ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ក្នុង​តំបន់​ជ្រោយ​ចង្វារ​​ស្វែង​រក​ជំនួយពី​រដ្ឋសភា​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC


លោក​ ជា​ សុផាត​ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ខ័ណ្ឌ​ជ្រោយ​ចង្វារ​ កាលពី​ថ្ងៃ​ ទី១២ ខែ​កក្កដា​ ឆ្នាំ​ ២០១៧ និយាយ​នៅ​មុខ​សភា​ជាតិ​ពី​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ជិត​ ១០​ឆ្នាំ។ (ហ៊ុល រស្មី/VOA)
លោក​ ជា​ សុផាត​ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ខ័ណ្ឌ​ជ្រោយ​ចង្វារ​ កាលពី​ថ្ងៃ​ ទី១២ ខែ​កក្កដា​ ឆ្នាំ​ ២០១៧ និយាយ​នៅ​មុខ​សភា​ជាតិ​ពី​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ជិត​ ១០​ឆ្នាំ។ (ហ៊ុល រស្មី/VOA)

អ្នក​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ថ្លែង​ថា​ រដ្ឋាភិបាល​​គួរ​រូតរះ​បញ្ចប់​វិបត្តិ​នេះ​​ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​មាន​ទំនាស់ដីធ្លី​សម្រាប់​កា​របោះឆ្នោត​ ឆ្នាំ​២០១៨។

ក្រុម​ប្រជាពល​រដ្ឋ​ជិត​៣០​នាក់​ តំណាងឱ្យ​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​ក្នុង​ទំនាស់​ដីធ្លី​មួយ​ ជា​មួយ​ក្រុមហ៊ុន​វិនិយោគទុនអនិកជន​កម្ពុជាហៅ​កាត់​ថា​ OCIC ​បាន​នាំយក​ញតិ្ត​ដាក់​ទៅ​រដ្ឋ​សភា​នា​ព្រឹក​ថ្ងៃពុធ​នេះ​ ​ទាមទារ​កិច្ច​អន្តរាគមន៍​ពីលោក​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​ពេល​ជិត១០​ឆ្នាំ។​

លោក​ជា សុផាត​ ​តំណាង​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ​ ​ក្នុង​ទំនាស់​ដីធ្លី​លើ​ផ្ទៃដី​ទំហំ​ជាង​១០០​ហិកតា​ ស្ថិត​ក្នុង​សង្កាត់បី​នៃ​ខណ្ឌ​ជ្រោយ​ចង្វារ​ គឺ​សង្កាត់​ព្រែក​តាសេក​ ​សង្កាត់​ព្រែក​លាភ​ ​និង​សង្កាត់​ជ្រោយ​ចង្វារ។​ លោក​បាន​ប្រាប់​ VOA​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ​អភិបាល​ក្រុង​ភ្នំពេញ​ចាស់​ គឺ​លោក​ប៉ា សុជាតិវង្ស​ មិន​បាន​ផ្តល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព​ដល់​ក្រុម​ប្រជា​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ OCIC ​នោះ​ទេ។​ ​លោក​ថា​ សាលា​ក្រុង​ព្យាយាម​ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួល​យក​សំណង​១០​ភាគរយ​នៃ​ផ្ទៃដៃ​ទាំងមូល​ដែល​ពួកគាត់កាន់​កាប់។​ ​ក៏ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ជម្លោះ​មិន​អាច​ទទួល​យក​សំណង​បែប​នេះ​បាន​ទេ។​

លោក​ជា សុផាត​ ​តំណាង​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ​និយាយ​ថា៖

«ឧទាហរណ៍​ថា​ ដូច​ជា​នៅ​បឹង​ជើង​ឯក​អីចឹង រឿង​អី​ក៏​ឯក​ឧត្តម​ប៉ា សុជាតិវង្ស​ប្រគល់​ដី​ដោយសន្យា​ថា​ នឹង​ឲ្យដី​ទៅ​ម្ចាស់​ដីហ្នឹង​៦៥​ភាគរយ​ សាលា​ក្រុង​យក​តែ​៣៥ភាគរយ​ទេ​ ដើម្បី​ធ្វើ​ហេដ្ឋារចនា​សម្ព័ន្ធ​ ហើយ​ចំណែក​ឯ​ពួក​ខ្ញុំ​នៅ​តំបន់​ជ្រោយ​ចង្វា​នេះ​វិញ​អី​ក៏​អភ័ព្ទ​ម្ល៉េះ!»​

ក្រោយ​ចេញ​ពី​សភា​វិញ ​ តំណាង​ពល​រដ្ឋ​រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​លើក​យក​ជម្លោះរ៉ាំរ៉ៃ​នៅ​តំបន់​ជ្រោយ​ចង្វារ​នេះ​មក​ពិភាក្សា​ជាសា​ធារណៈ​ ដូច​អ្វី​ដែល​បាន​ធ្វើ​ឡើង​នៅ​តំបន់​ប៊ូឌីញ។​

លោក​ជា សុផាត​ ​តំណាង​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ​បន្ត​ថា៖​

«ចង់​បាន​ឲ្យ​ក្រសួង​ដែនដី​ហ្នឹងយក​បញ្ហា​ពួក​ខ្ញុំហ្នឹង​មកដាក់​លើតុ​ ​ធ្វើ​វេទិកា​សាធារណៈ​មក​ថា​ តើ​ប្រជាជនចង់បាន​អី?​ ថា​តើ​ក្រសួង​ដែនដីនគរូបនីយកម្ម​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ឲ្យ​ប្រជាជន​ហ្នឹង​បែប​ម៉េច​ខ្លះ?​ ​ព្រោះ​ពួក​ខ្ញុំ​មាន​គោល​ការណ៍​ច្បាស់​លាស់​ណាស់។​ ទីមួយ​បើ​អ្នក​ដែល​មាន​ផ្ទះ​គឺ​ឆ្វៀល​ទុកឲ្យ។​ ទីពីរ​អ្នក​ដែល​មាន​ដី​អាស្រ័យ​ផល​ អតីត​ស្រែ​ចម្ការ​គឺ​ទិញ​ក្នុង​តម្លៃ​ទីផ្សារ​សេរី​ ដូចជា​ប៊ូឌីញ​អី​អីចឹង មួយពាន់​ប៉ុន្មាន​រយ​មួយការ៉េ​អី​អី​ចឹងទៅ​ ឬ​ក៏ខាង​ខ្ញុំ​មួយ​ការ៉េ​ត្រូវ​បាន​ប៉ុន្មាន។​ អា​នេះឲ្យ​កំណត់​អី​ចឹង​មក​ ឬ​បើ​យក​ដី​ឲ្យ​ដូច​បឹង​ជើង​ឯក​អី​ចឹង បឹង​ជើង​ឯក​៦៥​ភាគ​រយ​ប្រជាជន​ ហើយ​សាលាក្រុង​យក​តែ​៣៥​ភាគ​រយ»។​

សកម្មភាព​ផ្តិត​ដៃ​លើ​ញត្តិ​របស់​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខ័ណ្ឌ​ជ្រោយ​ចង្វារ​ ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​សភា​ជាតិ​ កាលពី​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)
សកម្មភាព​ផ្តិត​ដៃ​លើ​ញត្តិ​របស់​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខ័ណ្ឌ​ជ្រោយ​ចង្វារ​ ដែល​បាន​ធ្វើ​ឡើង​នៅ​មុខ​សភា​ជាតិ​ កាលពី​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

ញត្តិ​របស់​ប្រជា​ពលរដ្ឋ​ ដែល​ដាក់​ជូន​លោក​ ហេង សំរិន​ ​ប្រធាន​សភាជាតិ​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ឱ្យ​ដឹង​ថា​ ក្រុម​ប្រជា​ពល​រដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​លោក​ហេង សំរិន​ អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម​ ​និង​សំណង់​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌​ មាន​តម្លាភាព​ដល់ប្រជា​ពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ពីការ​អភិវឌ្ឍ​នេះ​ ហើយ​សុំឆ្វៀល​ដីលំនៅដ្ឋានតាម​លក្ខណៈ​ស្បែក​ខ្លា​ ​ពុំមាន​ការ​បណ្តេញ​ចេញ។​ ​ រីឯ​ដី​អាស្រ័យ​ផល​គឺ​ដី​ស្រែ​ចម្ការ​ទិញ​តាម​តម្លៃ​ទីផ្សារ​សេរី​ ​ឬ​បើ​យក​តាម​គោលការណ៍​ជើង​ឯក​៦៥​ភាគ​រយ​បាន​ទៅ​ម្ចាស់​ដី​ សាលា​ក្រុង​៣៥​ភាគរយ​ និង​សុំ​ឲ្យ​ក្រុម​ហ៊ុន​ ​OCIC ​ផ្អាក​សកម្មភាព​ទាំងអស់​នៅ​លើដី​ ដែល​មិនទាន់​បាន​ដោះ​ស្រាយ។​ នេះ​មាន​ន័យ​ថា​ ក្រុមហ៊ុន​មិន​អាច​លក់​ ឬ​ជួល​នោះ​ទេ។

ក្នុង​ញត្តិ​ដដែល​ ​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​ជាប់គាំង​ក្នុង​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ OCIC ​ក៏​បាន​ស្វែង​រក​ក្តី​អនុគ្រោះ​ពី​លោក​ហ៊ុន សែន​ឲ្យ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គាត់​ផង​ដែរ។​ ពួក​គាត់​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​ និង​សំណង់​ ​យក​បញ្ហា​របស់​ពួក​គាត់​មក​ដោះស្រាយ​ដោយ​មាន​តម្លាភាព​ ដូច​ក្រសួង​រៀបចំ​ដែនដី​បាន​ជួយ​ដោះ​ស្រាយ​ដល់​ប្រជាជន​នៅ​អគារ​ប៊ូឌីញ​ជា​ដើម។​

អ្នកស្រី សួង ភារម្យ និយាយ​នៅ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​ ឆ្នាំ ២០១៧​ អំពី​ការបាត់បង់​ដី​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ដោយ​គម្រោង​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯកជន។ (ហ៊ុល រស្មី/VOA)
អ្នកស្រី សួង ភារម្យ និយាយ​នៅ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​ ឆ្នាំ ២០១៧​ អំពី​ការបាត់បង់​ដី​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ដោយ​គម្រោង​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ឯកជន។ (ហ៊ុល រស្មី/VOA)

អ្នកស្រី ​សួង ភារម្យ​ ​វ័យ​៤៣​ឆ្នាំ​ ក្នុង​ចំណោម​ពលរដ្ឋ​ជិត​៣០នាក់​ ​ដែល​មក​ដាក់​ញ្ញត្តិ​នៅ​រដ្ឋ​សភា​ បាន​ប្រាប់​ VOA ​នៅ​មុខ​រដ្ឋសភា​ថា​ ​អ្នក​ស្រីចង់​បាន​មក​វិញ​នូវ​ដី​ដែល​ឪពុក​ម្តាយ​របស់​អ្នកស្រី​បន្សល់​ទុក​ឲ្យ ដែល​មាន​ទំហំ​១៤០០​ម៉ែត្រ​ការ៉េ​ ដើម្បី​សង់​ជា​លំនៅ​ដ្ឋាន​រស់​នៅ។​

អ្នកស្រី សួង ភារម្យ​ថ្លែង​ថា៖​

«ខ្ញុំ​សំណូមពរ​ឲ្យ​សម្តេច​តេជោ​ រាជ​រដ្ឋាភិបាល​ហ្នឹង​ ឲ្យ​លោក​ជួយ​ ហើយ​សាលា​រាជធានី​ក៏​អី​ចឹងដែរ​ សូម​ឲ្យ​លោក​ជួយ​ពួក​ខ្ញុំ​មក​ ទាំងដី​អាស្រ័យ​ផល​ ​ទាំង​ដីស្រែ​ចម្ការ​ពីមុន​ ទាំង​ដី​លំនៅដ្ឋាន»។​

អ្នកស្រី​បន្ថែម​ថា​ ក្រុម​ហ៊ុន ​OCIC​ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ផ្តល់​ដំណឹង​ជាមុន​ដល់​ប្រជា​ពល​រដ្ឋអំពី​ផែនការ​អភិវឌ្ឍន៍​ទេ​ ហើយ​ក៏​មិន​ដែល​បើក​កិច្ច​ពិគ្រោះយោបល់​អំពី​ផល​ប៉ះពាល់​នានា​ ដែល​បង្ក​ឡើង​ពី​ផែនការ​អភិវឌ្ឍន៍​នេះ​ឡើយ។​ ជាង​នេះ​ទៀត​ ​អ្នកស្រី​សួង ភារម្យ​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ក៏មិន​ដែល​ចេញ​មុខ​មក​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ផង​ដែរ។​

ក្រុម​ហ៊ុន​ OCIC​ ​បាន​កំពុង​អភិវឌ្ឍ​ក្រុង​រណប​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ​ដែល​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ​៣៨៧​ហិកតា។ ​គម្រោង​អភិវឌ្ឍន៍​នេះ​សិ្ថតនៅ​ភាគខាង​កើត​ទីក្រុង​ភ្នំពេញ​ជាប់​ច្រាំង​ខាងកើត​ផ្នែក​ខាង​ឆ្វេង​នៃ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ ​ហើយ​បាន​ចាប់​ដំណើរ​ការ​សាងសង់​នៅ​ឆ្នាំ​២០១២។​ នេះ​បើ​យោង​តាម​សេចក្តី​ពណ៌នា​នៅលើ​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន​ ​OCIC។​

លោក​ទូច សំណាង​ អនុ​ប្រធាន​ក្រុម​ហ៊ុន​ OCIC សុំមិន​ធ្វើការ​អធិប្បាយ​ ហើយ​បង្វែរ​សំណួរ​ទៅ​ខាង​អាជ្ញាធរ។​

«សុំ​ឲ្យ​លោក​ទាក់​ទង​ខាង​អាជ្ញាធរ!​ អាជ្ញាធរ​ដែល​ជា​អ្នក​ដោះស្រាយ​បញ្ហា​ហ្នឹង»។​

VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នា​ថ្ងៃ​ពុធ​នេះ។​ VOA ​ក៏មិន​អាច​ទាក់​ទង​លោក​ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ និង​លោក​សេង​ ឡូត​ អ្នកពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​ដែរ។​

លោក​ឡេង ប៉េង​ឡុង​ អ្នក​នាំពាក្យ​រដ្ឋសភា មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ គណៈកម្មការ​ទីមួយ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ទទូល​ពាក្យ​បណ្តឹង​ និង​អង្កេត​នៃ​រដ្ឋ​សភា​ បាន​ទទួល​ញត្តិ​ពី​តំណាង​ប្រជា​ពលរដ្ឋ។ ​លោក​ថា ​ប្រធាន​សភា​នឹងបញ្ជូន​រាល់​សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​បន្ត។​

«នីតិវិធី​គឺ​គាត់​នឹង​បញ្ជូន​នែ៎​ សំណូមពរ​ ឬ​ក៏​ញត្តិ​ហ្នឹង​ ទៅ​ក្រសួង​ពាក់​ព័ន្ធ​ ទៅ​ខាង​រាជ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បាទ»។​

លោក​សៀ ភារម្យ​ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវពន្លឿន​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​ជ្រោយ​ចង្វារ​នេះ។​ លោក​ប្រាប់​ VOA ​បន្ថែម​ថា​ ការ​ធ្លាក់​សំឡេងឆ្នោត​របស់​គណបក្ស​កាន់​អំណាច​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​កន្លង​មក​ គឺ​ជា​សម្ពាធ​មួយ​ឲ្យ​គណបក្ស​កាន់​អំណាច​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​នា​នា​ ដែល​នៅ​សេស​សល់។​

លោក​សៀ ភារម្យ​ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ៖​

«នៅ​ការបោះឆ្នោត​ឃុំ-សង្កាត់​មក​ យើង​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​បាន​បាត់​បង់​កៅអី​ ​ដល់​ទៅ​ជាង​៤០០​អាសនៈ។​ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ នេះ​វា​ជា​បទ​ពិសោធន៍​មួយ​ដែរ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ដែល​ខាង​គណបក្ស​កាន់​អំណាច​ហ្នឹង​ ត្រូវតែ​យក​ចិត្ត​ទុកដាក់។ ​បើ​មិន​ដូច្នោះ​ទេ​ វាអាច​នឹង​មាន​បច្ច័យ​មិន​ល្អ​ នៅ​ឆ្នាំ​ ២០១៨​ទៀត​ ហើយ​ តាម​ការ​អង្កេត​របស់​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​ យើង​ឃើញ​ហើយ​ថា​ នៅ​ក្នុង​តំបន់​សង្កាត់​ដែល​មាន​ទំនាស់​ដីធ្លី​ ដែល​ដោះស្រាយ​មិន​ល្អ​ ដូច​ជា​បឹងកក់​ បុរី​កីឡា​ គឺ​ត្រូវ​បាន​បាត់​បង់​កៅអី​ចៅ​សង្កាត់​ហ្នឹង​ទៅ​ខាង​សង្គ្រោះ​ជាតិ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​រាជធានី​ត្រូវ​បង្ហាញ​តម្លាភាព​ក្នុង​កិច្ច​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ ចៀស​វាងពលរដ្ឋដែល​កំពុង​ជាប់​គាំង​ក្នុង​វិបត្តិ​ដីធ្លី​ ​ចោទ​ប្រកាន់​នូវ​ភាព​លម្អៀង។​

លោក​ជា សុផាត​ តំណាង​ប្រជាពល​រដ្ឋ ​និយាយ​ថា លោក​នឹង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​តុលាការ​ ប្រសិន​បើ​ស្ថាប័នគ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ​និង​ស្ថាប័ន​គ្រប់គ្រង​ដោយ​លោក​ហេង សំរិន​ បរាជ័យ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​នៅ​សង្កាត់​ព្រែក​តាសេក​ ​សង្កាត់​ព្រែក​លាភ​ ​សង្កាត់​ជ្រោយ​ចង្វារ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា៕

XS
SM
MD
LG