ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​ការ​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​នរោត្តម​សីហ​នុ​បាន​បរិច្ចាគ​ប័ណ្ណសារ​ផ្ទាល់​ខ្លួន​របស់ទៅ​ DC​-Cam


លោក ឆាំង យុ ប្រធានមជ្ឈមណ្ដលឯកសារកម្ពុជាឈរនៅក្បែរឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកកាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)
លោក ឆាំង យុ ប្រធានមជ្ឈមណ្ដលឯកសារកម្ពុជាឈរនៅក្បែរឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកកាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះ​នរោត្តម​សីហ​នុ​បាន​បរិច្ចាគ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​លោក​​ទៅឲ្យ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam) ​ដើម្បី​រក្សាទុក​ជា​ឯកសារ​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ និង​​អ្នក​ស្រាវជ្រាវ​បរទេស​ដើម្បី​អាន​ និង​ស្រាវជ្រាវ។

អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះ​នរោត្តម​សីហ​នុ​បាន​បរិច្ចាគ​ឯកសារ​ផ្ទាល់​ខ្លួន​របស់​លោក​ ដែល​លោក​ប្រមូល​បាន​ក្នុង​រយៈពេល​ពី​២៥​ទៅ​៣០​ឆ្នាំ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូច​ជាប្រទេស​អូស្រ្តាលី បារាំង​ ប្រទេស​ស្វីស ​និង​ប្រទេស​អង់គ្លេស​ទៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​ដើម្បី​រក្សាទុក​ជា​ឯកសារ​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ និងអ្នក​ស្រាវជ្រាវ​បរទេស​ដើម្បី​អាន​ និង​ស្រាវជ្រាវ។​

លោក ​ JulioA Jeldress អ្នក​សរសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះ​នរោត្តម​សីហ​នុបាន​ក្លាយ​ជា​មិត្ដ​សំឡាញ់​ក្នុង​ការ​សរសេរ​ឆ្លើយឆ្លង​ជាមួយ​អតីត​ព្រះមហាក្សត្រ​ក្នុង​ឆ្នាំ​១៩៦៧។ លោក​បាន​ជួប​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឆ្នាំ១៩៨១។ មិន​យូរ​ប៉ុន្មាន​លោក​ក៏​បាន​ក្លាយជា​លេខា​ផ្ទាល់​ និង​បាន​ក្លាយ​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​ព្រះមហាក្សត្រ ​ខណៈ​ពេល​ដែល​ព្រះគង់​និរទេស​ព្រះកាយ​នៅក្រៅ​ប្រទេស។​

ឯកសារ​ដែល​លោក​បរិច្ចាគ​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​រួម​មាន​វីដេអូ​ រូបភាព​ ឯកសារ​បទសម្ភាសន៍ កាសែត​ និង​សៀវភៅ​នានា។

លោក​ JulioA Jeldress ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិច​ថា ​ឯកសារ​ទាំងនោះ​រួមមាន​ឯកសារ​ដែល​លោក​ប្រមូលទុក​ក្នុង​អំឡុង​ពេល​ដែល​លោក​បម្រើ​ការងារ​ជា​លេខា​ធិ​ការ​ជាន់ខ្ពស់​របស់​អតីត​ព្រះមហាក្សត្រ​ព្រះវរបិតា​ នៅ​ពេល​ព្រះអង្គ​គង់​នៅ​ក្នុង​ប្រទេស​ចិន​ កូរ៉េ​ខាង​ជើង​ និង​ប្រទេស​ថៃ​ក្នុងរយៈ​ពេល​១២ឆ្នាំ។

លោក​បាន​និយាយ​ថា​ ឯកសារ​មួយ​ចំនួន​នៃ​ឯកសារ​ទាំង​នេះ​បាន​ដាក់​ទៅ​ក្នុង​បណ្ណសារ​នៅ​ប្រទេស​បារាំង​ និង​នៅ​សាកលវិទ្យាល័យ​ Monash​ នៅ​ប្រទេស​អូស្ត្រាលី​ លើក​លែង​តែ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ ​និង​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​លោក។ ភាគ​ច្រើន​នៃ​ឯកសារ​ក្នុង​ប​ណ្ណសារ​របស់​លោក​ត្រូវ​បាន​បើក​ចំហរ ដោយ​រដ្ឋាភិបាលដែល​បាន​សរសេរ​ ឬ​ផលិត​ឯកសារ​ទាំងនេះ។ ​លោក​បាន​បន្ថែម​ទៀត​ថា ​ឯកសារ​ទាំង​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការ​ទូត​នោះ​ទេ។

ឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកឆាំង យុ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)
ឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកឆាំង យុ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​ថា​ លោក​បាន​សម្រេច​ចិត្ត​បរិច្ចាគ​បណ្ណសារ​ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​ព្រោះ​លោក​ជឿ​ថា ជ្ឈមណ្ឌល​នេះ​ជា​ស្ថាប័ន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​មធ្យោបាយ ​និង​បុគ្គលិក​ដែល​មាន​ការ​បណ្តុះបណ្តាល​ដើម្បី​ធ្វើ​ឲ្យឯកសារ​ទាំង​នេះ​អាច​ជា​ប្រយោជន៍​ទៅ​ដល់​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ ហើយ​និង​ដល់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បរទេស។

លោក ​ឆាំង​ យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​បាន​និយាយថា មជ្ឈមណ្ឌល ​DC-Cam របស់​លោក​បាន ​និង​កំពុង​បន្ត​ប្រមូល​ទុក​ឯកសារ​មក​ពី​ក្នុង ​និង​ក្រៅ​ប្រទេស​សម្រាប់​និស្សិត និង​ក្រុម​អ្នក​ស្រាវជ្រាវ​ធ្វើ​ការ​ស្រាវជ្រាវ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ។

លោក​បាន​និយាយ​ថា៖« កាលណា​យើង​មិន​ស្គាល់​ប្រវត្តិសាស្ត្រ​យើង​ឲ្យ​បាន​ពិត​ប្រកដ គឺ​យើង​អត់​ស្គាល់​ខ្លួន​ឯង​ទេ​ ហើយ​សង្គម​នឹង​ពើប​ប្រទះ​នឹង​ហយន្តភាព ​និង​វិបត្ត​ដូច​តែ​យើង​ធ្លាប់​ឆ្លង​កាត់​តាំង​ពី​ដើម​មក។ ចង់​មិន​ចង់​នៅ​ក្នុង​ការ​សិក្សា​ឧត្តម​សិក្សា​គឺ​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ អញ្ជឹង​ជៀស​មិន​ផុត​ពី​ការ​អាន​ឯកសារ​ទេ ពីព្រោះ​ឯកសារ​ជា​ផ្នែក​មួយ​ក្នុង​ការវាយ​តម្លៃ​សភាពការ ឬ​បញ្ជាក់​អំពី​អតីតកាល​ហើយ​និង​បច្ចុប្បន្ន ​ហើយ​និង​ធ្វើ​ការ​វិភាគ​ទស្សន៍ទាយ​អំពី​សង្គម​របស់​យើង​ទៅ​ថ្ងៃ អនាគត»។

លោក​ ឆាំង​ យុ​ បាន​បន្ថែម​ថា៖ «បទ​ឧក្រិដ្ឋ​កើត​រៀង​រាល់​ថ្ងៃ​ អញ្ជឹង​យើង​ត្រូវ​ប្រមូល​ឯកសារ​ដើម្បី​ជា​មេរៀន​ប្រវត្តិសាស្ត្រ។ ហើយ​ឯកសារ​នេះ​មក​ដល់​កន្លែង​យើង​ខុសៗ​គ្នា​ ព្រោះ​អ្នក​ដែល​មាន​ឯកសារ​ជា​បុគ្គល​ ជា​ស្ថាប័ន​ ជារដ្ឋ មាន​យន្តការ​ផ្តល់​ឯកសារ​ខុសៗ​គ្នា។ឯកសារ​នេះ​យើង​បាន​ពី​លេខា​ផ្ទាល់​របស់​សម្តេច​ឪ​ដែល​បាន​សុគត​ទៅ»​។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាសើរើឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកកាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាសើរើឯកសារសម្ងាត់ដែលបរិច្ចាគដោយក្រសួងការបរទេសអូស្ត្រាលី នៅក្នុងការិយាល័យរបស់លោកកាលពីថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០១៥។ (នៅ វណ្ណារិន/VOA)

ឯកសារ​ទាំងនេះ​មាន​និយាយ​អំពី​គោល​នយោ​បាយ​ និង​ទំនាក់​ទំនង​ការ​បរទេស​រវាង​ប្រទេស​កម្ពុជា​ជាមួយ​អាមេរិក ​ថៃ​ វៀតណាម ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​វៀតកុង​ និង​ប្រទេស​ផ្សេងៗ​ទៀត។ ឯកសារ​អំពី​ការ​រំសាយ​តំបន់​អព្យាក្រឹត្យ​នៅ​ប្រទេស​ឡាវ​ និង​នៅកម្ពុជា​ ឯកសារ​អំពី​ស​ន្និសីទ ហ្សឺណែវ នៃ​ឥណ្ឌូចិន ​ឯកសារ​អំពី​សំណើ​អាមេរិក​សម្រាប់​សកម្មភាព​សហ​ប្រជា​ជាតិ​ឆ្នាំ​១៩៥៤ ឯកសារអំពី​ការ​រំលោភ​ឈ្លានពាន​នៅ​ឥណ្ឌូចិន​ក្នុងឆ្នាំ​១៩៥៤ ​និង​ខ្សែ​ភាពយន្ត​ដែល​ផលិត​ដោយ​អតីតព្រះករុណា​ព្រះបាទ​នរោត្តម​សីហ​នុ​ក៏​នៅ​ក្នុង​ចំណោមឯកសារ​ទាំង​នោះ​ដែរ។

លោក ឆាំង យុ ​បាន​និយាយ​ថា ​ឯកសារ​ភាគ​ច្រើន​និយាយ​អំពី​ទំនាក់ទំនង ​និង​ការ​ឆ្លើយតប​សម្ងាត់​របស់​មេ​ដឹក​នាំ​នានា។​

លោក​បាន​និយាយ​ថា៖«មាន​ឯកសារ​ជា​ច្រើន​ហើយ​ជា​ឯកសារ​ប្រភេទ​ជាន់​ខ្ពស់។ ឯកសារ​ជា​ទំនាក់ទំនង​រវាង​ទូរលេខ​សម្ងាត់​របស់​រដ្ឋ​ របស់​ថ្នាក់​ដឹក​នាំ​ខ្ពស់ៗ​នៅ​ជុំវិញ​ពិភព​លោក។ ឯកសារនេះ​មាន​តម្លៃ​ខ្ពស់​ណាស់ ​ហើយ​គាត់​បាន​ផ្ញើ​មក​ជូន​យើង»។

លោក​ ឆាំង ​យុ ​បាន​ថ្លែង​ថា ឯកសារ​ទាំង​នេះ​នឹង​ជួយ​សិស្ស ​និស្សិត ​និង​អ្នក​ស្រាវ​ជ្រាវ​ដើម្បី​សិក្សា​ដែល​អាច​នាំ​ដល់​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។

ឯកសារ​ទាំងអស់​នេះ​អាច​បង្ហាញ​ពី​ការណ៍​ពិតនៃព្រឹត្តិការណ៍​ដែល​បាន​កើតឡើង ហើយ​ដែល​ប្រជាជន​មិន​បាន​ដឹង​ថា តើ​ថ្នាក់​ដឹក​នាំ​បាន​និយាយអ្វី​កាល​ពី​៣០ឆ្នាំ​មុន។

លោក​និយាយ​ថា៖«ដូចជា​ឯកសារអំពី​ទំនាក់​ទំនង​ជាមួយ​ចិន​នៅ​ក្នុង​ឆ្នាំ​១៩៧៨​ ​ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ ប្រទេស​ចិន​គឺជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងសម័យ​ខ្មែរក្រហម​។អញ្ចឹង​ឯកសារ​នេះ​គឺ​ជា​ឯកសារ​ឆ្នាំ១៩៧៨ ​ដែល​សម្ងាត់​ហើយ​ទើប​តែ​បើក​ទូលាយ​នៅ​ក្នុង​ឆ្នាំ​២០១១។ ​អញ្ចឹង​បាន​ន័យ​ថា​ មនុស្ស​ជា​ច្រើន​អត់​ទាន់​បាន​ឃើញ​ឯកសារ​នេះ​នៅ​ឡើយ​ទេ។ ​ឯកសារ​នេះ​ទើប​បើក​ចំហរ​កាលពី​បួន​ឆ្នាំ​មុន​ទេ។ ក្នុង​រយៈពេល​បួន​ឆ្នាំ​នេះ​គឺ​មនុស្ស​តិច​ណាស់​ដែល​បាន​អាន​ឯកសារនេះ​ ហើយ​ឯកសារនេះ​និយាយ​អំពី​ទំនាក់​ទំនង​ចិន​ និង​ស្រុកខ្មែរ​យើង​ក្នុង​សម័យ​ខ្មែរក្រហម​ក្នុង​ឆ្នាំ ​១៩៧៨​ ដែល​ជា​ឆ្នាំ​ដែល​មាន​របត់​ខ្លាំង​មួយ​អំពី​ការ​ធ្លាក់​ចុះ​របស់​ខ្មែរ​ក្រហម ​និង​ការ​ឈាន​ចូល​របស់​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា»។

លោក​បាន​លើក​អំពី​ឯកសារ​មួយ​ផ្សេង​ទៀត​ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ​ថា​វាជា​ឯកសារ​និយាយ​អំពី​គម្រោង​ការ​ប្រាំឆ្នាំ​របស់​វៀតណាម ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​ឆ្លើយឆ្លង​នៅ​ក្នុង​ខែ​មករា​ថ្ងៃ​ទី១១ ​ឆ្នាំ​១៩៧៨​ គឺ​រយៈពេល​១១ខែ មុន​ពេល​វៀតណាម​ចូល​មក​ឈ្លានពាន​ប្រទេស​កម្ពុជា។

លោក​ ឆាំង ​យុ​ បាន​មាន​ប្រសាសន៍​ថា​ និស្សិត​ និង​អ្នក​ស្រាវជ្រាវ​ជាតិ​ និង​អន្តរជាតិ​អាច​ទាញ​យក​ប្រយោជន៍​ពី​ឯកសារ​ទាំង​នេះ​សម្រាប់​ការ​ស្រាវជ្រាវ​របស់​ពួក​គេ។

ឯកសារ​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ បន្ទាប់​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ថត​ចម្លង​ និង​ទុកដាក់​ឯកសារ​ទាំងនេះ​បាន​ត្រឹមត្រូវ៕

XS
SM
MD
LG