គិតត្រឹមព្រឹកថ្ងៃច័ន្ទទី១១ខែឧសភានេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ។
នេះគឺជាសប្តាហ៍ទី៤ហើយ ដែលមិនមានករណីវិជ្ជមានថ្មីនៃវីរុសកូរ៉ូណា ត្រូវបានរាយការណ៍ក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងសរុបគឺនៅតែមាន១២២ករណីដដែល។ ក្នុងនោះ ១២០ករណីបានជាសះស្បើយវិញ។ នៅសល់តែ២ករណីទៀត ដែលបានកើតឡើងចំពោះស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យ និងបុរសម្នាក់នៅខេត្តកំពង់ឆ្នាំង។
ប៉ុន្តែអ្នកឆ្លងទាំងពីរនាក់ដែលមិនទាន់ជាសះស្បើយនៅឡើយនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញហើយ កាលពីថ្ងៃសុក្រ ទី៨ ខែឧសភាឆ្នាំ២០២០។ នេះបើផ្អែកតាមក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ការឆ្លងវីរុសកូរ៉ូណានេះ មិនមានករណីព្យាបាលជាសះស្បើយនោះទេ៕