវ័យ៤៨ឆ្នាំ ជាម្ចាស់អាហារដ្ឋានមួយនៅផ្សារចាស់កំពុងអង្គុយសម្លឹងរកភ្ញៀវទេសចរណ៍។ កៅអីនិងតុដែលនៅទំនេរនៅក្នុងហាងបាយរបស់អ្នកស្រីទាំងអស់ ជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា អ្នកដែលរកស៊ីចិញ្ចឹមជីវិត ដោយពឹងផ្អែកលើភ្ញៀវទេសចរណ៍ជាពិសេសអ្នករកស៊ីបែបគ្រួសាររងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំង។
អ្នកស្រីមានប្រសាសន៍ថា អ្នកដែលដើរចុះដើរឡើងនៅក្បែរហាងអ្នកស្រីភាគច្រើនជាអ្នកក្នុងស្រុក។ ហើយ អ្នកស្រីមិនមានចំណូលនោះទេ តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ មក។
អង្គុយនៅក្នុងហាងរបស់អ្នកស្រីនៅផ្សារចាស់អ្នកស្រី អ៊ឹម ស្រីមុំ ប្រាប់វីអូអេថា៖
«និយាយទៅចូលដើមហ្មងអត់មានបានអីរួចខ្លួនផង»។
អ្នកស្រីបន្ថែមថា៖ «ពីមុនយើងលក់បានបីពេលអញ្ចឹងណា៎។ តែពេលឥឡូវអត់។ និយាយទៅអត់មាន[ភ្ញៀវ]អង្គុយតាំងពីព្រឹករហូតដល់យប់»។
ចាប់តាំងពីក្រសួងសុខាភិបាលឲ្យដឹងថា បុរសម្នាក់នៅក្រុងសៀមរាបបានឆ្លងជំងឺកូវីដ១៩កាលពីខែមីនានោះមក អ្នកស្រីនិងអ្នកលក់ដូរផ្សេងៗទៀត បានបិទហាងមួយរយៈ។ អ្នកស្រីត្រូវបង្ខំចិត្តឲ្យបុគ្គលិករបស់អ្នកស្រី៥នាក់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញមួយរយៈ ដោយសារអ្នកស្រីមិនមានលទ្ធភាពឲ្យប្រាក់ឈ្នួលទៅពួកគេ។
អ្នកធ្វើការជាមួយអ្នកស្រី ទទួលបានយ៉ាងហោចណាស់១២០ដុល្លារក្នុងមួយខែ។ ឥឡូវនេះ អ្នកស្រីត្រូវបង់ថ្លៃតូបជាង៣០០ដុល្លារក្នុងមួយខែ ហើយអ្នកស្រីក៏ត្រូវចំណាយទៅលើថ្លៃទឹកនិងថ្លៃភ្លើងផងដែរ។
អ្នកស្រី អ៊ឹម ស្រីមុំ ថាអ្នកស្រីចាប់ផ្តើមបើកហាងវិញ កាលពីដើមខែឧសភានេះ។ ខេត្តសៀមរាបទទួលរងការប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ អាជីវករ និងអ្នករកប្រាក់ចំណូលពីឧស្សាហកម្មទេសចរណ៍ ដែលធ្លាប់មានសកម្មភាពរស់រវើកក្នុងទីក្រុងនៃប្រាង្គប្រាសាទនេះ មិនទទួលបានប្រាក់ចំណូលដូចមុនឡើយ។ អ្នកខ្លះត្រូវបង្ខំចិត្តបិទតូប ហើយអ្នកដែលធ្វើការនៅក្នុងហាងខ្លះ បាត់បង់ការងារដោយសារការធ្លាក់ចុះនៃចំនួនអ្នកទេសចរទាំងក្នុងនិងក្រៅស្រុក។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៅក្រសួងទេសចរណ៍ ឲ្យដឹងថា ចំនួនអ្នកទេសចរដែលចូលតាមព្រលានយន្តហោះក្រុងសៀមរាប ធ្លាក់ចុះជិត៦០ភាគរយ ហើយចំនួនអ្នកទេសចរដែលចូលតាមច្រកផ្សេងៗទៀត ក៏មានចំនួនធ្លាក់ចុះជាងច្រើនជាង៥០ភាគរយផងដែរ។
«និយាយទៅរបាយការណ៍ហ្នឹងវាដោយសារកាលពីខែមួយខែពីរ យើងនៅធ្លាក់ដែរតែគ្រាន់តែវាធ្លាក់នៅទាប។ អញ្ចឹងដល់សរុបបីខែ ក៏វានៅធ្លាក់ក្នុងប៉ុណ្ណឹងដែរ»។
លោកបន្ថែមថា ៖ «ចាប់ពីខែបួននេះទៅ [តួលេខ]ប្រហែលជាធ្លាក់ជាងនេះទៅទៀត»។
លោក គង់ សុភារក្ស និយាយថា អ្នកលក់ដូរត្រូវធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងក្នុងកត្តាណាមួយ។
«ភាគច្រើន គឺយើងត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំអីផ្សេងអញ្ចឹងបា៎។ ដូចជាសេវាកម្មហូបចុកអីយើងអាចមានទម្រង់ដូចជាការវេចខ្ចប់មិននៅកន្លែង។យើងអាចវេចខ្ចប់យកទៅឆ្ងាយ ឬក៏យើងរៀបចំតុឲ្យមានលក្ខណៈឃ្លាតឆ្ងាយពីគ្នាអីអញ្ចឹង»។
លោកបន្ថែមថា៖ «សេវាកម្មស្នាក់នៅឬក៏ដឹកជញ្ជូនអីអញ្ចឹងគឺថាយើងត្រូវគោរពទៅតាមបទដ្ឋានអនាម័យតាមការណែនាំអីអញ្ចឹង។ មានសាប៊ូអាល់កុល [ម៉ាស៊ីន]ពិនិត្យកម្តៅអីអញ្ចឹង»។
បើតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរនៅក្នុងខែមេសា ឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្ត ធ្លាក់ចុះជិត១០០ភាគរយតែម្តង គឺមានតែ ៦៥៤ នាក់តែប៉ុណ្ណោះ។ តែបើគិតក្នុងរយៈពេល៤ខែនៃដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រាសាទអង្គរវត្ត មានប្រមាណ៣៨ម៉ឺន៥ពាន់នាក់ ដែលថយចុះប្រមាណ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
នៅមុខហាងអាហាររបស់អ្នកស្រី ស្រីមុំ លោក អ៊ឹម ប៊ុនឡូ នៅឈរក្បែររ៉ឺម៉កកង់បីរបស់លោក ដើម្បីចាំហៅភ្ញៀវ។ លោក ប៊ុនឡូ ដែលមានវ័យ៣៨ឆ្នាំ មានស្ថានភាពសេដ្ឋកិច្ចស្រដៀងនឹងអ្នកស្រី ស្រីមុំ ដែរ។ លោកធ្លាប់មានអាហារដ្ឋានមួយ។ ប៉ុន្តែដោយសារតែចំនួនអតិថិជនធ្លាក់ច្រើនពេក លោកក៏សម្រេចចិត្តបិទអាហារដ្ឋាននោះ។ ហើយអ្នកដែលធ្វើការរត់តុឲ្យលោក ក៏ត្រូវត្រឡប់ទៅស្រុករបស់ពួកគេវិញ។
«ធ្លាប់លក់បានមួយថ្ងៃ១០០ដុល្លារជាងធ្លាក់ដល់មួយថ្ងៃ ២០ដុល្លារ។ បិទ [ហាង]ទៅ ថ្លៃផ្ទះថ្លៃផងមួយខៃថ្លៃដល់ទៅ ៤០០ [ដុល្លារ]ជាងរត់អត់រួច»។
បច្ចុប្បន្នលោកប៊ុនឡូងាកមកប្រកបរបរជាអ្នករត់រ៉ឺម៉កកង់បី។ លោកថាមួយថ្ងៃលោកអាចរកបានប្រហែលពីរទៅបីម៉ឺនរៀល។
អ្នកលក់របស់របរដូចជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ក៏រងការប៉ះទង្គិចសេដ្ឋកិច្ចផងដែរ។ អវត្តមាននៃអ្នកទេសចរស្មើនឹងការបាត់បង់ប្រាក់ចំណូល។
កញ្ញា ចា រ៉ាឌី កំពុងអង្គុយនៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍របស់ម្តាយកញ្ញានៅផ្សារចាស់។ ខណៈមិនមានអតិថិជន កញ្ញារៀបចំរបស់របរសម្រាប់លក់ដូចជាខោអាវ កាបូប កន្សែងបង់ក និងរបស់របរផ្សេងៗទៀតដែលភាគច្រើនជាផលិតផលក្នុងស្រុក។
កញ្ញាប្រាប់វីអូអេថាមុនការរាតត្បាតជំងឺនេះ កញ្ញានិងម្តាយអាចលក់បានប្រហែល១០០ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវការលក់ដូរមិនដូចមុនឡើយ។
«[លក់]បាន១០ ទៅ ២០ [ដុល្លារ]។ ថ្ងៃខ្លះអត់សូវកៅឆាយទេ»។
នៅតាមដងផ្លូវ Pub Street លោក ឡុង វិចិត្រ ដែលមានវ័យ៣២ឆ្នាំ កំពុងអង្គុយរង់ចាំអតិថិជននៅក្នុងរ៉ឺម៉កកង់បីរបស់លោក។ ដូចអ្នករត់រ៉ឺម៉កកង់បីជាច្រើននាក់ទៀតដែរ ថ្ងៃនេះលោកមិនបានអតិថិជនម្នាក់សោះ។
«ថ្ងៃខ្លះអត់អាលីងបណ្តោយ។ ថ្ងៃខ្លះមកអង្គុយតែលេងអត់មានអីនេះ។ មកអង្គុយតែឆែកអ៊ីនធឺណិតមើល។
លោកនិយាយថា ជីវភាពរបស់លោកនិងពលរដ្ឋនៅខេត្តសៀមរាបផ្សេងទៀត នឹងមានភាពល្អប្រសើរឡើងវិញប្រសិនបើមានអ្នកទេសចរច្រើនមកលេងនៅខេត្តនេះ។
«[ខ្ញុំ]ចង់ឲ្យទេសចរណ៍មកលេងសៀមរាបឲ្យបានច្រើនព្រោះអីមាន ការងារសម្រាប់ពួកខ្ញុំធ្វើដែរ»៕