កាលពីថ្ងៃអង្គារ លោកស្រី karen Handel ខាងគណបក្សសាធារណរដ្ឋបានឈ្នះនៅក្នុងការបោះឆ្នោតសភាពិសេសមួយនៅក្នុងរដ្ឋ Georgia នាផ្នែកខាងត្បូងស.រ.អា.ដោយអនុញ្ញាតឱ្យគណបក្សលោកស្រីកាន់កាប់អាសនៈដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងហើយបានបដិសេធឱកាសមួយមិនឱ្យគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំង។
ការប្រកួតប្រជែងរវាងលោកស្រី Handel និងលោក Jon Ossoff ដែលជាគូប្រជែងរបស់លោកស្រីខាងគណបក្សប្រជាធិបតេយ្យជាការផ្តោតការយកចិត្តទុកដាក់ធំមួយសម្រាប់គណបក្សទាងពីរនេះ បណ្តាលឱ្យមានចំណាយ៥០លានដុល្លារក្នុងការឃោសនាបោះឆ្នោតនៅក្នុងអ្វីដែលជាការប្រកួតប្រជែងដណ្តើមកៅអីក្នុងសភាអស់សោហ៊ុយច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រស.រ.អា.។
លោកស្រី Handel បានឈ្នះឆ្នោតទទួលសន្លឹកឆ្នោតគាំទ្រប្រមាណ៥៣ភាគរយហើយលោក Ossoff មានសន្លឹកឆ្នោតទ្រទ្រង់៤៧ភាគរយ។
ការប្រកួតប្រជែងនេះមានភាពតឹងតែងជាងការបោះឆ្នោតកាលពីខែវិច្ឆិកាមុនដែលអាសនៈដដែលនេះបានត្រូវដាក់ឱ្យមានការបោះឆ្នោតហើយលោក Tom Price ខាងគណបក្សសាធារណរដ្ឋបានទទួលជ័យជម្នះ២៣ភាគរយ។ លោក Price បានចុះចេញពីតំណែងសមាជិកសភាតំណាងរាស្ត្រអាមេរិកាំងនៅពេលប្រធានាធិបតី Donald Trump បានជ្រើសរើសលោកឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស៕