លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសុំឲ្យលោក Michael Flynn ចុះចេញពីតំណែងតែប៉ុន្មានម៉ោងបន្ទាប់ពីសន្និសីទកាសែតរួមគ្នាមួយកាលពីថ្ងៃច័ន្ទ។ រដ្ឋបាលរបស់លោកត្រាំ បានវាយតម្លៃលោកទីប្រឹក្សាសន្តិសុខជាតិអស់រយៈពេលជាច្រើនសប្តាហ៍។
បញ្ហាជាក់លាក់គឺអំពីហេតុអ្វីបានជាលោក Flynn បំភ័ណ្ឌលោកអនុប្រធានាធិបតី Mike Pence អំពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកកាលពីខែធ្នូឆ្នាំទៅ។ លោក Sean Spicer អ្នកនាំពាក្យសេតវិមានបាននិយាយថា៖ «យើងបានសម្រេចចិត្ត មិនមែនផ្អែកលើបញ្ហាច្បាប់ទេ ក៏ប៉ុន្តែ ផ្អែកលើការទុកចិត្ត ដែលកម្រិតនៃការទុកចិត្តរវាងលោកប្រធានាធិបតី និងឧត្តមសេនីយ៍ Flynn បានធ្លាក់ចុះទៅដល់ចំណុចមួយដែលលោកប្រធានាធិបតីគិតថា លោកត្រូវតែធ្វើការផ្លាស់ប្តូរ»។
លោក Flynn កាលពីដំបូងបានអះអាងថា លោកមិនបាននិយាយជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទេ។
ក៏ប៉ុន្តែ កាលពីចុងខែមករា ក្រសួងយុត្តិធម៌បានប្រាប់សេតវិមានថា លោក Flynn បាននិយាយជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ហើយមានបញ្ហាច្រើនទៀត ក៏ប៉ុន្តែ អ្នកនាំពាក្យ Spicer មិនបាននិយាយលម្អិតទេ។
«កម្រិតនៃការវិវឌ្ឍ និងការបាត់បង់ការទុកចិត្តដោយសារស្ថានភាពនេះ ហើយនិង រឿងមន្ទិលសង្ស័យឯទៀតជាអ្វីដែលបាននាំឲ្យលោកប្រធានាធិបតីសុំឲ្យឧត្តមសេនីយ៍ Flynn លាចេញពីតំណែង»។
សេតវិមានបាននិយាយថា ទីប្រឹក្សារបស់ខ្លួនមិនបានរកឃើញអ្វីខុសទេហើយថា ប្រធានាធិបតីត្រាំ មិនបានដឹងពីការពិភាក្សារបស់លោក Flynn ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីអំពីការដាក់ទណ្ឌកម្ម។
លោក Flynn បានត្រូវគេរិះគន់ចំពោះការទាក់ទងដ៏ជិតស្និទ្ធរបស់លោកទៅនឹងប្រទេសរុស្ស៊ី និងប្រធានាធិបតី Vladimir Putin។
សមាជិកសភាខ្លះរបស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ។ អ្នកយកព័ត៌មានសួរថា៖ «តើគួរមានការស៊ើបអង្កេតដែរឬទេ?»។ លោក Peter King តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋបានឆ្លើយថា៖ «ខ្ញុំគិតថា មានសំណួរច្រើនទៀត។ យើងត្រូវរង់ចាំមើលសិន។ ប្រសិនបើមានការស៊ើបអង្កេតផ្លូវការ ខ្ញុំដឹងថា សហគមន៍ស៊ើបការណ៍សម្ងាត់នឹងពិនិត្យមើលបញ្ហាទាំងនេះដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី»។
លោក Charlie Dent តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «ទស្សនៈរបស់ខ្ញុំតាំងពីដើមមកគឺថា រដ្ឋបាលនេះមានភាពកក់ក្តៅ និងសម្របសម្រួលខ្លាំងពេកជាមួយរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី Putin កំពុងព្យាយាមបំបែកអង្គការអូតង់។ លោក Putin កំពុងព្យាយាមផ្តួលរំលំសហភាពអឺរ៉ុប។ លោក Putin ចង់ធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យទន់ខ្សោយ»។
សេតវិមាន និយាយថា ខ្លួនប្រកាន់ជំហរតឹងរ៉ឹងជាមួយរុស្ស៊ី។ អ្នកនាំពាក្យសេតវិមាន Sean Spicer និយាយថា៖ «លោកប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថា រដ្ឋាភិបាលរុស្ស៊ី នឹងបន្ធូរបន្ថយអំពើហិង្សានៅក្នុងប្រទេសអ៊ុយក្រែន ហើយនិងប្រគល់តំបន់ Crimeaទៅឲ្យអ៊ុយក្រែនវិញ។ នៅពេលជាមួយគ្នានោះដែរ លោកប្រធានាធិបតីរំពឹងយ៉ាងពេញទំហឹង និងចង់ឲ្យត្រូវរ៉ូវគ្នាជាមួយរុស្ស៊ី»។
លោកប្រធានាធិបតីត្រាំ ឥឡូវនេះ កំពុងពិនិត្យមើលបេក្ខជន៣នាក់ដើម្បីជំនួសលោក Flynn។
ខណៈនោះដែរ ពួកមេដឹកនាំព្រឹទ្ធសភា និយាយថា គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ នឹងចាប់ផ្តើមស៊ើបអង្កេតដើម្បីស្វែងរកអ្វីដែលបានកើតឡើង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន