ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​សិក្សា​ពីមូល​ហេតុ​ដែល​​នាំ​ឲ្យ​ចលនា​ខ្មែរក្រហម​មាន​កម្លាំង​ខ្លាំង​ក្លា


ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ ​ENTERING TIGERZONE​ ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​ Timothy Williams ​ហើយ​ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​​ស្វែង​រក​មូលហេតុ​ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ជា​មួយ​ចលនា​ខ្មែរ​ក្រហម​ និង​ទស្សនៈ​របស់​ពួក​​គេ​ទៅ​លើ​ទង្វើ​របស់​ខ្លួន​នៅ​ក្នុង​របប​នោះ។ (អ៊ុំ សូនីតា/VOA)
ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ ​ENTERING TIGERZONE​ ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​ Timothy Williams ​ហើយ​ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​​ស្វែង​រក​មូលហេតុ​ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ជា​មួយ​ចលនា​ខ្មែរ​ក្រហម​ និង​ទស្សនៈ​របស់​ពួក​​គេ​ទៅ​លើ​ទង្វើ​របស់​ខ្លួន​នៅ​ក្នុង​របប​នោះ។ (អ៊ុំ សូនីតា/VOA)

កំណត់​និពន្ធ៖ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ ​ENTERING TIGERZONE​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​ Timothy Williams ​ហើយ​ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណងស្វែង​រក​មូលហេតុ​ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ចូល​រួម​ជា​មួយ​ចលនា​ខ្មែរ​ក្រហម​ និង​ទស្សនៈ​របស់​ពួកគេ​ទៅ​លើ​ទង្វើ​របស់​ខ្លួន​នៅ​ក្នុង​របប​នោះ។ នាង​អ៊ុំ សូនីតា​នៃ​វីអូអេ​បាន​សម្ភាសលោក​ Tim ​អំពី​ការ​ស្រាវជ្រាវ​របស់​លោក ​ដូច​ត​ទៅ៖​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ជម្រាប​សួរ​លោក​ Tim!​ អរគុណ​លោក​ច្រើន​នៅ​ក្នុង​ការ​ចំណាយ​ពេល​វេលា​ផ្ដល់​បទ​សម្ភាសន៍​ជាមូយ​ VOA។ ថ្មីៗ​នេះ​ លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ENTERING TIGERZONE។​ អញ្ចឹង​តើ​លោក​អាច​ប្រាប់​មិត្ត​អ្នក​ស្ដាប់​អំពី​ការ​ស្រាវ​ជ្រាវ​នេះ​ខ្លះៗ​បាន​ដែរ​ឬ​ទេ?​

TIM៖ ​ជាទូទៅ​ ​ការ​ស្រាវ​ជ្រាវ ​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ផ្ដោត​ទៅ​លើ​មូលហេតុ​ដែល​នាំ​ឲ្យមនុស្ស​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ខ្មែរក្រហម​ ​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​នោះ​សម្រេច​ចិត្ត​ចូលរួម​ចលនា​ហិង្សា ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​នេះ​ និងអំពី​ហេតុ​ដែល​មនុស្ស​ទាំង​អស់​នោះ​ប្រើ​ប្រាស់​អំពើ​ហិង្សា។​

VOA៖ ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធាន​បទ​មួយ​នេះ​ តើ​លោក​ចំណាយ​ពេល​អស់​រយៈ​ពេល​ប៉ុន្មាន​ដែរ?​

TIM៖ ​ខ្ញុំ​ចំណាយ​ពេល​៧ខែ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​មួយ​នេះ ​ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ចំនួន​១០​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ដែល​ធ្លាប់​បម្រើ​ការឲ្យខ្មែរ​ក្រហម​ចំនួន​៥៩​នាក់។​

VOA៖ យើង​ឃើញ​ថា​ របប​ខ្មែរ​ក្រហម​បាន​កន្លង​ទៅ​ជា​យូរ​ណាស់​មកហើយ​ ហើយ​ការ​ស្វែង​រក​ពួកគាត់​ដែល​ជា​អ្នក​បម្រើ​ការ​ឲ្យខ្មែរ​ក្រហម​គឺ​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ។​ អញ្ចឹង​តើ​លោក​អាច​ប្រាប់​ពី​របៀប​ ឬ​ក៏​ការ​ស្វែង​របស់​លោកថា ​តើ​លោក​ស្វែង​រក​ពួក​គាត់​តាម​របៀប​ណា​ដែរ?​

TIM៖ ​ការ​ស្វែង​រក​ពួក​គេ​នេះ​ ខ្ញុំ​ប្រើ​វិធី​ផ្សេងៗ​គ្នា។​ ​វិធី​មួយ​ក្នុង​ចំណោម​នោះ​គឺ​តាម​រយៈ​អ្នក​បក​ប្រែ​របស់​ខ្ញុំ​ ដែល​គាត់​គឺ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត ​ដែល​ធ្លាប់​ធ្វើ​ការទាក់ទងរឿង​ខ្មែរក្រហម។​ វិធី​មួយ​ទៀត​ គឺ​ខ្ញុំ​បាន​ទៅ​សាក​សួរ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​ និង​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​ធ្លាប់​ដឹង​ឮ​ និង​ធ្លាប់​បាន​ធ្វើ​គម្រោង​ដែល​ទាក់ទង​នឹងខ្មែរក្រហម។​ វា​មាន​ភាព​លំបាក​ណាស់​ ព្រោះ​ថា​ វា​ដូចជា​ការ​ដោះប្រស្នាផ្ដុំ​បំណែក​រូប​ឡើងវិញ​អញ្ចឹង​ ​ដោយ​ខ្ញុំ​ត្រូវ​ផ្តុំសាច់រឿង​តូចៗ​ចូល​គ្នា​ ហើយ​ត្រូវ​ទាញ​រក​ការ​ទាក់ទង​ជា​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។​

VOA៖​ យើង​ឃើញ​ថា​ ការ​បញ្ចុះ​បញ្ចូល​ឲ្យគាត់​យល់ព្រម​និយាយ​ ឬ​ការ​សុំ​ធ្វើ​បទ​សម្ភាសន៍​ពួកគាត់​ហ្នឹង​គឺ​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ។​ ​តើ​លោក​ប្រើ​វិធី​សាស្រ្ត​អ្វី​នៅ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ពួកគាត់​ព្រម​ផ្តល់បទ​សម្ភាន៍?

TIM៖ ជា​ធម្មតា​ ​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ពួក​គេ​ទាំង​នោះ​ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​អំពី​បទ​ពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​និង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នេះ​ ព្រោះ​ខ្ញុំ​ដឹង​ថា​ ពួក​គេ​ធ្លាប់​ធ្វើ​ជា​សមាជិក​នៃ​ខ្មែរក្រហម​ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​បញ្ជាក់​ប្រាប់​ពួក​គេ​ថា​ ខ្ញុំ​មិន​បាន​ចាត់​ទុក​ថា​ ​ពួកគេ​ជា​ជន​ដៃ​ដល់​ ឬ​ ឧក្រិដ្ឋ​ជន​នោះ​ទេ​ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឮ​អំពី​រឿងរ៉ាវ​ និង​ទស្សនៈ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។​

VOA៖​ នៅ​ក្នុង​ការ​តាក់​តែង​ការ​ស្រាវជ្រាវ​នេះ​ឡើង​ តើ​លោក​គិត​ថា ​អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​របស់​លោក​ ឬ​ក៏​លោក​មាន​ជួប​នឹង​ផល​វិបាក​អ្វី​ខ្លះ​ដែរ?​

TIM៖ ​ខ្ញុំ​ជួប​ប្រទះបញ្ហា​ប្រឈម​មួយ​ចំនួន ​ខ្លះ​ធំ​ និង​ខ្លះ​តូច។​ ការ​ប្រឈម​ធំៗ​នោះគឺ​ការ​ស្វែង​រក​មនុស្ស​ និង​ ​ការ​ព្យាយាម​បង្កើត​បរិយាកាស​មួយដែល​អាច​ឲ្យពួក​គេ​យល់​ថា​ ខ្ញុំចំណាប់​អារម្មណ៍​នឹង​ទស្សនៈ​របស់​ពួក​គេ​ ​មិន​មែន​ដើម្បី​ចាប់​ខ្លួន​ពួក​គេ​ ឬដាក់​ទោស​ពួក​គេ​នោះ​ទេ​ តែបង្កើត​បរិយាកាស​ដែល​អាច​ឲ្យពួក​គេ​មាន​អារម្មណ៍​ថា ​មាន​សុវត្ថិភាព។​

VOA៖​ អញ្ចឹង​ តើ​លោក​ TIM ​គិត​ថា​ ការ​ស្រាវជ្រាវ​នេះ​នឹង​ផ្ដល់ឥទ្ធិពល​អ្វី​ខ្លះ​ទៅ​ដល់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល?​

TIM៖ ​ខ្ញុំ​មិន​ប្រាកដ​ថា​ ការ​ស្រាវជ្រាវ​នេះ​មាន​ឥទ្ធិពល​យ៉ានណានោះ​ទេ ​ប៉ុន្តែ​ឥទ្ធិពល​ដែល​ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​មានគឺ​ការ​បញ្ជាក់​ថា​ ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​បម្រើ​ឲ្យខ្មែរក្រហម​គឺ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ដូច​ជា​អ្នក ​និង​ខ្ញុំ។​តែ​ពួក​បាន​ធ្លាក់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​កម្រ​ ដែល​ស្ថានភាព​នេះ​មាន​ការ​បង្ខិត​បង្ខំ​ និង​មានសម្ពាធ​ខ្លាំង​ ធ្វើ​ឱ្យពួក​គេពិបាក​បដិសេធ​មិន​ចូល​រួមជាមួយ​ខ្មែរ​ក្រហម​ ​តែ​បែរ​ជា​ផ្ដល់​ការ​លើក​ទឹក​ចិត្តឱ្យ​ពួក​គេ​ចូល​រួម​ទៅ​វិញ​ ហើយ​មូលហេតុ​ដែល​ពួក​គេ​ទាំង​នោះ​ចូល​រួម​ គឺ​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​អាក្រក់​ ឬ​ពួក​គេ​មាន​ជំនឿ​លើ​មនោគមវិជ្ជា​នោះ​ទេ។​ ពួកគេ​ភាគច្រើន​មិន​ជឿ​លើ​មនោគមវិជ្ជា​នៃ​របប​ខ្មែរ​ក្រហម​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​ទទួល​រង​នូវ​ការ​ជំរុញខ្លាំង​នៅ​ក្នុង​សង្គម​នោះ ​តាម​រយៈ​សម្ពាធ​ពី​ខ្មែរក្រហម​ និង​ការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ។​ ​ការ​ស្រាវជ្រាវ​នេះ​នឹង​អាច​ជួយ​ពន្យល់​ប្រជា​ពលរដ្ឋ​ទូទៅ​ថា ​ការ​ចូល​រួម​នៅ​ក្នុង​អំពើ​ហិង្សា ​និងរបប​ប្រល័យ​ពូជ​សាសន៍​គឺ​អាច​កើត​ឡើង​ដោយ​កត្តា​ងាយ​ស្រួល។​ អញ្ចឹង​ចាប់​ពី​ពេល​នេះ​ដល់​ពេល​អនាគត​ មនុស្ស​នឹង​អាច​យល់​ដឹង​ច្រើន​ជាង​មុនថា​ អំពើ​ហិង្សា​ និង​អំពើ​ប្រល័យ​ពូជ​សាសន៍អាច​កើត​ឡើង​ដោយ​កត្តា​សាមញ្ញៗ​ និង​ងាយ​ស្រួល​ក្នុង​ការ​កើត​ឡើង​ខ្លាំង​ណាស់​ ដូច​នេះ​ពួកយើង​ត្រូវ​យល់​ដឹង​អំ​ពី​បញ្ហា​នេះ។

VOA៖ ​ការ​ស្រាវ​ជ្រាវ​នេះ​ពិត​ជា​គួរ​ឲ្យចាប់​អារម្មណ៍​មែន​ទែន។​ តើ​លោក​អាច​រៀប​រាប់​ប្រាប់​អំពីការ​សន្និដ្ឋាន​ដែល​លោក​រក​ឃើញ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ទេ?​

TIM៖ ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​ ការ​សន្និដ្ឋាន​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​គឺការ​ចូលរួម​របស់​មនុស្ស​នៅ​ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍កើត​ចេញ​ពី​ការ​ជំរុញជា​ច្រើន​ ដែល​នាំឲ្យមនុស្ស​ចូល​រួម​នៅ​ក្នុង​អំពើ​ហិង្សា។​ យើង​មិន​អាច​គ្រាន់​តែ​ផ្ដល់​នូវ​ចម្លើយ​សាមញ្ញ​នោះ​ទេ​គឺ​ត្រូវ​បកស្រាយ​ពន្យល់​វែង​ឆ្ងាយ​ ព្រោះ​វា​ជា​រឿង​ស្មុគ​ស្មាញ​ណាស់​ ហើយ​កត្តា​ជំរុញទាំង​អស់​គឺ​សាមញ្ញ​មែនទែន​ ហើយ​សុទ្ធ​តែ​ជា​កត្តា​មនុស្ស​ទាំង​អស់។​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​ជំរុញទៅ​លើ​អារម្មណ៍ ការ​រង​សម្ពាធ​ដែល​កើត​ឡើង​ពី​អ្នក​នៅជុំវិញ​ខ្លួន ​ ការ​ចង់​បាន​ឋានៈ​ជា​ដើម​ ​ហើយ​ការ​សន្និដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​គឺ​ថា​ ការ​ចូល​រួម​របស់​ពួកគេ​កើត​ចេញ​ពី​ការ​ជំរុញដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ ហើយ​ការ​ចូល​រួម​នេះ​មិន​មែន​កើត​ពី​ការ​ជឿ​លើ​មនោគមវិជ្ជា​ ​មិន​មែន​ដោយ​សារ​ពួកគេ​ជា​មនុស្ស​អាក្រក់​ឃោរឃៅ​អ្វី​នោះ​ទេ។​

VOA៖​ អញ្ចឹង​លោក​ TIM ​មាន​ផែន​ការ​អ្វី​ជាមួយ​នឹង​ការ​ស្រាវជ្រាវ​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ?​

TIM៖​ នៅ​ខណៈ​ពេល​នេះ ​ខ្ញុំ​កំពុង​តែ​ពិនិត្យ​មើល​ និងអាន​ឡើង​វិញ​នូវ​បទ​សម្ភាសន៍​ជា​ច្រើន​ដែល​ខ្ញុំ​មាន​ ​ហើយ​ខ្ញុំ​ព្យាយាម​ស្វែង​រក​លំនាំ​ច្រើន​ទៀត​ ដើម្បី​យក​មក​ប្រៀប​ធៀប​ជា​មួយ​ករណី​ប្រល័យ​ពូជ​សាសន៍​ផ្សេងៗដើម្បី​រក​ចំណុច​ស្រដៀងគ្នា ​និង​ចំណុចខុស​គ្នា​រវាង​ការ​ប្រើ​អំពើ​ហិង្សា​របស់​ខ្មែរក្រហម​ ឬ​ការ​សម្លាប់​រង្គាល​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នៃ​ប្រទេស​ផ្សេងៗ​ ដូច​ជា​ករណី​នៃ​ប្រទេស​បូស្នី​ (Bosnia) ​ដើម្បី​រក​ឱ្យ​ឃើញ​ និង​បង្ហាញ​អំពី​រូប​ភាព​ទូទៅ​ដែល​បង្កឲ្យមាន​អំពើ​ហិង្សា។​

VOA៖ ​ចា៎! ​អគុណ​មែន​ទែន​លោក​ Timothy Williams ​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​សម្ភាស​ជាមួយ​ VOA ​យើង​ខ្ញុំ។​ ចា៎! ​សូម​អរគុណ​! សូម​ជម្រាប​លា!

XS
SM
MD
LG