ថ្វីបើនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅរមណីយដ្ឋានលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សភាពការណ៍នយោបាយនៅកម្ពុជានៅតែតានតឹងដដែល។ បញ្ហាដំណោះស្រាយនយោបាយរវាងគណបក្សធំៗទាំងពីរនៅតែមិនមាន ហើយលទ្ធភាពនៃការជួបជុំរវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី នៅជាចំណោទនៅឡើយ។
គម្រោងបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិកដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចាត់ទុកថា គណបក្សសង្គ្រោះជាតិជាអ្នកនៅពីក្រោយនោះ នឹងមិនជួយដល់វប្បធម៌សន្ទនារវាងគណបក្សធំៗទាំងពីរដែលមានអាសនៈនៅក្នុងសភានោះទេ។ ហើយបរទេសក៏មិនមានឥទ្ធិពលអ្វីមកលើការសម្រេចអំពីជោគវាសនាប្រទេសជាតិកម្ពុជាដែរ។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA នៅថ្ងៃសុក្រនេះថា គម្រោងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស.រ.អា.មិនមែនជាជម្រើសសម្រាប់ជំរុញវប្បធម៌សន្ទនាទេ នៅពេលដែលមេដឹកនាំគណបក្សសង្គ្រោះជាតិចង់ឲ្យមានជំនួបរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅស.រ.អា.នោះ។
លោកនិយាយថា ផែនការទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនេះជាទស្សនកិច្ចផ្លូវការ និងមានកម្មវិធីចង្អៀត ដូច្នេះលោកនាយករដ្ឋមន្ត្រីមិនអាចជួបចរចារឿងបុគ្គល គឺទាក់ទងនឹងបណ្តឹងរបស់លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ប្តឹងលោកសម រង្ស៊ីនោះទេ។
លោក សុខ ឦសាន ថ្លែងថា៖
«ខ្ញុំយល់ផ្ទាល់ខ្លួនថា សម្តេចអញ្ជើញទៅនេះក្នុងនាមប្រតិភូផ្លូវការរបស់ប្រទេសជាតិ។ អញ្ចឹងទេ ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន ខ្ញុំយល់ថា ពិបាកក្នុងការជួបគ្នា។ ហើយជាពិសេស បើមានសភាពការណ៍ល្អ អត់មានបាតុកម្មប្រឆាំងអី អាហ្នឹងមានអំណោយផលខ្លះ។ ប៉ុន្តែបើសិនជាមានបាតុកម្មប្រឆាំងគគ្រឹកគគ្រេងទេ។ អាហ្នឹងដូចជាមិនមានលទ្ធភាពជួបទេ»។
ទោះជាយ៉ាងណាក្តី លោក សុខ ឦសាន បានបន្ថែមថា បើគណបក្សសង្គ្រោះជាតិមានជំហរច្បាស់លាស់ត្រង់ទៅត្រង់មក នោះការចរចាអំពីផលប្រយោជន៍ប្រទេសជាតិអាចមាន តែមិនមែនរឿងបុគ្គលដែលលោកហៅថា «អ្នកនយោបាយមានទោស» នេះទេ។
ថ្វីបើទាំងលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិប្រកាសថា គណបក្សនេះមិនទាក់ទងនឹងគម្រោងបាតុកម្មប្រឆាំងលោក ហ៊ុន សែន ក៏ដោយ ក៏អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅតែចាត់ទុកថា គណបក្សប្រឆាំងនេះនៅពីក្រោយគម្រោងបាតុកម្មនោះ។
«យើងនិយាយរឿងនយោបាយផង ជាមនោសញ្ចេតនាផង បើថាប្រឆាំង ហើយស្រែកវេកវូក ជេរចុះជេរឡើង ហើយទៅសុំជួបចរចា អាហ្នឹងវាអត់មានទេ។ អាហ្នឹងគេមិនអាចចាប់ដៃជាន់ជើង ឬស៊ីញ៉េនឹងដៃ លុបនឹងជើងទេ»។
នៅថ្ងៃសុក្រនេះ VOA បានព្យាយាមទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិតែមិនអាចទាក់ទងបាន។ ប៉ុន្តែក្រោយពីជំនួបរវាងលោក កឹម សុខា និងលោកឯកអង្គរដ្ឋទូតស.រ.អា. William Heidt កាលពីថ្ងៃច័ន្ទ លោក យ៉ែម បុញ្ញឫទ្ធ ប្រាប់អ្នកយកព័ត៌មានថា គណបក្សសង្រ្គោះជាតិមិនមែនជាអ្នករៀបចំបាតុកម្មនៅស.រ.អា.ប្រឆាំងលោក ហ៊ុន សែន ទេ ហើយគណបក្សនេះមិនមានលទ្ធភាពរារាំងបាតុកម្មនោះទេ។
«យើងមានការសោកស្តាយដោយសារមានការចែកមិនដាច់ថា អ្វីទៅជាស្ថាប័ន ជាគោលការណ៍ ហើយអ្វីទៅជាបុគ្គល។ ដូច្នេះយើងចង់ឲ្យមានការយល់ជាលក្ខណៈស្ថាប័ន និងជាបុគ្គលឲ្យបានពិតប្រាកដ ច្បាស់លាស់បាទ»។
ក្រោយពីបានជួបសកម្មជននយោបាយ១៥នាក់ដែលជាប់ពន្ធនាគារនៅព្រៃសកាលពីថ្ងៃព្រហស្បតិ៍ លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាប់អ្នកយកព័ត៌មានថា ការចរចានយោបាយអាចជួយឲ្យមានការដោះលែងពួកគេ ដែលលោកហៅថា ជាអ្នកទោសនយោបាយ។
«ខ្ញុំយល់ថា អាចដោះបាន ពីព្រោះនៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យវប្បធម៌សន្ទនានេះគឺជាស្នូល ជាបេះដូងបាទ»។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន៧នាក់បានសរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជាអនុញ្ញាតឱ្យសមាជិកសភាគណបក្សប្រឆាំងបានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការកាត់ទោស។
នៅថ្ងៃសុក្រនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានទទួលអ៊ីមែលនៃលិខិតរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ តែលិខិតនោះមិនមានលក្ខណៈផ្លូវការ ហើយមន្ត្រីរដ្ឋាភិបាលមិនអានទេ ព្រោះគ្មានសារៈសំខាន់។
«អ្វីដែលខ្ញុំឮនេះ គឺមិនមែនទៅតាមការមើលសំបុត្រនោះទេ គឺឮតាមព័ត៌មានផ្សព្វផ្សាយដោយសមាជិកព្រឹទ្ធសភា។ ប៉ុន្តែអ្វីដែលជាក់ស្តែងនៅក្នុងសំបុត្រ យើងអត់បានមើល។ យើងអត់បានដឹងទេ ព្រោះគ្មានប្រយោជន៍អី ទាំងបែបបទ ការមិនឆ្លើយតបរបៀបរដ្ឋបាល ហើយទាំងខ្លឹមសារដែលយើងឮតាមព័ត៌មាន ដូចជាមិនមានប្រយោជន៍អីយកមកពិចារណាទេ បាទ»។
លោក សុខ ឦសាន ថ្លែងថា លិខិតរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន៧នាក់ ចុះថ្ងៃទី១១ ខែកុម្ភៈ នោះ គឺតំណាងឲ្យសំឡេងភាគតិច ហើយបើតាមព័ត៌មាន លិខិតនោះបង្កប់ន័យអាណានិគម។
ទាក់ទងអន្តរាគមន៍របស់បរទេសសម្រាប់ដំណោះស្រាយនយោបាយកម្ពុជា លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA ថា ខ្មែរជាអ្នកសម្រេចអំពីនយោបាយនិងជោគវាសនាប្រទេសជាតិ រីឯបរទេសគ្រាន់តែអ្នកសាក្សីប៉ុណ្ណោះ។
នៅមុខពន្ធនាគារព្រៃស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានជួបសកម្មជននិងអ្នកនយោបាយទាំង១៥នាក់ដែលជាប់ពន្ធនាគារ ហើយពួកគេមានជំហររឹងមាំ តែអ្នកខ្លះមានសុខភាពទ្រុឌទ្រោម៕