ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីការកើនឡើងកម្តៅ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរំខានដល់ការប្រកបមុខរបររបស់ពួកគេ។
លោក រឿន ស្រីម អាយុ ៦៤ ឆ្នាំ ជាអ្នករត់រម៉កកង់បីនៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា នៅពេលអាកាសធាតុក្តៅបែបនេះ សម្រាប់លោកដែលជាអ្នកដឹកអ្នកដំណើរ និងអង្គុយចាំភ្ញៀវនៅតាមដងផ្លូវ មានភាពលំបាកក្នុងការស៊ូទ្រាំនឹងកម្តៅថ្ងៃ។ លោកបន្ថែមថា ពេលខ្លះ អ្នកធ្វើដំណើរមិនហ៊ានចេញមកក្រៅ ដោយសារមេឃក្តៅខ្លាំង ដូច្នេះវាប៉ះពាល់មុខរបរប្រចាំថ្ងៃរបស់លោកផងដែរ។
លោក រឿន ស្រីម បន្ថែមថា ការបាត់បង់គម្របព្រៃឈើធ្វើឱ្យអាកាសធាតុកាន់តែក្តៅ។
លោកថ្លែងថា៖ «មូលហេតុហ្នឹង មកពីយើងអស់ជម្រកព្រៃឈើ ជម្រកអ្វីសព្វបែបយ៉ាង ព្រៃឈើក៏យើងអស់រលីងតែម្តង។ និយាយឱ្យចំ យើងគ្មានកន្លែងណាមួយដែលមានធាតុត្រជាក់ឱ្យស្រូប។ ធាតុត្រជាក់ហ្នឹងបើអាចបាន អាចភ្លៀងឬក៏អាចស្រទុំ ត្រជាក់ពីលើក៏អត់មានដែរ»។
ចំណែកអ្នកស្រី ពេជ្រ សារឿន អាយុ ៤៧ ឆ្នាំ អ្នកលក់ដូងនៅរាជធានីភ្នំពេញ ថ្លែងថា អាកាសធាតុបច្ចុប្បន្ននេះ ថ្ងៃខ្លះក្តៅខ្លាំង ហើយពេលខ្លះទៀត ក៏មានខ្យល់។ ដោយសារអាកាសធាតុក្តៅខ្លាំងនេះ អ្នកស្រីមានអាការៈឈឺក្បាល និងងងឹតមុខ។
អ្នកស្រីក៏យល់ឃើញថា ការបាត់បង់ព្រៃឈើបណ្តាលឱ្យអាកាសធាតុកាន់តែក្តៅខ្លាំង។
អ្នកស្រីប្រាប់វីអូអេថា៖ «វាក្តៅខ្លាំងមកពីស្អី មកពីឥឡូវស្រុកខ្មែរយើងវាអស់ហើយអារឿងព្រៃឈើហ្នឹង គេកាប់អស់ ធ្វើចម្ការធ្វើអីអស់អញ្ចឹងទៅវាមានអីត្រជាក់បើវាអស់ស្លឹកឈើហើយមានអីត្រជាក់ទៀត។ បើយើងក្តៅអញ្ចឹង បើយើងនៅក្រោមដើមឈើវាត្រជាក់ពីអាមែកឈើស្រស់ៗ ប៉ុន្តែបើយើងនៅអញ្ចឹង[កន្លែងលក់]វាក្តៅ»។
អ្នកស្រីបន្ថែមថា៖ «បើស្រុកខ្មែរយើងដាំដើមឈើឡើងវិញអាហ្នឹងបានវាអត់សូវក្តៅ បើបំផ្លាញព្រៃឈើអស់អាហ្នឹងដឹងតែក្តៅហើយ ហើយដល់ពេលខែធ្លាក់ភ្លៀង គឺខ្យល់ខ្លាំងតែម្តង»។
ចំណែកកញ្ញា ឃុន សុវ៉ាន់ដារី អាយុ ២២ ឆ្នាំ និស្សិតឆ្នាំទី២នៅរាជធានីភ្នំពេញ បានលើកឡើងថា បើនិយាយពីអាកាសធាតុសព្វថ្ងៃនេះ ចាប់តាំងពីចូលខែមីនាមក វាចាប់ផ្តើមក្តៅខ្លាំង ឡើងរហូតដល់ ៣៦ អង្សាសេ ហើយជួនកាលឡើងរហូតដល់៣៧អង្សាសេ។
កញ្ញាប្រាប់វីអូអេថា៖ «ពេលធ្វើដំណើរតាមផ្លូវ ពេលទៅធ្វើការ ទៅរៀនអញ្ចឹងគឺវាក្តៅខ្លាំងហ្មង ហើយជិះតាមផ្លូវជាពិសេសពេលឈប់ស្តុប ដោយសារនៅតាមផ្លូវយើងអត់សូវមានដើមឈើធំៗទេ អញ្ចឹងពេលដែលយើងឈប់ស្តុបហើយយើងនៅក្រោមកម្តៅក្តៅខ្លាំង។ ពេលខ្លះធ្វើឱ្យយើងមានអារម្មណ៍អត់ស្រួលខ្លួន។ ហើយការឡើងកម្តៅក្តៅហ្នឹងចំពោះអ្នកចាញ់ក្តៅដូចយើង វាអត់ស្រួលនៅក្នុងខ្លួន យើងវាក្តៅពេកអញ្ចឹងពេលខ្លះវាក្តៅរហូតដល់ធ្វើឱ្យយើងឈឺក្បាល ជួនកាលវាពិបាកដកដង្ហើម»។
និស្សិតរូបនោះបន្ថែមថាដំណោះស្រាយមានតែដាំដើមឈើ និងការកាត់បន្ថយយានយន្តតាមដងផ្លូវ ជំនួសដោយការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ទើបអាចកាត់បន្ថយការឡើងកម្តៅបាន។ កញ្ញាបញ្ជាក់ថា ការប្រើឧស្ម័ន ការប្រើហ្គាសច្រើន ក៏ជាកត្តាមួយធ្វើឱ្យអាកាសធាតុកាន់តែក្តៅដែរ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ កាលពីថ្ងៃទី ២ ខែមីនានេះ កម្ពុជានឹងប្រឈមអាកាសធាតុក្តៅហើយស្ងួត ចាប់ពីខែមីនាដល់ខែឧសភា ឆ្នាំ ២០២៤ ដោយសារកម្ពុជាទទួលរងនូវបាតុភូតអែលនីញ៉ូ (El Niño)។ ក្រសួងបន្ថែមថា សីតុណ្ហភាពទូទាំងប្រទេសក្នុងឆ្នាំនេះនឹងឡើងក្តៅជាងធម្មតា បរិមាណទឹកភ្លៀងធ្លាក់ទាប ហើយភ្លៀងកក់ខែក៏តិចតួចដោយតិចជាងឆ្នាំ ២០២៣។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយមបានក្រើនរំឭកទៅប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ននឹងអាកាសធាតុក្តៅ ហើយសើម និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ទឹកជាដើម។
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ។ អ្នកវិទ្យាសាស្ត្របានចាត់ទុកសកម្មភាពបំផ្លាញបរិស្ថានរបស់មនុស្ស ការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នចំហេះប្រេងកាត់ ការកាប់ព្រៃឈើ និងកត្តាមួយចំនួនផ្សេងទៀតថា ជាកត្តាបង្កឱ្យមានបាតុភូតធម្មជាតិធ្ងន់ធ្ងរកាន់តែច្រើនឡើងនៅជុំវិញពិភពលោក។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្រសួងមានយន្តការនានា ដើម្បីជំរុញការរៀបចំទីក្រុងឆ្លាតវៃដែលប្រើប្រាស់បច្ចេកវិទ្យា រៀបចំទីក្រុងបៃតង តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងយានយន្តសាធារណៈ ដើម្បីចូលរួមកាត់បន្ថយការបំពុល ការបង្ហុយផ្សែង និងការប្រែប្រួលអាកាសធាតុជាដើម។
លោកថ្លែងថា៖ «ចំពោះប្រជាពលរដ្ឋ យើងត្រៀមលក្ខណៈដើម្បីប្រឈម ព្រោះយើងគិតថា ត្រូវមានបច្ចេកទេសប្រឈមនឹងការប្រែប្រួលអាកាសធាតុនេះ។ អញ្ចឹងយើងក៏បានរៀបចំបណ្តុះបណ្តាល ក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះទៅដល់មូលដ្ឋានជាពិសេសស្រ្តី និងយុវជនឱ្យមានការយល់ដឹង។ ទី១ អំពីការប្រែប្រួលអាកាសធាតុ ទី២ អំពីបច្ចេកទេសក្នុងការដាំដុះ ការបន្សំ ហើយយើងនឹងធ្វើជាបន្តបន្ទាប់តាមរយៈការចុះទៅមូលដ្ឋានជាក់ស្តែង ជួបជាមួយប្រជាពលរដ្ឋ»។
អ្នកនាំពាក្យរូបនោះបន្ថែមថា ក្រសួងបរិស្ថានជំរុញឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើដែលអាចបង្កើនគម្របដើមឈើ ដើម្បីអាចទប់ទល់នឹងធាតុអាកាសក្តៅ៕
វេទិកាបញ្ចេញមតិ