ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​ថា​ខ្សែ​អាត់​ស្នេហា​លួចលាក់​គឺ​ជា​ល្បិច​នយោបាយ​ថ្មី


រូបថត​ឯកសារ៖ លោក​ កឹម សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ
រូបថត​ឯកសារ៖ លោក​ កឹម សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​​​របស់​លោក​ កឹម សុខា​និង​ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ ទើប​នឹង​បង្កើត​ថ្មី ​​មាន​ឈ្មោះ​ថា​ Mon Srey។

គណបក្ស​ជំទាស់​យល់​ថា​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​តាម​បណ្ដាញ​សង្គម​ដែល​ចោទប្រកាន់​ថា លោក​ កឹម សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​ស្ត្រី​ម្នាក់​គឺ​គ្រាន់​តែ​ជា​«ល្បិចនយោបាយ​កខ្វក់​» ​ហើយ​វា​នឹង​មិន​មាន​ផល​អ្វី​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​ជំទាស់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​ចោទ​ថា​ជា​ ​សំឡេង​ពិត​ ​របស់​លោក​ កឹម សុខា​និង​ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ ទើប​នឹង​បង្កើត​ថ្មី មាន​ឈ្មោះ​ថា​ Mon Srey។ ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​មាន​ទំនាក់់​ទំនង​ផ្លូវភេទ​ជាមួយ​នឹង​លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​បាន​បង្ហោះ​ ខ្សែអាត់​សំឡេង​ជា​បន្តបន្ទាប់។​ ខ្សែអាត់​សំឡេង​សន្ទនាជា​ច្រើន​ផ្សេង​ទៀត​ ​រួម​ទាំង​អត្ថបទ​សន្ទនា​ ​ក៏​ត្រូវ​បា​ន​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា​ «រឿង​ពិត ​CNRP»។​

យ៉ាង​ណា​ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់ ​VOA​ ​ នា​ថ្ងៃ​ពុធ​នេះ​ថាល្បិច​នយោបាយ​ដដែលៗ​បែប​នេះ​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​យក​ចិត្តទុក្ខ​ដាក់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ​ហើយ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​នោះ​គឺ​រៀបចំ​ ​ខ្លួន​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ។​

​«គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់គឺ​យើង​យកផ្តោត​អារម្មណ៍​ ​ទៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​ រក​ការ​បោះឆ្នោត​ ដើម្បី​ នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​ ​ដូច្នេះ​ពេល​វេលា​នៅ​សល់មួយ​ឆ្នាំ​ហ្នឹង​គឺ​យើង​មមាញឹក​មែន​ទែន​ ​ហើយ​មិនបានយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​នេះ​ទេ បាទ!»។​

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា​ការ​បង្ហោះ​ខ្សែអាត់​សំឡេង​និង​ឯកសារ​លើ​បណ្តាញ​សង្គម​នោះ​គឺ​គ្មាន​អ្វីជា​សំអាង​ក្នុង​ផ្លូវ​ច្បាប់​នោះ​ដែរ។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​ចង់​ចំណាយ​ពេល​វេលា​ ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​វែកញែក​រក​ការពិត​អ្វី​នោះ​ដែរ។​

ស្រដៀង​គ្នា​នោះ​ដែរ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ ​មិន​ប៉ុន្មាន​ខែមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចេញ​មុខ​អះអាង​ ​ថា​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក ​កឹម សុខា។​ ​ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញមុខ​ធ្វើការ ​ការ​តវ៉ា​ នៅ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​លោក​ កឹម សុខា​ ​ទទួល​ខុស​ត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​និង​កូន។​ ​យ៉ាងណា​ក៏​ដោយ​ការ​ទាមទារ​ នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ ​ក្រោយ​ការ​បោះ​ឆ្នោត។

លោក​ ​យ៉ែម បុញ្ញឫទ្ធិ​ ​ឲ្យដឹង​ផង​ដែរ​ថា​នេះ​គឺជា​ការ​ខំ​ប្រឹង​ប្រែង​ បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក​កឹម សុខា​ទាក់​ទិន​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​បែប​នេះ​ ​គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយ៍ភាព​និង​ដំណើរការ​របស់​គណបក្ស​ជំទាស់​នោះ​ទេ។

«មិនមែន​ជា​លើក​ទី​ពីរ​នោះ​ទេ​បាទ​! ​មាន​ទាំង​ពី​រឿងជុំ ម៉ី​ ដែល​គាត់​ចង់​ស្វែង​រក​ការពិត​ ហើយ​ឥឡូវ​នេះ​គឺ​មាន​ទាំង​នាង​ ធី សុវណ្ណថា​ ​ចង់​រក​ការ​ពិត​ បន្ទាប់​មក​មាន​ស្អី​ផ្សេង​ទៀតៗ ហូរហែរ​ ដូច្នោះ​មិនមែន​ជា​លើកទី១​ ជា​រឿង​ដដែលៗ។​ រឿង​មួយ​ទៀត​ ខ្ញុំ​ទទួល​ព័ត៌មាន​ គេ​តេ​ មកសួរ​ច្រើន​ ​គេថា​ព័ត៌មាន​ហ្នឹង​គឺ​កំពុងតែ​ពុះកញ្ជ្រោល​ខ្លាំង​ ​ខ្ញុំ​ថា​ ពុះ​កញ្ជ្រោល​តែ​កន្លែង​ដែល​ពុះ​កញ្ជ្រោល​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ធ្វើ​ការ​ធម្មតា​ដដែល​ ​ហើយ​ការងារ​នៅ​តែទៅ​មុខ​ដដែល​ ​បាទ​!»។​

ក្នុង​ខ្សែ​អាត់​ ​សន្ទនា​មួយ​ដែល​គេ​ចែក​ចាយ​ ក្នុង​បណ្តាញ​ហ្វេស​ប៊ុក​ ​ស្ត្រី​ម្នាក់​ឈ្មោះ​ «អាមុំ» ​ដែល​មាន​អះ​អាង​ខ្លួន​ជា​ស្រី​កំណាន់​លោក​ កឹម សុខា​នោះ​ ​បាន​ចោទ​លោក​ កឹម សុខា​ ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជា​មួយ​ ធី សុវណ្ណថា ​និង​បាន​ទិញ​រថយន្ត​ទំនើប​ឲ្យ​នាង​ផង​ដែរ។​ តប​និង​ការ​ចែក​ចាយ​ នាង​ ធី សុវណ្ណថា​ ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ដើម្បី​ស្វែង​រក​ម្ចាស់​សំឡេង​និង​ ​អ្នក​បង្ហោះ​សំឡេង​នោះ​ផង​ដែរ។​

VOA ​មិន​អាច​ទំនាក់​ទំនង​នាង​ ធី សុវណ្ណថា​ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​នោះ​ទេ​នា​ថ្ងៃ​ពុធ​នេះ។

លោក​ កែម ឡី ​អ្នកស្រាវជ្រាវ​និង​វិភាគ​សង្គម​ ​យល់​ថា​ ​វា​ពិបាក​ក្នុង​ការ​ ​កំណត់​ពី​ការ​ពិត​ចំពោះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​ចែកចាយ​តាម​បណ្តាញ​ ​សង្គម​ហ្វេសប៊ុក​នោះ​ ហើយ​លោក​ក៏​ យល់​ថា​នេះ​ជា​ ល្បិច​ខ្មៅ​កខ្វក់​ដើម្បី​កេង​ចំណេញ​នយោបាយ​មុនពេល​ការ​បោះឆ្នោត​ខាង​មុខ។​

«ខ្ញុំ​មើល​ទម្រង់​នយោបាយ​នៅ​ស្រុក​ខែ្មរ​គឺ​គេ​ហៅ​ «Dirty Politics​ ​ទម្រង់​នយោបាយ​អាក្រក់» ​ហ្អា​! ក្រៅ​ពីធ្វើ​រដ្ឋប្រហារ​ ​ក្រៅ​សម្លាប់​ក្រៅ​ប្រព័ន្ធ​នយោបាយ​ ក្រៅពី​ចាប់​ដាក់​ពន្ធនាគារ​ ​ក្រៅ​ពី​គំរាម​កំហែង​ ក្រៅ​ពី​ការ​ប្រើប្រាស់​ពាក្យ​អសីលធម៌​ គឺ​ទម្រង់​នយោបាយ​មួយ​ទៀត​ ​អាក្រក់​ទៀត​គឺ​ព្យាយាម​កកូ​កកាយរឿង​បុគ្គល​ច្រើន។​ ខ្ញុំមើល​ទៅ​គឺ​វា​ ពិបាក​ណាស់»។​

អ្នក​វិភាគ​ដដែល​យល់​ថា​ប្រសិន​បើ​មាន​ការ​លួច​ថត​សំឡេង​និង​តាម​ដាន​ឯកជនភាព ​តាម​ទូរស័ព្ទ​បែប​នេះ​គឺ​ជា​រឿង​ខុស​ច្បាប់​និង​ ​«អសីលធម៌​»​ ​មួយ​ដែល​គួរ​ត្រូវ​បាន​ ​ចាប់​មក​ផ្តន្ទា​ទោស​ ​តាម​ច្បាប់។​

ការ​ចែក​ចាយ​សំឡេង​ ​ដែល​ចោទ​ថា​ជា​សំឡេង​របស់​លោក​ កឹម សុខា​ និង​នារី​វ័យ​ក្មេង​តាម​ហ្វេសប៊ុក​នេះ​ ​កើត​មាន​ឡើង​មិន​ប៉ុន្មាន​ខែ​បន្ទាប់​ពី​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ​រង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់។​ ​ក្នុង​នោះ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​នេះ​ ​ត្រូវ​បាន​គេ​វាយ​ដំ​នៅ​មុខ​ស្ថាប័ន​របស់​ខ្លួន​ ​ហើយ​ប្រធាន​ស្តី​ទី​គណបក្ស​ដដែល​គឺ លោក​ កឹម សុខា​ ​ត្រូវ​បាន​សភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋសភា៕

XS
SM
MD
LG