ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅតែប្រឈមនឹងការជម្លៀសចេញពីតំបន់ដែលខ្លួនធ្លាប់រស់។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅភ្នំពេញចំនួន៧៦០គ្រួសារក្នុងខណ្ឌចំនួនពីរត្រូវបានដឹងថាអាចនឹងត្រូវជម្លៀសចេញពីផ្ទះសំបែងដែលពួកគេបានរស់នៅអស់រយៈពេលលើសពីប្រាំឆ្នាំដែលរយៈពេលនេះ ច្បាប់កំណត់ផ្ដល់កម្មសិទ្ធិស្របច្បាប់ដល់អ្នករស់នៅ។ អាជ្ញាធររាជធានីភ្នំពេញលើកហេតុផលនៃការបណ្តេញចេញនេះថាគឺដើម្បីធ្វើការអភិវឌ្ឍក្រុង និងដើម្បីសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ទីក្រុង។
អ្នកស្រី ទូច អៀង រស់នៅក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ តាំងពីឆ្នាំ១៩៧៩។ គាត់ហាក់ដូចជាកំពុងខ្វល់ខ្វាយថា គ្រួសាររបស់គាត់នឹងត្រូវបណ្ដេញចេញជាមួយនឹងអ្នកភូមិចំនួនជាង៦០គ្រួសារទៀតក្នុងពេលខាងមុខនេះ។ អង្គុយនៅមុខផ្ទះកំពុងធ្វើម្ហូបស្រ្ដីដែលជាម្ដាយដែលមានកូនប្រុសម្នាក់ បានរៀបរាប់ថា សាលារាជធានីភ្នំពេញបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីនេះម្ដងរួចហើយកាលពីខែសីហា។ គាត់អះអាងថា គាត់នឹងមិនជំទាស់ក្នុងការបណ្តេញចេញទេ ប៉ុន្តែអ្នកស្រីត្រូវការសំណងមួយសមស្រប។
«គេអភិវឌ្ឍហើយក៏ឲ្យលុយខ្ញុំបានទិញផ្ទះនៅ ខ្ញុំនឹងសុខចិត្តចេញ តែបើអត់បានលុយទិញផ្ទះនៅ អត់សុខចិត្តចេញទេ។ ខ្ញុំមានគម្រោងថា ត្រូវរកកន្លែងណាមួយឲ្យរស់នៅឲ្យសមរម្យ មានទឹក មានភ្លើង សាលារៀនឲ្យកូនរៀនសូត្រ»។
សហគមន៍របស់អ្នកស្រី ទូច អៀង ស្ថិតនៅចម្ងាយប្រមាណបីគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្រុងភ្នំពេញ។ ប្រជាពលរដ្ឋភាគច្រើននៅទីនេះបានសង់ផ្ទះថ្ម និងឈើលើផ្ទៃដីប្រហែលជា៣៧៨ហិកតា ដែលលាតសន្ធឹងតាមបណ្តោយទន្លេសាប។
ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះនៅមិនទាន់ដឹងថា ពួកខ្លួននឹងត្រូវបណ្ដេញចេញនៅពេលណា ហើយតើពួកគាត់នឹងត្រូវទទួលបានសំណងយ៉ាងដូចម្ដេចនៅឡើយទេ។
«អត់ដឹងហ្នឹងណាស់។ ចាំមើល។ តែគេថាឲ្យលុយមក។ ខ្ញុំដើររកទិញផ្ទះ»។
នៅចម្ងាយពីសហគមន៍ជ្រោយចង្វារប្រមាណ១០គីឡូម៉ែត្រ ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ក្នុងសង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។ ប្រជាពលរដ្ឋទាំងនេះរស់នៅជារបៀបហាក់ដូចជាសំណង់ដែលគ្មានសណ្ដាប់ធ្នាប់។ ផ្ទះឈើតូចៗ និងផ្ទះល្វែងតូចៗត្រូវបានសង់នៅជាប់នឹងមាត់បឹងទំពន់លើផ្ទៃដីប្រមាណ២.៦០០ហិកតា។ បឹងទំពន់ដែលមានទឹកពណ៌ខ្មៅ និងក្លិនឆួលគឺជាអាងស្រូបទឹកជំនន់មួយពីទីក្រុងភ្នំពេញ។
ក្រុមប្រជាពលរដ្ឋនិងមន្ដ្រីអង្គការឃ្លាំមើលការរំលោភដីធ្លីបានអះអាងថា ប្រជាពលរដ្ឋក្នុងតំបន់នេះនឹងប្រឈមនឹងការបណ្ដេញចេញក្នុងពេលអនាគត។ ក៏ប៉ុន្ដែក្រុមអ្នកភូមិហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិល។
អ្នកស្រី ស្រី លាប អាយុ ២៤ឆ្នាំ ដែលជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមនោះបានរៀបរាប់ថា អាជ្ញាធរបានសើររើបណ្ណ័កម្មសិទ្ធិរបស់ក្រុមប្រជាពលរដ្ឋ ហើយគាត់នៅមិនទាន់យកចិត្តទុកដាក់ខ្លាំងក្លានៅឡើយ។
ឯកសារក្រុមការងារពិសេសសិទិ្ឋលំនៅដ្ឋានបង្ហាញថា មានប្រជាពលរដ្ឋជាង៣០.០០០គ្រួសារ ត្រូវបានជម្លៀសចេញក្នុងឆ្នាំ២០១០។ ឯកសារសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានប្រជាពលរដ្ឋជាង ១៥០.០០០គ្រួសារ ត្រូវបានជម្លៀសចេញ គិតចាប់ តាំងពី ឆ្នាំ ១៩៩០ មកដល់ បច្ចុប្បន្ន។
ការជម្លៀសចេញនេះធ្វើឡើងក្រោមហេតុផលនៃការកែលម្អសោភណ្ឌ័ភាព និងការអភិវឌ្ឍក្រុងភ្នំពេញ។ ក៏ប៉ុន្ដែក្រោយពីការបណ្ដេញចេញ ទីតាំងមួយចំនួននៅទំនេរដោយគ្មានគម្រោងអភិវឌ្ឍន៍ណាមួយចាប់ផ្ដើមទេ។
លោក សៀ ភារម្យ ជានាយកលេខាធិការដា្ឋននៃក្រុមការងារពិសេសសិទិ្ធលំនៅដ្ឋាន បាននិយាយថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅទីតាំងផ្សេងគ្នាចំនួនបីកន្លែងនៃរាជធានីភ្នំពេញត្រូវបានបញ្ដេញចេញ និងស្ថិតក្រោមការគំរាមកំហែងនៃការបណ្តេញចេញចុងក្រោយ។ តំបន់ទាំងនោះមាន សហគមន៍បឹងកក់ដែលប្រជាពលរដ្ឋជាង៤.០០០គ្រួសារត្រូវបណ្ដេញដោយមានការតវ៉ាយ៉ាងខ្លាំងក្លាដោយសារតែពួកគេអះអាងថា ទទួលបានសំណងមិនសមស្រប។ បច្ចុប្បន្នអ្នកភូមិបឹងកក់ដែលនៅសេសសល់ចំនួនជិត៨០០គ្រួសារ ត្រូវអាជ្ញាធរសាលារាជធានីភ្នំពេញបានចាប់ផ្ដើមធ្វើការបែងចែកដីសម្រាប់សង់លំនៅដ្ឋានតាមការទាមទាររបស់ពួកគេ។ ក៏ប៉ុន្ដែ មានប្រជាពលរដ្ឋជាង៦០គ្រួសារដែលអះអាងថាមិនបានទទួលចំណែកដីដូចការបញ្ជាក់របស់សាលារាជធានីភ្នំពេញ។ ក្រៅពីនោះ មានប្រជាពលរដ្ឋចំនួនពីរកន្លែងផ្សេងទៀតដែលកំពុងស្ថិតក្រោមការគំរាមកំហែងនៃការបណ្ដេញចេញដែរគឺនៅទំនប់បឹងទំពន់ និងសហគមជ្រោយចង្វារ។
លោក កែប ជុតិម៉ា អភិបាលសាលារាជធានីភ្នំពេញ បានប្រាប់វីអីអេសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរកាលពីថ្ងៃទី១២ ខែកញ្ញា ថា ពុំទាន់មានគម្រោងបណ្ដេញប្រជាពលរដ្ឋចេញពីសហគមន៍ថ្មីណាមួយក្រៅពីសហគមន៍បឹងកក់នៅឡើយ។ ក៏ប៉ុន្ដែលោក កែប ជុតិម៉ា បានបង្ហើបថា នឹងមានការសាងសង់ជាទីក្រុងរណបនៅទីតាំងចំនួនពីរនៅក្នុងសហគមន៍ដែលត្រូវបានលើកឡើងខាងលើ គឺនៅជ្រោយចង្វារ និងនៅបឹងទំពន់។
«បន្ទាប់ពីបឹងកក់មក យើងធ្វើនៅជ្រោយចង្វារ ដីសាន់វេ ដែលខ្ញុំបានចុះហត្ថលេខាកាលពីម្សិលមិញ។ ដីសាន់វេហ្នឹងគឺជាដីក្រុមហ៊ុនរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនអូស៊ីអាយស៊ី របស់ លោកឧកញ្ញ៉ា ពុង ខៀវសែល។ គាត់គិតធ្វើជាទីក្រុងរណបមួយទំនើប ណាស់។ បឹងទំពន់គិតថា អញ្ចឹងដែរ ប៉ុន្តែបឹងទំពន់ដំណើរយឺត»។
លោក អ៊ូច ឡេង ដែលជាប្រធានផ្នែកដីធ្លានៃសមាគមអាដហុក បានពិនិត្យឃើញថា បញ្ហាដែលបានកើតមានក្នុងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានក្នុងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនមិនមានការបើកឱកាសដល់ប្រជាពលរដ្ឋជជែកតវ៉ាដើម្បីធ្វើការដោះសា្រយតទល់ដោយផ្ទាល់។ មន្ដ្រីឃ្លាំមើលការរំលោភដីធ្លីដដែលបានបន្ទោសការខ្វះការអភិវឌ្ឍ ហើយការអភិវឌ្ឍរបស់អាជ្ញាធរក្នុងពេលបច្ចុប្បន្នបានធ្វើឲ្យមានការប៉ះពាល់ប្រជាពលរដ្ឋក្រីក្រជាច្រើន។
«យើងឃើញថា នៅតាមសហគមន៍នីមួយៗ៩០ភាគរយគឺប្រជាពលរដ្ឋមិនសុខចិត្តចេញទេ។ គាត់នៅក្រាញននៀលនៅលើដីរបស់គាត់ដដែលពីព្រោះរាជរដ្ឋាភិបាលបានបណ្តេញ ពួកគាត់ចេញឲ្យទៅរស់នៅតំបន់ឆ្ងាយៗពីទីក្រុងដែលយកដីទៅឲ្យខាងក្រុមហ៊ុន។ ក្រុមហ៊ុនភាគច្រើនដែលពាក់ព័ន្ធក្នុងរឿងនឹងមានដូចជា សូវេនអ៊ិចី សូកាកូអ៊ិន អូស៊ីអាយស៊ី កាណាឌីយ៉ាប៊ែង្គ»។
យ៉ាងណាក៏ដោយ លោក អ៊ូច ឡេង បានកោតសរសើរចំពោះការអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅបុរីកីឡាថ្វីបើការអភិវឌ្ឍនៅទីនោះមិនមានភាពពេញលេញល្អអស់រយៈពេល ៧ឆ្នាំមកនេះក្ដី ក៏ប៉ុន្ដែវាបានជួយសម្រួលច្រើនដល់ប្រជាពលរដ្ឋដែលមានជីវភាពតោកយ៉ាកភាគច្រើននៅទីនោះ។
លោក កែប ជុតិមា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញមានតួលេខជាក់លាក់ពីចំនួនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍជ្រោយចង្វារ និងនៅបឹងទំពន់សម្រាប់ធ្វើការដោះស្រាយ ក៏ប៉ុន្ដែផ្ទៃដីដែលជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិនានានឹងធ្វើឲ្យមានការស្មុគ្រស្មាញ។
«ខ្ញុំគិតថា ជាគ្រួសារដែលមានទីលំនៅហឹ្នងមិនច្រើនទេ ប៉ុន្តែ អី្វដែលច្រើនគឺដី។ ដីដែលអ្នកនៅ កន្លែងផ្សេងគាត់ទៅទិញ»។
វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរមិនអាចទាក់ទងមន្ដ្រីជំនាញនៃសាលារាជធានីភ្នំពេញបំភ្លឺបានទេ។
លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទិ្ធមនុស្សលីកាដូ បានបញ្ជាក់ថា ការបណ្ដេញចេញមិនសមស្របធ្វើឲ្យប្រជាពលរដ្ឋក្រីក្រជួបបញ្ហាជាច្រើន។
«ការបង្ខំបណ្តេញចេញម្តងៗគឺជួបបញ្ហាច្រើនណាស់។ ទី១គាត់បាត់បង់ប្រាក់ចំណូលគ្រួសារពីព្រោះ គាត់រវល់តែតវ៉ា។ ទី២ កូនចៅគាត់ បាត់បង់ការសិក្សា ពីព្រោះ រវល់តែជួយគាត់តវ៉ា ហើយមួយទៀត ពួកគាត់ដែលជាតំណាងៗហ្នឹងប្រឈមមុខនឹងការចាប់ខ្លួនរបស់អាជ្ញាធរពីព្រោះគេគិតថា ពួកអ្នកតំណាងនឹងជាមេអ្នកបះបោល អញ្ចឹងទៅគេអាចចោទប្រកាន់ពួកគាត់ពីបទនេះបទនោះ រឺក៏ការចោទប្រកាន់ផ្សេងៗទៀតពីតុលាការ»។
បើទោះបីជាស្ថិតក្នុងការមិនពេញចិត្តក៏ដោយ ក៏ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញត្រូវបានផ្ដល់ដីសម្រាប់សង់លំនៅដ្ឋានដែលស្ថិតនៅឆ្ងាយពីទីកន្លែងដែលពួកគេធ្លាប់រស់នៅរហូតដល់ជាង ២០គីឡូម៉ែត។
លោក សៀ ភារម្យ ជានាយកលេខាធិការដា្ឋននៃក្រុមការងារពិសេសសិទិ្ឋលំនៅដ្ឋាន លើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានយកទៅដាក់ឲ្យតាំងលំនៅដ្ឋាននៅកន្លែងថ្មីនៅតែប្រឈមនឹងបញ្ហាជាច្រើនចាប់តាំងពីមានការបណ្ដេញចេញប៉ុន្មានឆ្នាំកន្លងមកនេះ។ បញ្ហាទាំងនេះរួមមានប្រព័ន្ឋទឹកស្អាត ភើ្លង បញ្ហាសុខភាព ការអប់រំ និងការពិបាកក្នុងការប្រកបមុខរបរ ដែលជាបញ្ហាប្រឈមខ្ពស់បំផុត៕