ជ័យជម្នះរបស់លោកស្រី Karen Handel លើលោក Jon Ossoff អាយុ៣០ឆ្នាំខាងគណបក្សប្រជាធិបតេយ្យដែលជាគូប្រកួតប្រជែងរបស់លោកស្រីត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃបំផុតក្នុងការប្រកួតប្រជែងសភានៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ដោយបានចំណាយប្រាក់ប្រហែល៥០លានដុល្លារដោយយុទ្ធនាការនិងសម្ព័ន្ធមិត្តរបស់គណបក្សទាំង២។
លោកស្រី Handelថ្លែងអំណរគុណប្រធានាធិបតីត្រាំនិងមេដឹកនាំគណបក្សសាធា រណរដ្ឋផ្សេងទៀតនៅក្នុងសុន្ទរកថាជ័យជម្នះរបស់លោកស្រី បន្ទាប់មកនិយាយពីការបាញ់ប្រហារកាលពីសប្តាហ៍មុនទៅលើលោកSteve Scalise សមាជិកសភាតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋដើម្បីអង្វករឲ្យមានការកាត់បន្ថយកំហឹងខាងនយោបាយនៅក្នុងប្រទេស។ លោកស្រី Karen Handel សមាជិកសភាតំណាងរាស្រ្តដែលទើជាប់ឆ្នោតបាននិយាយថា៖ «យើងក៏ចាំបាច់លើកដំកើងប្រទេសនេះដែរ។ យើងអាចស្វែងរកតាមវិធីស៊ីវិលច្រើនជាងដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់យើង។ ពីព្រោះនៅក្នុងសហរដ្ឋអាមេរិក គ្មានមនុស្សណាម្នាក់គួរមានអារម្មណ៍ថា ជីវិតរបស់គេទទួលរងការគំរាមកំហែងដោយសារជំនឿនិងតួនាទីនយោបាយរបស់ខ្លួនទេ»។
ការបោះឆ្នោតពិសេសបណ្តាលមកពីការលាចេញពីដំណែងរបស់លោក Tom Price កាលពីខែកុម្ភៈបន្ទាប់ពីលោកប្រធានាធិបតីត្រាំបានជ្រើសរើសលោកឲ្យដឹកនាំក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស។
ពួកគណបក្សសាធារណរដ្ឋបានត្រួតត្រាស្រុកនៅក្នុងទីក្រុង Atlantaនេះ ចាប់តាំងពីលោកNewt Gingrich អតីតប្រធានសភាតំណាងរាស្រ្តបានឈ្នះឆ្នោតលើកដំបូងនៅក្នុងស្រុកនោះកាលពីឆ្នាំ១៩៧៩។ ក៏ប៉ុន្តែ ពួកគណបក្សប្រជាធិបតេយ្យជឿជាក់ថា ពួកគេអាចទទួលបានជោគជ័យ នៅពេលដែលប្រធានាធិបតីត្រាំកំពុងធ្លាក់ចុះប្រជាប្រីយ៌ភាពយ៉ាងរហ័ស ហើយជាការពិតលោកត្រាំបានទទួលជ័យជម្នះលើលោកស្រី Hillary Clinton តែមួយភាគរយនៅក្នុងស្រុកនោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំទៅ។ លោក Todd Rehm ជាអ្នកយុទ្ធសាស្រ្តខាងគណបក្សសាធារណរដ្ឋថ្លែងថា៖«សម្រាប់លោក Jon Ossoff ដើម្បីឈ្នះគឺទាល់តែស្រុកនោះមិនមែនជាកន្លែងស្នូលរបស់គណបក្សសាធារណរដ្ឋ។ នេះជាស្រុករបស់ពួកគណបក្សសាធារណរដ្ឋ មិនមែនមានអ្នកគាំទ្រគណបក្សសាធារណរដ្ឋ៥០ភាគរយនិងពួកគណបក្សប្រជាធិបតេយ្យ៥០ភាគរយទេ»។
ពួកគណបក្សប្រជាធិបតេយ្យបានទទួលការលើកទឹកចិត្តបន្ទាប់លោក Ossoff បានទទួលជ័យជម្នះក្នុងការបោះឆ្នោតពិសេសកាលពីខែមេសាក៏ប៉ុន្តែមិនបានគ្រប់ចំនួន៥០ភាគរយដើម្បីបញ្ចៀសការបោះឆ្នោតជុំទី២។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានទាក់ទាញក្រុមស្ម័គ្រចិត្តខ្លាំងៗហើយបានរៃអង្កៀសប្រាក់រាប់លានដុល្លារពីពួកគណបក្សប្រជាធិបតេយ្យនៅទូទាំងប្រទេស។ លោក Jon Ossoff បេក្ខជនសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «យើងបានបង្ហាញពួកគេពីអ្វីដែលជាសមត្ថភាពនៃសេចក្តីក្លាហាន មនុស្សជាតិនិងការដាក់ខ្លួន។ យើងចង់បង្ហាញពួកគេថា យើងនៅតែអាចស្ថាបនាក្រុមមនុស្សចម្រុះដែលប្រហែលជាមិនយល់ស្របគ្នា ក៏ប៉ុន្តែជាជាងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា យើងអាចស្វែងរកមូលហេតុរួមដើម្បីឆ្ពោះទៅមុខ ហើយនេះជាមធ្យោបាយតែមួយគត់ដែលអាចឲ្យប្រទេសនេះបោះជំហានទៅមុខ»។
លោកប្រធានាធិបតីត្រាំបានអបអរសាទរជ័យជម្នះ៦ពិន្ទុរបស់លោកស្រី Handel នៅក្នុងសារតាមប្រព័ន្ធTwitterបន្ទាប់ពីលទ្ធផលបានប្រកាសជាផ្លូវការ។ គណបក្សសាធារ ណរដ្ឋ ឥឡូវនេះបានឈ្នះការប្រកួតប្រជែងការបោះឆ្នោតពិសេស៤នៅឆ្នាំនេះរួមមានការបោះឆ្នោតប្រកៀកប្រកិតគ្នាលើកទី២កាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ South Carolina។ ពួកគណបក្សសាធារណរដ្ឋនៅតែរក្សាការត្រួតត្រាអាសនៈភាគច្រើននៅក្នុងសភាតំណាងរាស្រ្តដោយមានអាសនៈលើសគណបក្សប្រជាធិបតេយ្យចំនួន៤៥ ក៏ប៉ុន្តែ ចំនួននោះអាចមានភាពគ្រោះថ្នាក់ ប្រសិនបើភាពចម្រូងចម្រាសរបស់ប្រធានាធិបតីត្រាំបន្តរីកកាន់តែធំឡើងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន