កាលពីថ្ងៃពុធ សមាជិកមួយក្រុមនៃគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងមួយដើម្បីចោទប្រកាន់លោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពីបទមានកិរិយាមិនត្រឹមត្រូវនិងមិនបានចែកចាយឱ្យបានគ្រប់គ្រាន់នូវព័ត៌មានទាក់ទិននឹងការស៊ើបអង្កេតរបស់លោកស្មាក្តីពិសេសអំពីឥទ្ធិពលរុស្សីក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦។
លោក Rosenstein បានមើលការខុសត្រូវលើការស៊ើបអង្កេតនេះពីព្រោះចៅហ្វាយនាយលោកនៅក្នុងក្រសួងយុត្តិធ៌មគឺលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Jeff Sessions បានដកខ្លួនថយចេញពីការស៊ើបអង្កេតនេះ។លោក Rosenstein បានតែងតាំងលោក Robert Mueller អតីតនាយក FBI ឱ្យកាន់តំណែងជាស្មាក្តីពិសេសហើយរហូតមកដល់ថ្ងៃនេះក្រុមរបស់លោក Mueller បានចោទប្រកាន់មនុស្ស៣២នាក់ហើយដោយមានជនមួយចំនួនដែលបានធ្វើការក្នុងក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump ផងដែរ។
លោក Trump និងពួកសម្ព័ន្ធមិត្តរបស់លោកបានរិះគន់ច្រើនដងដល់ការស៊ើបអង្កេតនេះថាជា«ការតាមធ្វើទុក្ខបុកម្នេញ» ហើយលោកTrump បានបដិសេធថាពួកអ្នកឃោសនាបោះឆ្នោតឱ្យលោកមិនបានឃុបឃិតជាមួយប្រទេសរុស្សីដើម្បីជួយលោកឱ្យបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ទេ។ ស្ត្រីអ្នកនាំពាក្យនៃក្រសួងយុត្តិធ៌មបាននិយាយប្រាប់ VOA ថាក្រសួងអ្នកស្រីគ្មានអត្ថាធិប្បាយអំពីអត្ថបទនៃការចោទប្រកាន់ប្រឆាំងនឹងលោកRosensteinទេ៕