ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Tillerson​ ការពារ​ការ​កាត់​បន្ថយ​ថវិកា​ផ្នែក​ការទូត​និង​ជំនួយ​បរទេស


លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson កំពុង​ស្តាប់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វាស៊ីនតោន កាល​ពី​ថ្ងៃទី​១២ ខែ​មិថុនា។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Rex Tillerson កំពុង​ស្តាប់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វាស៊ីនតោន កាល​ពី​ថ្ងៃទី​១២ ខែ​មិថុនា។

សំណើ​ថវិកា​ចាយ​វាយ​សម្រាប់​ឆ្នាំ ​២០១៨ របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ នឹង​កាត់​បន្ថយ​ថវិកា​ចំណាយ​សម្រាប់​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ ​USAID​ ជិត​មួយ​ភាគ​បី​នៃ​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ ២០១៧ នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson បាន​និយាយ​ថា ថវិកា​ចំណាយ​សម្រាប់​ទីភ្នាក់ងារ​ទាំង​ពីរ​នេះ​មាន​ការ​កើន​ឡើង​ចំនួន​៦០​ភាគរយ កាល​ពី​ទសវត្សរ៍​មុន ដែល​កើន​រហូត​ដល់​ចំនួន ៥៥.៦០០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ។

លោក Tillerson បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដោយ​ទទួល​ស្គាល់​ថា អត្រា​បង្កើន​ថវិកា​ចំណាយ​មិន​មាន​ចិរភាព សំណើ​ថវិកា​ឆ្នាំ ២០១៨ នេះ មាន​គោល​បំណង​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​បេសកកម្ម​ចម្បងៗ​របស់​ក្រសួង​ការបរទេស ដោយ​មាន​កម្រិត​ចំណាយ​ថវិកា​មួយ​ដែល​មិន​ដែល​មាន​ពី​មុន​មក»។

រដ្ឋបាល​របស់​លោក Trump បាន​ស្នើ​ឲ្យ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​យោធា និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផ្នែក​ជំនួយ​បរទេស និង​ការទូត​ចំនួន ៣២ ភាគរយ។ លោក Eliot Engel ដែល​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ ​New York ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ពណ៌នា​ថា ថវិកា​ដែល​បាន​ស្នើ​ឡើង​នេះ គឺ​ជា​ការ​ធ្វេស​ប្រហែស​ដ៏​ខ្លាំង​បំផុត ដែល​លោក​មិន​ដែល​បាន​ឃើញ​កន្លង​មក។

លោក Engel បាន​និយាយ​ថា៖ «បញ្ហា​លំបាក​មួយ​ចំនួន​នៃ​សំណើ​ថវិកា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ខាង​មុខ ប្រសិនបើ​យើង​បរាជ័យ​ក្នុង​ការ​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​ការទូត និង​ការ​អភិវឌ្ឍន៍​នា​ពេល​ឥឡូវ​នេះ។ ជម្លោះ​នានា​ដែល​យើង​មិន​បាន​រារាំង​នឹង​ត្រឡប់​មក​រក​យើង​វិញ​ក្នុង​លក្ខណៈ​ជា​សង្គ្រាម​ដែល​យើង​ចាំបាច់​ត្រូវ​ប្រយុទ្ធ​ជាមួយ»។

លោក Engel បាន​ដកស្រង់​សម្ដី​របស់​លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ South Carolina មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ប្រាប់​លោក Tillerson កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា កន្លង​ទៅ​នេះ​ថា ការ​កាត់​បន្ថយ​ថវិកា​ចំណាយ​ដែល​បាន​ស្នើ​ឡើង​សម្រាប់​ក្រសួង​ការបរទេស​នេះ អាច​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​នានា។

នៅ​ឯ​សវនាការ​ផ្ដល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា លោក Graham ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​ដក​យក​មក​វិញ​នូវ​ជំនួយ​បរទេស​ពី​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​នានា គឺ​ជា​ការ​ជួយ​ជ្រោម​ជ្រែង​បន្ថែម​ដល់​ការ​ឃោសនា​របស់​ពួក​ភេរវករ​ទៅ​វិញ​ទេ។

លោក Graham បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពួក​ភេរវករ​ចង់​បាន​ដូច្នេះ។ ពួក​ភេរវករ​មិន​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ និង​ការ​អប់រំ​ផ្សេងៗ​នោះ​ទេ។ បើ​ផ្អែក​លើ​ទស្សនៈ​របស់​ពួក​ភេរវករ​វិញ ចំណុច​នេះ​គឺ​ជា​ឧបករណ៍​ដែល​ពួកគេ​ប្រើ​សម្រាប់​ជ្រើស​រើស​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្រុម​របស់​ពួកគេ‍»។

សមាជិក​សភា​នានា ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​កាត់​បន្ថយ​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក អាច​នឹង​ប៉ះពាល់​ដល់​តួនាទី​ជា​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក។

ប៉ុន្តែ លោក Tillerson បាន​អះអាង​ថា កម្រិត​ចំណាយ​ថវិកា​គឺ​មិន​មែន​ជា​កត្តា​សំខាន់​បំផុត នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក Tillerson បាន​និយាយ​ថា៖ «ទោះបីជា​មាន​ការ​កាត់​បន្ថយ​ថវិកា​ចំណាយ​ក៏​ដោយ ក៏​យើង​នឹង​នៅតែ​បន្ត​ធ្វើ​ជា​មេដឹកនាំ​នៅ​ក្នុង​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ សុខភាព​សាកលលោក ការទូត និង​គំនិត​ផ្ដួចផ្ដើម​ផ្នែក​អភិបាល​កិច្ច​ល្អ និង​កិច្ច​ប្រឹងប្រែង​មនុស្សធម៌​ដដែល»។

លោក Tillerson បាន​និយាយ​ថា សំណើ​ថវិកា​ឆ្នាំ ២០១៨ ក្នុង​ទឹក​ប្រាក់​ចំនួន ៣៧ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង និង​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ថវិកា​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំង​នេះ ពោរពេញ​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG