ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​អំពី​សាំង​ឡើង​ថ្លៃ ប៉ុន្តែ​មន្ត្រី​ថា ដោយសារ​តម្លៃ​ទីផ្សារ​អន្តរជាតិ


ពលរដ្ឋ ចូលចាក់សាំង​នៅ​ស្ថានីយប្រេង​ឥន្ធនៈ​ភីធីធី (PTT) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
ពលរដ្ឋ ចូលចាក់សាំង​នៅ​ស្ថានីយប្រេង​ឥន្ធនៈ​ភីធីធី (PTT) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បាន​ត្អូញ​ត្អែរ​អំពី​បញ្ហា​សាំង​ឡើង​ថ្លៃ​ទៅ​ដល់ ​៤.៣០០ ​រៀល​ក្នុង​មួយ​លីត្រ ដោយ​ពួក​គេ​ស្នើឲ្យ​ទម្លាក់​តម្លៃ​បន្តិច ដើម្បី​សម្រួល​ជីវភាព​ដែល​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩។

ប៉ុន្តែ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា​ តម្លៃ​ប្រេង​ឡើង​ថ្លៃ ដោយ​សារ​តម្លៃទី​ផ្សារ​អន្តរ​ជាតិ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ក្នុង​ការ​កំណត់«​ថ្លៃ​លក់​រាយ​ប្រេងឥន្ទនៈ​នៅ​តាម​ស្ថានីយ​» ដែល​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​៣១ ​ខែតុលា ចំពោះ​សាំង​ធម្មតា​ នឹង​ត្រូវ​លក់​តម្លៃ​ ៤.៣០០ ​រៀល​ក្នុង​មួយ​លីត្រ និងចំពោះ​ប្រេង​ម៉ាស៊ូត​ នឹង​ត្រូវ​លក់​តម្លៃ​ ៤​ ពាន់​រៀល​ក្នុង​មួយ​លីត្រ។

ទាក់​ទង​នឹងបញ្ហា​តម្លៃ​ប្រេង​ឡើង​ថ្លៃនេះ ប្រជា​ពល​រដ្ឋ អ្នក​ប្រកប​របរ​រត់​រថយន្តឈ្នួល​ និង​អ្នក​រត់​កង់​បី បាន​លើក​អំពី​បញ្ហា​ប្រឈម​ និង​ការ​ប៉ះ​ពាល់​ផ្នែកសេដ្ឋ​កិច្ច​របស់​ពួក​គេ។ ហើយ​ពួក​គេ​ចង់​បាន​តម្លៃ​ប្រេង​ឥន្ទនៈ​ ឬ​ប្រេង​សាំង ចុះ​ថ្លៃជាង​នេះ។

អ្នកស្រី ឃួន ចំប៉ី អាយុ​៤៧​ឆ្នាំ ដែល​មាន​ស្វាមី​ជា​អ្នក​បើក​តាក់​ស៊ីកំពង់ធំ-ភ្នំពេញ បាន​ត្អូញត្អែរ​អំពី​ចំណូល​បើក​រថយន្ត​ឈ្នួល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ប៉ុន្តែ​ស្រប​ពេ​ល​នេះ បែរ​ជា​សាំង​ឡើង​ថ្លៃ ដែល​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចំណូល​គ្រួសារ​យ៉ាង​ខ្លាំង។ អ្នកស្រី​បន្ត​ថា ​អ្នក​ស្រី​ត្រូវ​ចំណា​យ​ជា​ង​ ១២ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ថ្លៃ​ម៉ាស៊ូត​ដែល​មាន​តម្លៃ ​៤​ ពាន់​រៀល​ក្នុង​មួយ​លីត្រ ធ្វើ​ដំណើរទៅ​មកភ្នំពេញ។

អ្នកស្រី​ថ្លែង​ថា៖ «ថ្ងៃ​ណាមួយ​[នោះ​] សឹង​រក​លុយ​ចាក់​ប្រេងអត់​បាន​ ប៉ុន្តែ​អ៊ី​អត់​ដឹងរក​របរអី​ អ៊ី​ចេះ​តែ​ទៅ​មក​[ភ្នំពេញ-កំពង់ធំ] ក្រែង​លោ​បន្តិច​ទៀត​ កូវីដ​ចប់​អីទៅ ប្រទេស​យើង​បើ​កវិញ​ ក្រែង​លោ​មាន​មនុស្ស​ជិះ​វិញ​អ៊ីចឹងហ្ហា។ ប្រសិន​បើ​យើង​អត់​រត់​ពី​ឥឡូវ​ហ្នឹង​ទេ វា​ដាច់​ម៉ូយ​ហ្ហា ម៉ូយ​ឥវ៉ាន់ ក៏​ដាច់​ ម៉ូយ​មនុស្សជិះ ​ក៏​ដាច់​ដែរ»។

អ្នក​ស្រី​បន្ថែម​ថា៖​ «បើ​[ប្រេង​សាំង​]​ចុះ​ថោក​ [ក្នុង​តម្លៃ​]អាច​សម​រម្យ [ដើម្បី​]បាន​លុយ​[សល់ខ្លះ​] ដូចថា ​យើង​អាច​ផ្គត់​ផ្គង់គ្រួសារ​ ឬ​មួយ​ធ្វើ​ឡាន​ ធ្វើអី​ហ្ហា​ [ហើយ​]បើ​ចុះ​បាន ​២៥ ​[២.៥​០០​រៀល] ​ល្អ​»។

ពលរដ្ឋ​ម្នាក់​ទៀត​ លោក ឌុល ជីង អាយុ​៧១ឆ្នាំ បាន​មើល​ឃើញ​ថា ​នៅ​ពេល​ដែល​តម្លៃ​សាំង​ឡើង​ថ្លៃ វា​បាន​ជិះ​ឥទ្ធិ​ពល​ដល់​តម្លៃ​ទំនិញលើទីផ្សារ​ដូច​គ្នា​ ដែល​ការណ៍​នេះធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​លោក​មួយ​ផ្នែកផង​ដែរ​។ លោកក៏​ចង់ឲ្យ​តម្លៃ​សាំង ចុះ​ថ្លៃ​ថោក​ជាង​នេះ​ផង​ដែរ។

លោកថ្លែង​ថា៖​ «​ចង់​ឲ្យ​សាំង​ចុះ​ថ្លៃ​ទៅ​ វា​មិន​សូវ​ចុះ​សាហ៊ុយ​ធ្វើ​ដំណើរ។ ​បើ​សាំង​ចុះ​ទៅ ​ឥវ៉ាន់​ចុះ​ទៅ​ យើង​វាសល់​លុយ​ដែរ​»។

ចំណែក​អ្នក​រត់​កង់​បី​ឥណ្ឌា​ដែល​ចាក់​ហ្គាស​ លោក អេង ណែត អាយុ​៣៨​ឆ្នាំ​ មាន​ការ​ត្អូញ​ត្អែរ​អំពី​ការ​ឡើង​ថ្លៃ​ហ្គាស​នេះ​ដូច​គ្នា ស្រប​ពេល​ដែល​សេដ្ឋ​កិច្ច​របស់​លោក ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​កូវីដ​១៩​នេះ។

លោក​ថ្លែង​ថា៖ «ជួន​ណា​បាន​[​លុយ] ២ម៉ឺន ទៅ​៣​ម៉ឺន​ទៅ​ ជួន​ណា​បាន​លុយ ​៤​ម៉ឺន​ទៅ​វាអត់​ទៀង​ទេ។ ហើយ​មិន​ទាន់​បាន​មួយ​ជើង​ទេ​ តាំង​ពី​ព្រឹក​មក​ដល់ថ្មើ​ហ្នឹង[ម៉ោង​១០​ព្រឹក​]​ នៅ​ដេក​ន​នៀល​នៅ​ហ្នឹង​ [ដោយ] ស្ងាត់​អត់​មាន​ឡាន​ចុះ[ឡាន​ចូល​មក​ភ្នំពេញ​]។ និយាយ​ឲ្យចំ​ទៅ​គេមិនសូវ​ដើរ តាំងពីភ្ជុំ​ហើយ​ អត់​សូវ​មាន​មនុស្ស​ដើរ​ ស្ងាត់ណាស់»។

លោក​បន្ត​ថា​៖ «ចង់​ឲ្យ​ធ្លាក់​អ៊ីចឹង​ទៅណា​ ធ្លាក់​សល់​ត្រឹម​២ពាន់​[រៀល]អ៊ីចឹង​ទៅណា។ កាល​មុនខ្ញុំ​បញ្ជូល​តែ​១៧ [១.៧០០រៀល​] ឬ ១៥​ [​១.៥០០​រៀល] ១៨ [​១.៨០០​រៀល] ​អ៊ីចឹង​ទៅ​ណា [ហើយ]​ត្រឹម​២​ពាន់​យើង​អាច​ទទួល​យក​បាន​ យើង​ចាក់​១០​លីត្រ​អី​អស់​តែ​២ម៉ឺន ហើយ​សព្វ​ថ្ងៃ​១០​លីត្រ [តម្លៃ​]​២​ម៉ឺន​៥​ពាន់ ​លើស​៥​ពាន់[រៀល]​អ៊ីចឹង»។

ពលរដ្ឋ ចូល​ចាក់សាំង​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីម៉ិច (Sokimex) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
ពលរដ្ឋ ចូល​ចាក់សាំង​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីម៉ិច (Sokimex) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

លោក ប៉ែន សុវិជាតិ អនុ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្មប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ បញ្ហា​តម្លៃ​ប្រេង​កើន​ឡើង​បែបនេះ គឺដោយ​សារ​តែ​តម្លៃ​ប្រេងអន្តរ​ជាតិ​មាន​ការ​ប្រែ​ប្រួល ដោយ​សារ​ផលិត​កម្ម​ប្រេង​ មិន​អាច​ផ្គត់​ផ្គង់​តាមតម្រូវ​ការ​ជាក់​ស្តែង​បា​ន ក្នុង​អំឡុង​ពេល​ដែលប្រទេស​លើ​ពិភព​លោក​ត្រៀម​បើក​ប្រទេស​រៀងៗ​ខ្លួន​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «​ដូច្នេះ​កត្តា​ដែល​ប្រែ​ប្រួល​ដល់​ការកំណត់​ថ្លៃប្រេង​នេះ ​គឺ​ថ្លៃ​ប្រេងអន្តរជាតិ​ដែល​យើង​ទិញ​ចូល​ពីគេ​ ដែល​ធ្វើ​ឲ្យ​ការ​គណនា​របស់​យើង​ វា​ធ្វើ​ឲ្យ​កើន​ឡើង​ថ្លៃ​លក់​ប្រេង​ក្នុង​ស្រុក​របស់​យើង​។​ ហើយ​មូល​ហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​អន្ត​រជាតិ​កើន​ឡើង​នេះ ក៏​ដោយ​សារ​ផលិត​កម្ម វា​ឆ្លើយ​តប​មិន​ទាន់​ទៅ​នឹងតម្រូវ​ការ​ជាក់​ស្តែង​ ក្រោយ​ពេល​ដែល​ប្រទេស​នានា​បាន​ចាក់​វ៉ាក់​សាំងហើយ ហើយ​ត្រៀម​បើក​សេដ្ឋ​កិច្ច ហើយ​ប្រទេស​ខ្លះ ក៏​បើក​សេដ្ឋ​កិច្ច​របស់​ខ្លួន​ជា​បណ្តើរៗ»។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ ចាត់ទុក​ថា​ ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​យ៉ាង​គំហុក នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​វិបត្តិ​កូវីដ​១៩​ ​ គឺ​តាំង​ពី​ចុង​ខែ​កញ្ញា រហូត​មក​ដល់​ខែ​តុលា ឆ្នាំ​២០២១​នេះ ដែល​តម្លៃចាប់​ពី​៤.០០០​រៀល​រហូត​ដល់​ ៤.៣០០​រៀល​ក្នុង​មួយ​លីត្រ។ លោក​បន្ថែម​ថា​ ការ​ឡើង​ថ្លៃ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ពលរដ្ឋ​ ក្នុង​វិបត្តិ​កូវីដ​១៩នេះ ​ប៉ុន្តែ​វា​មិន​ទាន់​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ដល់​តម្លៃ​ទំនិញ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា​៖ «​ទី​មួយ គឺ​យើង​ឃើញ​បរិមាណ កាត់​បន្ថយ​នៃ​ការ​ផលិត​របស់​ OPEC ហ្នឹង ជាមូលហេតុ​មួយ​...ហើយ​មូល​ហេតុ​មួយ​ទៀត​នោះ គឺ​មូលហេតុ​ការ​ប្រែប្រួល​នៅ​ក្នុង​ stock market [ទីផ្សារ​ភាគហ៊ុន] ដែលជាមូល​ហេតុ​ដែល​ធ្វើ​ឲ្យប្រេង​ហ្នឹង​ឡើង​ថ្លៃ ហើយ​ប្រទេស​អ្នក​លក់​ប្រេង​ទាំង​អស់​លើ​ពិភព​លោក​គាត់​ដំឡើង​ថ្លៃ​ប្រេង​ទៅ​តាមការប្រែប្រួលច្បាប់​ market [ទីផ្សារ]នេះ»។

លោក ​គី សេរីវឌ្ឍន៍ បន្ថែម​ថា​ ក្រុម​ហ៊ុន​ប្រេង​នៅ​កម្ពុជា​ ជាក្រុម​ហ៊ុន​សហកា​រជា​មួយ​រដ្ឋ ដែល​បណ្តាលឲ្យ​តម្លៃ​ប្រេង​នេះ​ មានតម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ហើយប្រសិន​បើ​ចង់​ឲ្យ​តម្លៃ​ប្រេង​មាន​ការ​ធ្លាក់​ចុះ​ លុះ​ត្រាតែ​រដ្ឋាភិបាល​កាត់បន្ថយ​ពន្ធ​នាំ​ចូល។

លោកបន្ថែម​ថា៖ «រដ្ឋាភិបាល​មាន​តែ​បន្ធូរ​ពន្ធ​នាំ​ចូល​ប្រេង​ ដើម្បី​ឲ្យ​ថ្លៃ​ប្រេង​ហ្នឹង​បាន​ធ្លាក់​ចុះ។ ក៏​ប៉ុន្តែ​យើង​ឃើញ​ក្រុម​ហ៊ុន​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​ គឺជាក្រុម​ហ៊ុន​ដែល​លក់​ក្នុង​ការ​សហការ​...អញ្ចឹង​ហើយ​ថ្លៃ​ប្រេង​នេះ​នៅ​តែ​ខ្ពស់​ប្រសិន​យើង​បើ​ធៀប​ជាមួយ​ប្រទេស​ដទៃៗ​ទៀត...បើ​ទោះជា​មាន​ក្រុម​ហ៊ុន​ផ្សេង​ជាច្រើន​ បាន​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក៏​ដោយ​ ក៏​ការ​ប្រកួត​ប្រជែង​នេះ មិន​មែន​ការ​ប្រកួត​ប្រជែងពេញ​លេញ​ទេ គឺ​ការ​ប្រកួត​ប្រជែង​បែប​សហការ»។

លោក​ Songpon Thepnumsommanus អគ្គ​នាយក​នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធីខេមបូឌា (PTT Cambodia) ដែល​ជា​ជន​ជាតិ​ថៃ បាន​ប្រាប់វីអូអេ​ថា​ ការលក់ប្រេង​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ ​៤.៣០០​រៀលនេះ ជា​ការ​កំណត់​របស់​រដ្ឋា​ភិបាល​កម្ពុជា និង​មួយ​ផ្នែក​ទៀត​ដោយ​សារតម្លៃ​ប្រេង​នៅ​ទី​ផ្សារ​អន្តរ​ជាតិ​កើន​ឡើង​ផង​ដែរ។ នៅ​ពេល​សួរ​អំពី​ពន្ធលើ​ប្រេង​ឥន្ធនៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​យក​ពី​ក្រុម​ហ៊ុន លោក​ស្នើ​ឲ្យ​សួរ​ទៅ​រដ្ឋាភិបាល​វិញ។

គួរ​បញ្ជាក់​ថា​នៅថ្ងៃ​ទី​១៩ ខែ​តុលា​នេះ តាម​ស្ថានីយ​ចាក់​សាំង​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ សាំង​ស៊ុប​ពែរ​មាន​តម្លៃ​រហូត​ដល់​ ៤.៨៥០​រៀល​ក្នុង​មួយ​លីត្រ សាំង​ធម្មតា​មាន​តម្លៃ​ ៤.៣០០​រៀល ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​ ៤​ពាន់​រៀល និង​ហ្គាស​មាន​តម្លៃ​២.៥០០​រៀល ៕

XS
SM
MD
LG