គណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាបានស្នើសុំឱ្យអ្នកគាំទ្របញ្ឈប់ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថអ្នកដឹកនាំប្រទេសតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបង្កើនការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រតាមបណ្តាញសង្គម។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថាការជេរប្រមាថបានធ្វើឲ្យសង្គមខ្មែរ ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវភាពថ្លៃថ្នូរ បាត់បង់កិត្យានុភាពជាតិក្នុងពេលកន្លងមក។ នេះបើយោងទៅតាម លិខិតរបស់គណបក្សសង្គ្រោះជាតិចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធកន្លងទៅនេះ។
នេះជាការស្នើលើកទីពីររបស់មេដឹកនាំ គណបក្សប្រឆាំង ពីព្រោះកាលពីចុងខែធ្នូកន្លងមកនោះ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបញ្ឈប់សកម្មភាពជេរប្រមាថ ដែលលោក អះអាងថាបានធ្វើឲ្យខូចប្រយោជន៍ប្រជាជាតិខ្មែរ។
លិខិតរបស់ គណបក្សសង្គ្រោះជាតិ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ចុះថ្ងៃទី១៣ខែមករា ឆ្នាំ២០១៦ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ សូមអំពាវនាវសារជាថ្មី ដល់ក្រុមដឹកនាំ សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់ រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិៈគន់តាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីស្វែងរកនូវការផ្សះផ្សាជាតិ និងឯកភាពជាតិ»។
លិខិតនោះបន្តទៀតថា៖ «គណបក្សសង្គ្រោះជាតិ សូមរំឮកថា គុណតម្លៃដែលបានកំណត់ដោយគណបក្សសង្គ្រោះជាតិ គឺការលើកស្ទួយ គោរព និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។ គោលដៅដែលចង់បាន គឺរក្សាសន្តិភាព រក្សាស្ថិរភាព នយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា។ គោលការណ៍ដែលប្រកាន់ ខ្ជាប់ឥតងាករេរបស់គណបក្សសង្គ្រោះជាតិ រួមមាន សន្តិវិធី អហិង្សា សីលធម៌ សុជីវធម៌ គុណធម៌ ខ្មែរតែមួយ មិនគុំគួនសងសឹង មិនយកខ្មែរណាជាសត្រូវ»។
ការស្នើមិនឲ្យមានការជេរប្រមាថ ពីលោក កឹម សុខា ត្រូវបានធ្វើឡើងផងដែរ បន្ទាប់កិច្ចប្រជុំសភាពេញអង្គធ្វើឡើងកាលពីថ្ងៃពុធ ដែលក្នុងពេលនោះ លោក ត្រូវបាន អ្នកតំណាងរាស្ត្រក្នុងកិច្ចប្រជុំនោះ មើលឃើញថា បានជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អស់រយៈពេល ប្រមាណជាជាង ៤ នាទី។ លោក ហ៊ុន សែន ធ្លាប់បានរំឮកកាលពីពេលកន្លងទៅ ថា លោកមិនសប្បាយចិត្តចំពោះការជេរប្រមាថ ណាមួយធ្វើឡើងចំពោះរូបលោក និងមេដឹកនាំឯទៀតនៃគណបក្សគ្រប់គ្រងប្រទេសនោះទេ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ វីអូអេ ថា គណបក្សប្រជាជនយល់ថា ការចេញលិខិតអំពាវនាវនេះ បានបញ្ជាក់ឲ្យដឹងពីជំហរថ្មីមួយរបស់គណបក្សប្រឆាំង ដែលមានចេតនាធ្វើឲ្យមានការសន្ទនាផ្នែកនយោបាយល្អប្រសើជាងមុន និងបញ្ចៀសការកើនឡើងកាន់តែខ្លាំងនៃកំដៅនយោបាយ។
«ខ្ញុំយល់ថាជំហរថ្មី របស់គាត់នេះគួរជាទីស្វាគមន៍ណាស់។ បើសិនណាជាគិតឃើញអញ្ចឹងតាំងពីដើមមក វាអត់មានបញ្ហាឡើងកំដៅនយោបាយទេ ឬមួយក៏វារអាក់រអួល ដល់វប្បធម៌សន្ទនាទេ។ អញ្ចឹងខ្ញុំយល់ថាគាត់គិតឃើញពីមុនមកការប្រព្រឹត្តិរបស់គាត់ ឃើញថា វាមានការខុសឆ្គង បានគាត់កែ។ ចំពោះការកែថ្មីនេះ គឺជាគំនិតរបស់ខ្ញុំផ្ទាល់គឺសុំស្វាគមន៍។ ក៏ប៉ុន្តែ គឺយើងមិនទាន់ជឿទុកចិត្តទាំងស្រុងទៅលើទ្រឹស្តីទេ។ យើងចាំមើល អំពីការអនុវត្តជាក់ស្តែង»។
លោក សុខ ឦសាន ជាអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាផងនោះ ពុំអាចឲ្យដឹងទេថា លិខិតរបស់ លោក កឹម សុខា នេះ មានទំនាក់ទំនងជាមួយនឹងការសន្ទនា រវាងប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯសភាជាតិកាលពីថ្ងៃពុធកន្លងទៅនេះ។ នៅពេលដែលVOA សួរលោក អំពីលទ្ធភាពនៃ ការចរចា ដែលអាចកើតមានរវាងគណបក្សទាំងពីរ ទាក់ទិនការដោះលែងមន្ត្រី និងសកម្មជននយោបាយរបស់ គណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ លោក សុខ ឦសាន មានប្រសាសន៍ថា គណបក្សប្រជាជន មិនបានបិទផ្លូវរបស់វប្បធម៌សន្ទនានោះទេ។ ក៏ប៉ុន្តែ លោក មិនអាច បញ្ជាក់ថា នឹងអាចមានការជួបចរចាណាមួយ ត្រូវធ្វើឡើងដើម្បីជជែកពីបញ្ហាទោសទណ្ឌនេះទេ។
លោក អ៊ូ វីរៈ ប្រធានវេទិការអនាគត បានហៅការផ្លាស់ប្តូរជំហរនៃការជេរប្រមាថរបស់ គណបក្សប្រឆាំង ថា ជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់គណបក្សនេះ។ លោក បញ្ជាក់ថា ៖
«ខ្ញុំមើលទៅបើតាមខ្ញុំដឹង គឺជាយុទ្ធសាស្ត្រមួយថ្មីរបស់គណបក្សសង្គ្រោះជាតិដែលកាត់បន្ថយការជេរប្រមាថ ប៉ុន្តែមករកធ្វើការរិៈគន់ផ្នែកគោលនយោបាយវិញ បើសិនជាករណីអញ្ចឹងមែន គឺជារឿងល្អ»។
ការចេញលិខិតរបស់គណបក្សសង្គ្រោះជាតិបានកើតឡើង នៅចំដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេដឹងថា បានបង្កើនការឃ្លាំមើលរបស់លោក ទាក់ទិនសកម្មភាពនានា ដែលបានកើតឡើង នៅលើបណ្តាញសង្គម ជាពិសេស គឺ Facebook ជាបណ្តាញសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពទាំងនោះ អាចមានជាសារសំណូមពរ ក្នុងការដោះស្រាយបញ្ហាសង្គមផ្សេងៗពីប្រជាពលរដ្ឋខ្មែរ និងព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃជាដើម។
នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានអំពាវនាវនៅលើ ទំព័រ ហេ្វសប៊ុក របស់លោក ឲ្យអ្នកប្រើទូរស័ព្ទទំនើបដែលស្រឡាញ់ពេញចិត្តលោក ទាញ យក App (iOS) ដើម្បីទទួលបានព័ត៌មានពីសកម្មភាពការងារប្រចាំថ្ងៃរបស់លោក។
លោក ហ៊ុន សែន បានសរសេរថា ៖ «មាន Appខ្ញុំ គឺនៅជិតខ្ញុំជានិច្ច និងទទួលបានព័ត៌មានអំពីខ្ញុំបានឆាប់រហ័ស។ ខ្ញុំសន្យានៅក្បែរបងប្អូនជនរួមជាតិនិងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដើម្បី ប្រទេសជាតិយើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»។
យ៉ាងណាក៏ដោយ លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ថ្លែងថា លិខិតដែលគណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកនោះ មិនមានការរងឥទ្ធិពលអ្វី ពីការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់ លោក ហ៊ុន សែននោះទេ។ លោកថា លិខិតនេះ ធ្វើឡើង សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពទូទៅទាក់ទិនការប្រើពាក្យសំដី ឬរូបភាពមិនសមរម្យដែលកំពុងកើតមានលើបណ្តាញសង្គម។
«មិនទេ។ វាជារឿងមួយដែលយើងមើលទិដ្ឋភាពទូទៅ នៅក្នុងបណ្តាញព័ត៌មាន បណ្តាញហ្វេសប៊ុក បណ្តាញ សង្គមដែលយើងសង្កេតឃើញនោះ»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ នៅតែបន្តការរិៈគន់គោលនយោបាយរបស់រដ្ឋាភិបាលដដែល។ លោកថា ការរិៈគន់នេះ មិនជាការរិៈគន់បែបបន្ទុចបង្អាក់នោះទេ តែជាការរិៈគន់បែបស្ថាបនា៕